ការសម្រកទម្ងន់មិនងាយស្រួលទេ ប៉ុន្តែវាអាចទៅរួច ប្រសិនបើយើងប្តេជ្ញាចិត្ត។ ថ្មីៗនេះ ពិភពអនឡាញមានការចែករំលែកពីករណីរបស់នារីជនជាតិសិង្ហបុរីម្នាក់ដែលជាអ្នកនិយមលេង TikTok បានចែករំលែកបទពិសោធន៍នៃការស្រកទម្ងន់រហូត ៤២ គីឡូក្រាម ក្នុងរយៈពេលមិនដល់ ២ ឆ្នាំ ដោយបានប្រែក្លាយខ្លួនពីស្ត្រីទំហំបូក មកមានសុខភាពកាន់តែប្រសើរឡើង តាមវិធីដែលនាងប្រាប់ថា ទាំង «ងាយស្រួល និងចំណាយតិច» បំផុសគំនិតនេះដល់មនុស្សជាច្រើន។
ស្ត្រីជនជាតិសិង្ហបុរីរូបនេះដែលមានឈ្មោះ Jasmine Ting អាយុ ៣៥ ឆ្នាំ ធ្វើការនៅផ្នែករដ្ឋបាលនៃក្រុមហ៊ុនមួយ បានផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រ Asia One កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយបានបង្ហាញថា ការចាប់ផ្តើមនៃការផ្សងព្រេងនេះ បានកើតឡើងកាលពីឆ្នាំមុន នៅពេលដែលនាងមានទំងន់ ១១០ គីឡូក្រាម ដើរឡើងជណ្តើរ។ ហើយនាងមានអារម្មណ៍ថាវាពិបាកពេកខ្លាំង នៅពេលនោះ ព្រោះឡើងមិនទាន់បានដល់៥ជំហានផង ក៏ត្រូវឈប់ដកដង្ហើម។
អ្វីដែលបានកើតឡើងធ្វើឱ្យនាងដឹងថាដល់ពេលត្រូវចាត់វិធានការ។ បំណងប្រាថ្នារបស់នាងក្នុងការសម្រកទម្ងន់ មិនមែនជាការគិតតែមួយនោះទេ ប៉ុន្តែ Jasmine បានយកចិត្តទុកដាក់យ៉ាងខ្លាំង។ រហូតមកដល់ពេលនេះ ទម្ងន់របស់នាងបានធ្លាក់ចុះមកនៅត្រឹមប្រហែល ៦៨ គីឡូក្រាម ពោលគឺក្នុងរយៈពេលមិនដល់ពីរឆ្នាំ Jasmine អាចសម្រកទម្ងន់បាន ៤២ គីឡូក្រាម។
វីដេអូឃ្លីបដែលនាងបង្ហោះក្នុង TikTok បានបង្ហាញពីរូបភាពរបស់ Jasmine កាលពីម្សិលមិញ នាងកំពុងញញឹមយ៉ាងស្រស់ស្រាយក្នុងក្រុមមិត្តភ័ក្តិរបស់នាង មុនពេលរូបថតត្រូវបានកាត់ ខណៈដែលនាងព្យាយាមហាត់ប្រាណនៅផ្ទះតែម្នាក់ឯង។ ពេលវេលាកាន់តែកន្លងផុតទៅ នាងកាន់តែឃើញការផ្លាស់ប្តូរ ដោយសាររាងរបស់នាងកាន់តែស្គម។
Jasmine បានលាតត្រដាងថា ខណៈពេលដែលនាងជ្រើសរើសរបបអាហារ Intermittent Fasting (IF) ឬការតមអាហារជាប់ៗគ្នា និងទម្លាប់នៃការហាត់ប្រាណចម្បងរបស់នាងយ៉ាងសាមញ្ញ គឺគ្រាន់តែចេញទៅដើរលេង។ នាងនឹងដើរ ៦ ទៅ ១០ គីឡូម៉ែត្រ យ៉ាងហោចណាស់ ៥ ដងក្នុងមួយសប្តាហ៍ ព្រោះវាជាវិធីសាស្ត្រងាយស្រួលនិងមិនថ្លៃ។
នាងនិយាយថា៖ «ខ្ញុំចូលចិត្តដើរពេលស្តាប់តន្ត្រី ដែលខ្ញុំចូលចិត្ត ប៉ុន្តែ ខ្ញុំស្អប់ការរត់ប្រណាំង»។
ទោះបីជាការហាត់ប្រាណសម្រកទម្ងន់ភាគច្រើន មនុស្សតែងតែជ្រើសរើសទៅកន្លែងហាត់ប្រាណ ប៉ុន្តែសម្រាប់ Jasmine នាងចូលចិត្តហាត់ប្រាណនៅខាងក្រៅ ព្រោះសម្រាប់អ្នកទៅកន្លែងហាត់ប្រាណគឺជាការបំភិតបំភ័យបន្តិច ហើយនាងខ្មាសអៀនក្នុងការហាត់ប្រាណនៅទីនោះ។ ដោយសារតែនាងមិនសូវស្គាល់គ្រឿងបរិក្ខារ និងបរិស្ថាន ទើបធ្វើឱ្យនាងមានអារម្មណ៍ធាត់។
សូម្បីតែពេលនេះ នាងស្រកអស់ ៤២ គីឡូក្រាមក៏ដោយ Jasmine មិនបានគិតចង់បញ្ឈប់ការប្រឹងប្រែងរបស់នាងឡើយ។ នាងនៅតែត្រូវបន្តទៅមុខ មុនពេលនាងឈានដល់គោលដៅរបស់នាង នោះគឺ ៥៥ គីឡូក្រាម ប៉ុន្តែទោះបីជាយ៉ាងនេះក្តី នាងទទួលស្គាល់ថា អ្វីដែលសំខាន់បំផុតនោះ គឺការមានសន្ទស្សន៍ម៉ាសរាងកាយដែលមានសុខភាពល្អ (BMI) មិនលើសពី 23, Jasmine បច្ចុប្បន្នមាន BMI 25.9 ។
មានមនុស្សជាច្រើនបានបញ្ចេញមតិអបអរសាទរ រួមទាំងការអរគុណដល់នាងសម្រាប់ការបំផុសគំនិតឃ្លីបរបស់នាងហើយបានជំរុញឱ្យមនុស្សជាច្រើនចាប់ផ្តើមដំណើរអនុវត្តតាម។ Jasmine ពិតជាសប្បាយចិត្ត និងមោទនភាពជាខ្លាំង ពេលដែលទទួលបានការលើកទឹកចិត្តពីពួកគេ ដោយបាននិយាយថា៖ «ពាក្យទាំងនេះបានធ្វើឱ្យខ្ញុំរំភើប និងមានមោទនភាពខ្លាំងដែរពេលមិត្តភក្តិមករកខ្ញុំ ហើយខ្ញុំប្រាប់ពួកគេថា ពួកគេអាចសម្រកទម្ងន់ ឬចាប់ផ្តើមហាត់ប្រាណដូចខ្ញុំដែរទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








