កម្មវិធី Miss Grand Cambodia 2022 ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ឃើញថា បានធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើន បានសម្តែងប្រតិកម្មមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង។
អ្វីដែលមហាជនមិនពេញចិត្តនោះ គឺទី១-ត្រង់ឈុតដ៏មហាហួសចិត្តបង្អួតល្បែងសុីសង «បៀរ» និង «អាប៉ោង» ពីមុខរូបប្រាសាទអង្ករយ៉ាងមោទនភាព ដើម្បីតំណាងឲ្យក្រុងល្បែងប៉ោយប៉ែត និងក្រុងបាវិត ដែលផ្ទុយពីការយកវប្បធម៌ ប្រពៃណីខ្មែរ មកលើកដំកើង។
ទី២-គឺឈុតបង្ហាញភាពស្រើបស្រាល (ប៊ីគីនីមិនចំប៊ីគីនី) ពោលគឺស្លៀកលេចលើលេចក្រោមមានចេតនាបញ្ចេញតំបន់ «កេរ្តិ៍ម៉ែ» ល្វែងខាងក្រោមសឹងតែបង្ហាញលើគោកតែម្តង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វប្បធម៌ ប្រពៃណីដ៏ល្អរបស់ខ្មែរ ពិសេស កិត្តិយសរបស់ស្រ្តីខ្មែរ។
ជាក់ស្តែង ឈុតលេចល្វែងក្រោម ដែលតំណាងឲ្យខេត្តស្ទឹងត្រែង បានធ្វើឲ្យមហាជន ជាពិសេសប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ផ្ទុះប្រតិកម្មយ៉ាងខ្លាំង រហូតរដ្ឋបាលខេត្តចេញលិខិតឆ្លើយតបទៅនឹងឈុតសិចសុីដ៏ជ្រុលហួសហេតុនេះ និងឲ្យផលិតកម្មមហាហង្ស ដែលបង្កើតកម្មវិធីនេះឡើង ត្រូវធ្វើការសុំទោសជាសាធារណៈ ដល់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងមូល ព្រោះថា សម្លៀកបំពាក់ប្រពៃណីនៅមូលដ្ឋាននៃខេត្ត មិនមែនស្រើបស្រាលឆ្គួតឡប់បែបនេះឡើយ។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺបន្ទាប់រដ្ឋបាលខេត្តស្ទឹងត្រែងចេញលិខិតឲ្យធ្វើការសុំទោស ស្រាប់តែពេលនេះ កម្មវិធី Miss Grand បានឆ្លើយតបទៅវិញ ផ្ទុយទៅនឹងការទទួលស្គាល់កំហុសឆ្គង តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយភ្ជាប់រូបភាពបរវកញ្ញាផ្សេងគ្រងឈុតស្រស់ផូរផង់ រួចពោលពាក្យបែបនេះថា៖ «តើត្រូវសុំទោសយ៉ាងម៉េចទៅ បើឈុតនេះមិនមានអីខុសផង!»។
ក្រោយឃើញកម្មវិធី Miss Grand ពោលពាក្យបែបនេះ បានធ្វើឲ្យមហាជនសម្តែងការហួសចិត្ត និងដាក់ឲ្យថា៖ «ដឹងហើយឮហើយតែធ្វើល្ងង់ សរសេរបែបគ្មានកំហុស មិនទទួលស្គាល់កំហុស បើអ្នកឯងនៅរឹងទទឹងចង់ឈ្នះចិត្តមហាជនវាមិនងាយទេ កុំភ្លេចថាមានអ្នកគាំទ្រនេះហើយ បានកម្មវីធីរបស់អ្នកឯងល្បី, បើស្លៀកឆ្កួតចឹងមិនគេប្រតិកម្ម កម្មវិធី Miss ធ្វើខុសហើយមិនទទួលស្គាល់កំហុសទៀត នៅមានអាលើកអាប៉ោង លើកសន្លឹកបៀរទៀត អ្នកដឹងនាំកម្មវិធីនេះនាំអោយជាតិអាប់អោនខ្លាំងណាស់ ខ្ញុំមិនគាំទ្រទេ,…»។
រីឯអ្នកផ្សេងទៀត ក៏បានលើកឡើងថា៖ «ម្ចាស់កម្មវិធីខុសធ្ងន់ គឺមិនសុំការអនុញ្ញាតពីគណ:អភិបាលខេត្តស្ទឹងត្រែង ទី២ គឺបវរកញ្ញាមិនមែនជាបេក្ខភាពដែលខេត្តបញ្ជូនមក ទី៣ ឈុតរាត្រីស្រមោលសបញ្ចេញកេរ្តិ៍ខ្មាស ទី៤ ឈុតតំណាងខេត្តមានការខុសឆ្គងខ្លាំងដែលមិនអាចតំណាងឲ្យខេត្តបាន…នៅមានច្រើនទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



