ប៉ៃលិន ៖ ដោយទទួលបានគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងធ្វើការបង្ក្រាបជនសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្ម កូនបង្កើតញៀនថ្នាំ វាយសម្លាប់ឪពុកខ្លួនឯង។
ជនសង្ស័យឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ញៀនថ្នាំនិងធ្លាប់ជាប់ពន្ធនាគារ រស់នៅភូមិប៉ាហ៉ីជេីង សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
អំពីរឿងហេតុ៖កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទី ជនសង្ស័យកំពុងដេកអង្រឹងក្រោមផ្ទះ ជនរងគ្រោះជាឪពុកអង្គុយក្រោមដើមអំពិលខាងមុខផ្ទះ ភ្លាមនោះជនសង្ស័យបានស្រែកជេរគេជេរឯងពេញផ្ទះ ស្រាប់តែជនរងគ្រោះទៅប្រាប់ថាកូនកុំស្រែកឡូឡាជេរចឹង ព្រោះពុកកំពុងឈឺផង តែជនសង្ស័យស្រែកជេរឪពុកទៀត ឪពុកខឹងបានទះជនសង្ស័យមួយដៃ ក៏ជនសង្ស័យទះវិញបណ្តាលឱ្យដួល ជនសង្ស័យទាញចបវៃមកលើឪពុកបណ្តាល (ចំចំណុចថ្ងាសចំនួន១ចប បណ្តាយតាមខ្ទង់ច្រមុះរយះប្រវែល៨សង់ទីម៉ែត្រ)ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន ភ្លាមៗសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេល២យប់និង២ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទី ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្នុងព្រៃខាងកើតអូរប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ ជូនទៅខាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី







