Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមពាណិជ្ជករដឹកជញ្ជូននៅកម្ពុជា រំពឹងថា ទំហំនៃការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នឹងមានការកើនឡើង នៅពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នតម្លៃ​ដឹកជញ្ជូនទំនិញតាមផ្លូវទឹក បានធ្លាក់ចុះប្រមាណពាក់កណ្តាលមកនៅត្រឹមរង្វង់ ១ម៉ឺនដុល្លារ ក្នុងមួយកុងតឺន័រ បើធៀបនឹងឆ្នាំ២០២០ និង២០២១កន្លងទៅ ដែលធ្វើឲ្យមានភាពប្រសើរឡើងវិញក្នុងវិស័យដឹកជញ្ជូននៅប្រទេសកម្ពុជា។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថាសមាគម រំពឹងថា ទំហំនៃការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នឹងមានការកើនឡើង នៅពេលឆាប់ៗខាងមុខនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញ លើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។

លោកបានបញ្ជាក់ថា តម្លៃ ដឹកជញ្ជូនតាមកប៉ាល់ពីក្រុងព្រះសីហនុ ទៅកាន់សហរដ្ឋអាមេរិក ឬតំបន់អឺរ៉ុប កាលពីឆ្នាំ២០២០ និង២០២១ មានតម្លៃប្រមាណ២ម៉ឺនដុល្លារ ក្នុងមួយកុងតឺន័រ ប៉ុន្តែបច្ចុប្បន្ននេះ បានធ្លាក់មកនៅត្រឹមរង្វង់ប្រមាណ១ម៉ឺនដុល្លារប៉ុណ្ណោះ។ ហើយការធ្លាក់ចុះនេះ គឺដោយសារពុំមានការខ្វះខាតទូរកុងតឺន័រ ដូចពេលមុននោះទេ។

សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំពិធីជំនួបរវាងម្ចាស់អាជីវកម្មនាំចេញ នាំចូល ក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទីក ដើម្បីឲ្យម្ចាស់អាជីវកម្ម នៅក្នុងវិស័យដឹកជញ្ជូន មានភាពប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ក្នុងន័យសហការគ្នា ក្នុងការធ្វើឲ្យអាជីវកម្មរបស់ពួកគាត់ កាន់តែរីកចម្រើន។ ​

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវគោកវិញ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននៅកម្ពុជា បានឲ្យដឹងដែរថា តម្លៃក៏មានការធ្លាក់ចុះបន្តិចម្តងៗផងដែរ ដោយសារតែតម្លៃប្រេងឥន្ធនៈ នាពេលបច្ចុប្បន្ន បានធ្លាក់តម្លៃវិញ បើធៀបនឹងរយៈពេលប្រមាណ២ខែមុន៕

×