នៅពេលនេះ មហាជនពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយមិនដឹងថា តើលោក ខឹម វាសនា ដែលបានតាំងខ្លួនជា «ព្រហ្មរក្សាលោក» មានជំនាញគនោគមខ្លាំងបែបណានោះទេ បានជាអាចអូសទាញមនុស្សម្នាយ៉ាងច្រើនទាំងមនុស្សចាស់ និងទាំងក្មេងៗជាយុវជនប្រុសស្រី ឲ្យទៅកាន់ដីចំការរបស់ខ្លួនឡើងភ្លូកទឹកភ្លូកដី ខណៈដែលទ្រឹស្តីរបស់មេព្រហ្ម និងដៃឆ្វេងដៃស្តាំព្រហ្ម និយាយចេញមករកស្តាប់រកមិនយល់ ពោលគឺលក្ខណៈវ៉ល់ៗសោះហ្នឹង!។
ជាក់ស្តែង នារីវ័យក្មេងម្នាក់នេះទៀត បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គម ហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញកំពុងប្រឈមមុខ ជាមួយម្តាយរបស់ខ្លួនមកពីខេត្តកំពុងស្ពឺ ដែលបានចូលទៅដល់ក្នុងទីកន្លែងជួបជុំដីចំការរបស់លោក ខឹម វាសនា ដោយបានបដិសេធពុំវិលត្រឡប់ទៅផ្ទះវិញឡើយ ដោយដាក់លក្ខខណ្ឌសុំបន្តស្នាក់នៅទីនេះរហូតដល់ថ្ងៃទី១០ កញ្ញា ទើបទៅផ្ទះ ប៉ុន្តែ មិនដឹងថា នេះគ្រាន់តែជាលេស ឬយ៉ាងណានោះទេ។
ពិតណាស់ បើទោះជាម្តាយលុតជង្គង់ សំពះអង្វរ និងក៏ដូចជាមន្រ្តីណែនាំយ៉ាងណា ក៏កូនស្រីរូបនេះមិនស្តាប់ឡើយ និងថែមទាំងបានបោះសម្តីឆ្លើយតបទៅវិញថា ហេតុអ្វីបានជាពួកគេ មិនយល់ពីអារម្មណ៍នាងសោះអុីចឹង!។
ត្រង់ចំណុចនេះ មហាជនបានត្រឹមហួសចិត្ត ដោយមិនដឹងថា នារីរូបនេះកំពុងឈ្លក់វង្វេងនឹងមនោគមរបស់ក្រុមសម្ព័ន្ធដល់កំរិតណានោះទេ បានជាដល់ថ្នាក់ សុខចិត្តឲ្យម្តាយកាត់កាលចោលបែបនេះ បើមិនយល់ព្រមធ្វើតាមការសម្រេចចិត្តរបស់ខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



