Tuesday, May 24, 2022

ស្ត្រី​ម្នាក់​ប្រើ​អំពើហឹង្សា និង​បង្អត់បាយ​កុមារ នៅ​ចោមចៅ ប្រឈម​នឹង​ការកសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​បាន​ប្រើ​អំពើហឹង្សា និង​បង្អត់បាយ នៅ​ចោមចៅប្រឈម​នឹង​ការកសាងសំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​។​

​ក្មេងស្រី​អាយុ​១៦​ម្នាក់ ជា​កូនឈ្នួល បម្រើ​ការងារ​នៅ​ផ្ទះ​អ្នកលក់​សម្លៀក​បំពាក់​មួ​យ​កន្លែង ផ្ទះ​លេខ​១៧​អា ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ស្ត្រី​ម្ចាស់ផ្ទះ​ប្រើ​អំពើហិង្សា​សឹង​រាល់ថ្ងៃ វាយ ចាក់ ឈាន​ដល់​បង្អត់បាយ​ជារឿយៗ​។​

​ទង្វើ​ដ៏​កាច​សាហាវ​នេះ មាន​រយៈពេល​៤​ឆ្នាំ ទើប​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​នៅ​កន្លែង​លក់​សម្លៀក​បំពាក់ ផ្ទះ​លេខ​១៧​អា ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​ពលរដ្ឋ​ក្បែរ​ខាង​កើតទុក្ខ​ជំនួស​ក្មេង​ស្រី ហើយក៏​បាន​រាយការណ៍ សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ រំដោះ​ក្មេងស្រី ចេញពី​ផ្ទះ​កើតហេតុ និង​នាំ​ស្ត្រី​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជា ស្រីនូ ហៅ​ស្រី​ពៅ អាយុ​១៦​ឆ្នាំ មក​រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​រយៈពេល​៤​ឆ្នាំ​មកហើយ មាន​ស្រុកកំណើត​ភូមិ​ទំនប់​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​ចំណែក​ស្ត្រី​ចិត្ត​ព្រៃផ្សៃ​ខាងលើ ឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅភា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ នៅ​ផ្ទះ​កើតហេតុ បើ​តាម​អ្នក​ក្បែរ​ខាង បានឲ្យដឹងថា ស្ត្រី​ខាងលើ​នេះ ជា​ជនជាតិ​វៀតណាម កាត់​ចិន មាន​ប្តី​ឈ្មោះ សុខ ទី អាយុ​៣៣​ឆ្នាំ មុខរបរ លក់​សម្លៀកបំពាក់ មាន​កូនស្រី​ម្នាក់​ក្នុងបន្ទុក​។​

​តាម​ការរៀបរាប់​របស់​ក្មេងស្រី​រងគ្រោះ ទាំង​អួលដើមក ចំពោះមុខ​សមត្ថកិច្ច​ថា រូប​នាង​ត្រូវបាន​ស្ត្រី​ខាងលើ យក​មក​ឲ្យធ្វើ​ការងារ តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្លេះ ធ្វើ​ជា​កូនឈ្នួល​បម្រើ ផ្ទះ​ខាងលើ រហូតមកដល់​ពេលនេះ អស់​រយៈពេល​៤​ឆ្នាំ​ហើយ ស្ត្រី​ម្ចាស់ផ្ទះ បង្ខំ​ឲ្យធ្វើ​ការងារ តាំងពី​ព្រឹក​ទល់​យប់ បើ​ធ្វើ​មិនទាន់ ស្ត្រី​ខាងលើ​ន ប្រដាប់​ដោយ​ដែក​វាយ​ពេញ​រាងកាយ ក្បាល ជួន យក​ម្ជុលដេរ​ប៉ាក់​មកចាក់ លើ​រាងកាយ ក្នុង​១​ថ្ងៃ ឲ្យ​ហូប​បាយ​២​ពេល ពេលព្រឹក និង​ពេល​ល្ងាច ថ្ងៃត្រង់​បន្ត​ឲ្យធ្វើ​ការងារ​។​

​ក្មេងស្រី​រងគ្រោះ បន្តទៀតថា មក​ស្នាក់នៅ​ធ្វើការ​ដំបូង បាន​ប្រាក់​ឈ្នួល​៦០​ដុល្លា​ក្នុង​១​ខែ ទើបតែ​១​ឆ្នាំ​មកនេះ បាន​១០០​ដុល្លារ​ក្នុង​១​ខែ ហើយ​ខែ​ថ្មី​នេះ ម្តាយ​នាង​មាន​ការខ្វះខាត​ថវិកា ទិញ​ថ្នាំ​ព្យាបាល​ឪពុក បាន​សុំ​ខ្ចីលុយ​១០០​ដុល្លារ​មុន ។ ហើយ​អ្វី​ជាងនេះទៅទៀត ម្ចាស់ផ្ទះ​ដាក់​បម្រាម មិន​ឲ្យ​និយាយ​រឿង ធ្វើ​ទារុណកម្ម រាងកាយ ប្រាប់​អ្នក​ជិតខាង ឬ​ប្រាប់​ដំណឹង​ដល់​ក្រុមគ្រួសារ​នៅ​ឯ​ស្រុក​ឡើយ មិន​អនុញ្ញាត​ឲ្យ​ជួប​និយាយ​ជាមួយ​ម្តាយ​តាម​ទូរស័ព្ទ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ត្រូវបាន​ស្ត្រី​ខាងលើរ​ករឿង​ទាំង​អ្នកជិតខាង ហើយ​ថែមទាំង​គំរាម​វាយ​ស្ត្រី​ម្នាក់ នៅក្បែរនោះ ដែល​ចេះ​ឈឺឆ្អាល​រឿង​គេ​។​

​ក្រោយពី​មាន​ការបំភ្លឺ​ពី​ក្មេងរងគ្រោះ សមត្ថកិច្ច​ហៅ​នាំខ្លួន​ស្ត្រី​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​ផ្អែកលើ​ភស្តុតាង ស្លាកស្នាម ជាំ របួស ពេញ​ខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​