Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! សិស្ស​ថ្នាក់​ទី​៩ ចាប់​គ្រូ​គណិ​ត ច.ង​នឹង​ដើម​ឈើ រួច​វា.យ​នឹង.ដំបង.យ៉ាង​ចាស់ដៃ ដោយ​សារ​ខឹង​ទទួល​លទ្ធផល​ប្រឡង​អន់ ម្នាក់ៗ​សុទ្ធ​តែ​និទ្ទេស…

សិស្សរាប់សិបនាក់នៅសាលាមួយ ក្នុងប្រទេសឥណ្ឌា បានសហការគ្នា ចាប់ចងគ្រូគណិតវិទ្យា និងស្មៀនសាលាម្នាក់ ទៅនឹងដើមឈើ ហើយវាយដំ បន្ទាប់ពីពួកគេមួយចំនួន ទទួលបានពិន្ទុមិនល្អ សម្រាប់លទ្ធផលប្រឡង។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានដឹងថា បានកើតឡើងកាលពីថ្ងៃចន្ទសប្តាហ៍មុន នៅពេលដែលសិស្សនៃសាលា Scheduled Tribe Residential School ក្នុងទីក្រុង Dumka រដ្ឋ Jharkhand បានល្បួងគ្រូគណិតវិទ្យារបស់ពួកគេ និងស្មៀនសាលាម្នាក់ ទៅកាន់បរិវេណសាលា ក្រោមលេសនៃការពិភាក្សាអំពីការសិក្សារបស់ពួកគេ លើការប្រឡងថ្នាក់ទី៩ ដែលបានធ្វើឡើងកាលពេលថ្មីៗនេះ។ ប៉ុន្តែ មានឯណា នៅពេលទៅដល់ដើមឈើដ៏ធំមួយ ពួកគេចាប់ផ្តើមចាប់គ្រូ និងស្មៀន​ចងគេ​នឹងដើមឈើ ហើយថែមទាំងវាយទៀតផង។

វីដេអូដែលកំពុងរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីបុរស៣នាក់ ត្រូវបានចងជាប់នឹងដើមឈើ ជាមួយនឹងខ្សែពួរក្រហម ហើយសិស្សប្រុសៗរាប់សិបនាក់ កំពុងដើរជុំវិញពួកគេ ហើយកាន់ដំបងធំៗស្ទើរគ្រប់ដៃ។

បន្ទាប់វីដេអូនេះ ត្រូវបានរីករាលដាលយ៉ាងលឿន ការស៊ើបអង្កេតរបស់ប៉ូលីស ក៏បានរកឃើញថា ជនរងគ្រោះពិតជាត្រូវបានវាយដំលើរាងកាយដោយសិស្សដែលមានកំហឹង ហើយម្នាក់ក្នុងចំណោមជនរងគ្រោះ ត្រូវបានគេរាយការណ៍ថា ត្រូវរុំបង់របួសជុំវិញក្បាលរបស់គាត់ ដែលបង្ហាញថា គាត់ត្រូវបានវាយដោយដំបង។

ប្រតិកម្មហិង្សា​របស់សិស្សទាំងនោះ ​ត្រូវបានគេ​ចោទប្រកាន់ថា ​បានបង្កឡើងដោយសារខឹងទទួលពិន្ទុមិនល្អជា​ច្រើន​ដែលពួកគេ​មួយចំនួនទទួលបានក្នុងការប្រឡងគណិតវិទ្យា​ថ្នាក់ទី៩ របស់ពួកគេ។

Suman Kumar បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា «សិស្សបានទូរស័ព្ទមកយើង ដោយលេសនៃការរៀបចំកិច្ចប្រជុំមួយ ហើយបាននិយាយថា លទ្ធផលរបស់ពួកគេត្រូវបានខូច។ រឿងនេះបានកើតឡើងដោយសារតែពិន្ទុជាក់ស្តែងរបស់ពួកគេ មិនត្រូវបានរាប់បញ្ចូលក្នុងលទ្ធផល ដែលត្រូវបានធ្វើដោយនាយកសាលា។ ដូច្នេះ​យើងមិនអាចចាត់វិធានការណាមួយក្នុងបញ្ហា​នេះ​ទេ»។

India Times រាយការណ៍ថា សិស្ស ១១ នាក់ ក្នុងចំណោម ៣២ នាក់ បានទទួលចំណាត់ថ្នាក់ DD ដែលស្មើនឹងការបរាជ័យ ដែលបង្កឱ្យមានកំហឹងដល់សិស្សទាំងមូល។ ពួកគេ​បានចាប់ទាំងគ្រូគណិតវិទ្យា​ឈ្មោះ Suman Kumar និងស្មៀន​ដែលបានបង្ហោះ​ចំណាត់ថ្នាក់ទៅ​គេហទំព័រសាលា Soneram Chaure។

សិស្សខឹងទាំងនោះ ​មិនស្តាប់ការពន្យល់របស់ជនរងគ្រោះ​ទេ ហើយគេ​រាយការណ៍ថា ​បានយកទៅ​ចងនឹងដើមឈើ​ និងវាយនឹងដំបងតែម្តង។ យោងតាមការស៊ើបអង្កេតរបស់ប៉ូលីសដែលកំពុងបន្ត ភាគច្រើននៃសិស្ស ២០០ នាក់ នៅសាលា Scheduled Tribe Residential School បានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ។

ដំបូងឡើយ ជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្ដឹងដែរ ប៉ុន្តែដោយសារករណីនេះរីករាលដាល ទីបំផុត ពួកគេបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងជនដៃដល់ចំនួន ១១ នាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×