នេះជារឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង គ្រាដែលបានឃើញវីដេអូមួយ កំពុងរីករាលដាលនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ បានបង្ហាញកម្មករសំណង់ ធ្វើសកម្មភាពកំពុងចាក់សុីម៉ង់ត៍បិទគម្របលូ នៅពីមុខផ្ទះស្រ្តីម្នាក់ ស្ថិតនៅក្រោយផ្សារគីឡូម៉ែត្រលេខ៧ ទៅតាមការបង្គាប់បញ្ជារបស់ចៅសង្កាត់ច្រាំងចំរេះទី២ ដោយពុំដឹងមានមូលហេតុ ឬខុសបច្ចេកទេសលូអ្វីនោះទេ។
បើតាមស្រ្តីជាម្ចាស់ផ្ទះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ចន្ថា យឹម បានបង្ហោះវីដេអូ និងប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យចៅសង្កាត់ច្រាំងចំរេះទី២ ធ្វើសកម្មភាពបែបនេះ គឺដោយសារចោទថា គាត់ចាក់ទឹកបណ្តាលឲ្យបែក ស្រុតលូ ខណៈមុខផ្ទះប្រជាពលរដ្ឋដទៃទៀត ពុំឃើញធ្វើបែបនេះទេ។ ទង្វើដ៏ចម្លែកខុសរឿងនេះ បានធ្វើឲ្យរូបគាត់ និងក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងតែម្តង។
ស្រ្តីរូបនោះ ក៏បានឲ្យដឹងផងដែរថា ករណីលូស្រុតនេះ គឺបានកើតឡើងតាំងពីពេលគាត់មិនទាន់លក់ដូរម្ល៉េះ ហើយការស្រុតនេះ មិនមែនដោយសារការចាក់ទឹកនោះទេ គឺដោយសារឡានទឹកដឹកការ៉ូ ឡានដឹកដី ដែលបានបើកពីលើតែម្តង។
តែអ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺបន្ទាប់វីដេអូនេះ បានផ្ទុះឡើង ស្រាប់តែនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ សង្កាត់ច្រាំងចំរេះទី២ ក៏បានបញ្ជាឲ្យកូនចៅ ចុះទៅដាប់សុីម៉ង់ត៍ចេញពីគម្របលូវិញដ៏ហួសចិត្តបំផុត ប្រហែលភ្ញាក់ខ្លួនខ្លាចទឹកលិចភ្នំពេញហើយមើលទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








