តាកែវ ៖ អាជ្ញាធរមូលដ្ឋាននៅជាប់និងព្រំដែន បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនចំពោះការចូលមកធ្វើនេសាទដោយខុសច្បាប់ពីសំណាក់ជនជាតិវៀតណាម។ ការលើកឡើងអំពីការព្រួយបារម្ភនេះធ្វើឡើង នៅក្នុងឱកាសវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅស្រុកអង្គបូរី កាលពីថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧នេះ។
លោក ពឹង សារឿន មេភូមិបាក់ដៃ ដែលស្ថិតនៅជាប់ព្រំដែនប្រទេសវៀតណាមបានថ្លែងថា បច្ចុប្បន្នមានប្រជាជនវៀតណាមនៅតាមបណ្ដោយព្រំដែនជាប់ស្រុកអង្គរបូរីបាននាំគ្នាចូលមកធ្វើនេសាទនៅក្នុងដែននេសាទស្រុកអង្គរបូរី ដោយនាំមកនូវឧបករណ៍ខុសច្បាប់មកជាមួយផងដែរ។ អាជ្ញាធរភូមិឃុំ ពិបាកក្នុងការទប់ស្កាត់ព្រោះពួកគេបានប្រើទូកម៉ាស៊ិនធំៗ ចំណែកខាងអាជ្ញាធរខ្មែរយើង មិនមានសម្ភារៈគ្រប់គ្រាន់សម្រាប់ចេញប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។
លោកមេភូមិបានស្នើសុំអោយមន្ត្រីជលផល ជាពិសេសសមត្ថកិច្ចនៅតាមព្រំដែនអន្តរាគមន៍ធ្វើយ៉ាងណា កុំអនុញ្ញាតអោយមានការចូលមកនេសាទនៅក្នុងដែននេសាទប្រទេសកម្ពុជាយើងតទៅទៀត ហើយបើពួកគេនៅតែបន្តលួចចូលសូមសតម្ថកិច្ចចេញប្រតិបត្តិការណ៏ចាប់ជនជាត់វៀតណាមទាំងអស់នោះបញ្ជូនទៅតុលាការដើម្បីចាត់ការណ៏ទៅតាមច្បាប់។ ឆ្លើយតបទៅនិងការលើកឡើងខាងលើនេះ ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រិក្សាខេត្តបានប្រាប់អោយអាជ្ញាធស្រុកនិងសមត្ថកិច្ចនៅតាមព្រំដែនត្រូវតែជួបប្រជុំជាមួយអាជ្ញាធរប្រទេសវៀតណាម ដើម្បីប្រាប់ពួកគេពីបញ្ហាប្រជាជនវៀតណាមលួចចូលមកធ្វើនេសាទខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវស្នើរសុំអោយពួកគេជួយពន្យល់ប្រជាពលរដ្ឋរបស់ខ្លួនកុំអោយចូលមកនេសាទខុសច្បាប់តទៅទៀត។ បើនៅតែមានការលួចចូលមកនេសាទខុសច្បាប់តទៅទៀត អាជ្ញាធមានសតម្ថកិច្ចយើងត្រូវតែចុះទៅចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការណ៏ទៅតាមច្បាប់។
ក្នុងឱកាសនោះដែរលោក អ៊ូច ភា អភិបាលរងខេត្តតាកែវបានធ្វើការណែនាំអោយសមត្ថកិច្ចតាមព្រំដែនទាំងអស់ត្រូវតែធ្វើការទប់ស្កាត់អោយខាងតែបានចំពោះការចូលមកធ្វើនេសាទខុសច្បាប់ពីសំណាក់ប្រជាជនវៀតណាមនេះ។
កន្លងមកយើងបានប្រជុំប្រាប់អាជ្ញាធវៀតណាមពីបញ្ហានេះគឺយើងស្នើសុំអោយទប់ស្កាត់ជនជាតិរបស់ខ្លួនកុំអោយចូលមកធ្វើនេសាទខុសច្បាប់នៅលើផ្ទៃទឹកខ្មែរ ដូច្នោះបើពួកគេនៅតែបន្តចូលមកធ្វើនេសាទខុសច្បាប់គឺសមត្ថកិច្ចខ្មែរយើងត្រូវតែធ្វើសកម្មភាពទប់ស្កាត់និងត្រូវចាប់ខ្លួនបញ្ជូនមកតុលាការដើម្បីកាត់ទោសទៅតាមច្បាប់តែម្ដង។ យើងមិនត្រូវបណ្ដោយអោយជនជាតិវៀតណាមចូលមកធ្វើនេសាទនៅលើផ្ទៃទឹករបស់ខ្មែរយើងជាដាច់ខាត៕ តាកែវ