ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន Late Cheng Mining Development Co., Ltd របស់ចិនធ្វើអាជីវកម្មចម្រ៉ាញ់រ៉ែមាសនៅខេត្តកំពង់ធំ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រ សាសន៍ថា បន្ទាប់ពីធ្វើការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គម (EIA) របស់អន្តរក្រសួងរួចរាល់ ក្រសួងរ៉ែ និងថាមពល បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុននេះ អាចធ្វើអាជីវកម្មរ៉ែនៅខេត្តកំពង់ធំជាផ្លូវការ។

ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុននេះទំនងជាអាចចាប់ផ្តើមធ្វើអាជីកម្មចម្រាញ់រ៉ែមាសនៅអំឡុងចុងឆ្នាំ ២០២៣ខាងមុខនេះ។ ទោះជាយ៉ាងណាឯកឧត្តមបានបន្តថា ទំហំនៃការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននេះ គឺមានលក្ខណៈខ្នាតក្រោមមធ្យមប៉ុណ្ណោះ។ ហើយតាមរយៈក្រុមហ៊ុននេះ នឹងចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា ដោយបង្កើតចំណូលពន្ធ សួយសារអាករ ការងារ និងការចែករំលែកបទពិសោធន៍ ក៏ដូចជា ការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់កម្ពុជាផងដែរ។

គួរបញ្ជាក់ថា បើតាមឯកឧត្តម អ៊ឹង ឌីប៉ូឡា ដែលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល កាលពីពេលកន្លងទៅថ្មីៗ បានឱ្យដឹងថា កម្ពុជាមានក្រុមហ៊ុនចំនួន ៧ ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មផលិតរ៉ែមាស ប៉ុន្តែមានតែក្រុមហ៊ុនរឺនីសង់ (Renaissance) របស់អូស្ត្រាលីមួយទេ ដែលបានផលិតជាផ្លូវការ ខណៈក្រុមហ៊ុនថ្មីមួយទៀត គឺ Delcom (Kampuchea) កំពុងសាកល្បងផលិត នៅខេត្តព្រះវិហារ ដែលជាអាជីវកម្មខា្នតមធ្យម។ ក្រៅពីក្រុមហ៊ុនទាំងពីរនេះ ក៏មានក្រុមហ៊ុនថ្មីមួយទៀតគឺ ក្រុមហ៊ុន Xinshan Industrial (Cambodia) Co.Ltd. របស់ចិន ដែលគ្រោងនឹងចាប់ផ្តើមចម្រាញ់រ៉ែមាសនៅឆ្នាំដែរនេះ នៅខេត្តព្រះវិហារ៕
