កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើបណ្តាញសង្គម មានការឡើងកម្តៅ ជាមួយមតិមហាជនរិះគន់យ៉ាងខ្លាំង ចំពោះកម្មវិធីវង្វេងវប្បធម៌ប្រពៃណី «Miss Grand Cabodia 2022» ដោយមិនដឹងអ្នកដឹកនាំកម្មវិធីនេះ យកអ្វីមកគិត បែរជាបង្អួតល្បែងសុីសង «បៀរ» និង «អាប៉ោង» យ៉ាងមោទនភាពនៅមុខរូបប្រាសទអង្គរ និងអ្វីដែលហួសចិត្តខ្លាំងបំផុតទៀតនោះ គឺឈុតបង្ហាញភាពស្រើបស្រាល មានចេតនាយកម៉ូតច្នៃទាក់ទាញចំណាប់អារម្មណ៍ បង្ហាញ «កេរ្តិ៍ខ្មាស» សឹងលេចលើគោកយ៉ាងស្រស់ៗ ដែលធ្វើឲ្យប៉ះពាល់តម្លៃវប្បធម៌ ប្រពៃណីដ៏ល្អរបស់ខ្មែរ ជាពិសេសសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរតែម្តង។
តែយ៉ាងណាមិញ ក្រោយពីបានឃើញមហាជនគ្រប់មជ្ឈដ្ឋាន បានបន្តផ្ទុះការរិះគន់កាន់តែកក្រើកខ្លាំងឡើង ជាពិសេសទៅលើរូបបង្ហាញភាពស្រើបស្រាលដ៏មិនសមរម្យរបស់បវរកញ្ញាមួយចំនួននោះ នៅពេលនេះ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន សម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះកម្មវិធី Miss Grand Cabmbodia 2022 ។
ក្នុងនោះ ក្រសួងក៏បានអំពាវនាវយ៉ាងទទួចដល់បុគ្គលដែលរៀបចំកម្មវិធីបែបនេះ សូមរក្សានូវសេចក្តីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន កុំតាមចរន្តដែលជ្រុលនិយម ប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរ តាមគ្រប់រូបភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
តែទោះជាយ៉ាងណា ក្រោយឃើញក្រសួងទើបចេញសេចក្តីថ្កោលទោសបែបនេះ មហាជនបានសម្តែងការហួសចិត្តជាខ្លាំង ព្រោះថា បើទោះជាមហាជនរិះគន់ តាំងពីចាប់ផ្តើមរហូតដល់ចប់កម្មវិធី មិនដឹងក្រសួងនៅឯណា? ហើយឥឡូវនេះ កម្មវិធីចប់ហួសពេលបាត់ហើយហ្នឹង ទើបចេញសេចក្តីប្រកាសព័ត៌មានថ្កោលទោស!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




