Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! បាត់ដំណឹងកូនស្រីសូន្យឈឹង ៧ ខែ ទីបំផុត រកឃើញក្នុងដីចំការព្រហ្ម ខឹម វាសនា

នេះមិនមែនជារឿងលេងសើចនោះទេ ដែលនៅលើបណ្តាញសង្គមនាពេលនេះ បានកំពុងផ្ទុះការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ នៅពេលដែលបានដឹងថា ស្រ្តីជាម្តាយម្នាក់បានធ្វើដំណើរពីខេត្តកំពង់ធំ ទៅកាន់ខេត្តសៀមរាប ដើម្បីស្វែងរកជួបមុខកូនស្រី បន្ទាប់ពីបាត់ដំណឹងសូន្យឈឹង ៧ ខែ ប៉ុន្តែ មិននឹកស្មាន កំពុងសម្ងំនៅក្នុងដីចំការលោក ខឹម វាសនា សោះឡើយ។

អ្នកស្រី គង់ ចាន់ថូ ជាម្តាយរបស់យុវតីដែលបានបាត់ខ្លួននោះ បានរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់មានអាយុ ១៨ ឆ្នាំ ជាសិស្សពូកែជាប់អាហារូបករណ៍ ដែលត្រូវចូលរៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ (សិក្សាមិនអស់ថ្លៃរហូតដល់ទៅ៤ឆ្នាំ) បានបាត់ខ្លួនគិតមកទល់ពេលនេះខ្វះតែ២ថ្ងៃទៀត ៧ ខែហើយ ពោលគឺមុនថ្ងៃគាត់បានត្រៀមឡើងមកភ្នំពេញ ដើម្បីជួយរៀបចំបន្ទប់ស្នាក់នៅសម្រាប់កូនស្រី ដែលត្រៀមចូលរៀនឆ្នាំទី១។

ទាក់ទាក់ការបាត់ខ្លួននេះ អ្នកស្រីជឿថា កូនស្រីរបស់គាត់ត្រូវបានអូសទាញឲ្យចូលទៅក្នុងគណបក្សលោក ខឹម វាសនា គឺដោយសារគ្រូម្នាក់របស់ LDP ឈ្មោះ អូរ អុល ដែលនាងធ្លាប់រៀនជាមួយ និងនៅមានម្នាក់ទៀត ដែលជាមិត្តរបស់នាងឈ្មោះ ហៀង ម៉េង ហៀក ក៏ត្រូវបានអូសទាញមកដែរ ហើយសព្វថ្ងៃ ពួកគេកំពុងនៅក្នុងដីចំការរបស់លោក ខឹម វាសនា ទាំងអស់គ្នាតែម្តង។

អ្នកស្រី ចាន់ថូ បានឲ្យដឹងថា អ្នកស្រ្តីបានឃើញកូនស្រីចៃដន្យ តាមរយៈការឡាយរបស់លោក ខឹម វាសនា។ បន្ទាប់មក អ្នកស្រីក៏បាននាំយករូបថតរបស់នាង មកកាន់ដីចំការរបស់លោក ខឹម វាសនា ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត ១០ ថ្ងៃ ហើយ ប៉ុន្តែ គាត់មិនទាន់បានជួបមុខកូនស្រីនៅឡើយទេ។

សូមបញ្ជាក់ថា ក្រៅពីអ្នកស្រី ចាន់ថូ ក៏មានស្រ្តីជាច្រើននាក់ទៀត បានមកដីចំការរបស់លោក ខឹម វាសនា ផងដែរ ព្រោះពួកគាត់ក៏បានបាត់ប្តី និងសមាជិកគ្រួសារ ដែលត្រូវបានអូសទាញដោយក្រុមបក្ខពួក LDP ។

អ្នកស្រី ចាន់ថូ ក៏សូមអំពាវនាវរាជរដ្ឋាភិបាល មេត្តាជួយអន្តរាគមន៍ឱ្យកូនស្រីរបស់គាត់ បានវិលត្រឡប់ទៅផ្ទះ ដើម្បីបន្តការសិក្សាឡើងវិញផង។ ហើយជាមួយគ្នានេះផងដែរ អ្នកស្រីក៏សូមឲ្យក្រសួងពាក់ព័ន្ធ មានវិធានការផ្លូវច្បាប់ ទៅលើក្រុមបក្ខពួកលោក ខឹម វាសនា ដែលបានអូសទាញកូនៗរបស់ពួកគាត់ និងក៏ដូចប្តីៗរបស់ស្រ្តីដទៃៗទៀត ឲ្យបោះបង់ការសិក្សា និងបែកបាក់គ្រួសារ មករស់នៅកណ្តាលព្រៃបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×