ស្រ្តីវ័យក្មេងម្នាក់ បានអះអាងថា រូបនាងស្ទើរតែឆ្កួតវង្វេងនឹងក្រុមសម្ព័ន្ធ បន្ទាប់ពីមានបំណងទៅលេងសៀមរាបជាលើកទី១ តែមានឯណា ស្រាប់តែប្តីរបស់ LDP បែរជានាំរូបនាងទៅកាន់ដីចំការព្រហ្ម ខឹម វាសនា ទាំងនាងពុំដឹងខ្លួន។
រៀនចប់បរិញ្ញាប័ត្រ និងជាបុគ្គលិកផ្នែកគណនេយ្យម្នាក់ ស្រ្តីរូបនេះបានប្រាប់ទៅកាន់បងប្អូនចោទសួរ ទាំងហួសចិត្តខ្លួនឯងថា តាមពិតទៅ រូបនាងមានបំណងមកលេងខេត្តសៀមរាបដើម្បីទស្សនាប្រាសាទអង្គរ បន្ទាប់សម្រាកការងារនៅក្រុមហ៊ុនមួយ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ ប៉ុន្តែ មិននឹកស្មានថា បែរជាប្តីនាំឆ្ពោះទៅកាន់ដីចំការលោក ខឹម វាសនា សោះឡើយ។
ជាប់ផុងខ្លួននៅទីនោះចំនួន៤ថ្ងៃ មុនពេលសម្រេចចិត្តចាកចេញមកវិញតែម្នាក់ឯង (ចោលប្តី) នៅថ្ងៃទី២៧ ខែសីហា ស្រ្តីរូបនេះបានប្រាប់ថា នាងមានអារម្មណ៍អ្វីប្លែក នៅពេលផឹកទឹកធុងរួម ប៉ុន្តែ សំណាងដែរ ដោយសារមិនចូលចិត្តផឹកទឹករួមគ្នា នាងងាកមកផឹកទឹកសុទ្ធផ្ទាល់ខ្លួន ដែលបានទិញយកតាម កុំអីមិនដឹងទៅជាយ៉ាងណានោះទេ។
នាងរៀបរាប់បន្តថា នៅទីនោះ គេឲ្យបាយ៣ពេល តែម្ហូបអាហារជារបស់ក្រៀមៗ ជាពិសេសសាច់ក្រកតែម្តង។ ចូលទៅក្នុងនោះ ៤ថ្ងៃ នាងត្រូវបានគេឲ្យបរិច្ឆាកលុយអស់ ១០ ម៉ឺនរៀល ប៉ុណ្ណោះ ដោយសារតែនាងបានលួចលាក់មិនឲ្យប្តីដឹង ពុំនោះទេ ច្បាស់ជាអស់គ្មានលុយធ្វើសាហ៊ុយជិះឡានវិលមកស្រុកវិញឡើយ។
ដោយឡែក នៅពេលសួរទាក់ទងឃើញគេកាន់ថង់លុយ ដើររៃលុយតាមជួរៗ នាងបានទទួលស្គាល់ថា ពិតជាមានករណីហ្នឹងមែនៗ។ នាងក៏បានឲ្យដឹងផងដែរ រឿងរ៉ៃអង្គាសលុយមធ្យម តែងំអ្នកមានៗ ដែលខ្លាចស្លាប់គិតថាពិភពលោកនឹងលែងចាយលុយទៀត បានបរិច្ចាគទៅដល់សម្ព័ន្ធស្ទើរៗតែអស់ពីខ្លួន។
តែទោះជាយ៉ាងណា នាងមកកាន់ដីចំការលោក ខឹម វាសនា ជាលើកទី២នេះ គឺដើម្បីចង់ហៅប្តីទៅផ្ទះ កែខ្លួនឡើងវិញ។ តែនាងក៏បាននិយាយយ៉ាងស្រួលថា បើប្តីបដិសេធមកវិញទេ នាងសុំតែយកម៉ូតូ១គ្រឿងមកវិញប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









