ប៉ុន្មានថ្ងៃមកនេះ ឃើញថាមានឪពុកម្តាយ និងគ្រួសារជាច្រើន មកពីតាមបណ្តាខេត្តជិតឆ្ងាយ បានទៅកាន់ដីចំការរបស់លោក ខឹម វាសនា ក្នុងបំណងដើម្បីនាំយកកូនៗ ប្តីឬប្រពន្ធរបស់ពួកគេ ដែលកំពុងស្ថិតនៅក្នុងទីនោះ វិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានដឹងថា លោក ខឹម វាសនា ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ដែលបានបង្កើតប្រព្រឹត្តិការណ៍ដ៏កក្រើក ថានឹងមានគ្រោះធម្មជាតិទឹកលិចលង់ផែនដី ហើយឲ្យមនុស្សម្នាដែលជឿខ្វះការពិចារណា ទៅកាន់ដីចំការរបស់ខ្លួន នឹងរួចផុតពីគ្រោះមហន្តរាយ តែតាមការពិត វាគ្រាន់តែជាការនឹកឃើញបែបអប៉ីជំនឿលក្ខណៈសរសៃប្រសាទរបស់មេបក្ស LDP រូបនេះប៉ុណ្ណោះ។
ជាការពិតណាស់ នៅពេលឪពុកម្តាយបានទៅជួប បែរជាកូនៗខ្លះដោយមិនដឹងថាកំពុងទទួលឥទ្ធិលមនោគមវិជ្ជារបស់ព្រហ្ម ដល់កំរិតណានោះទេ បានឆ្លើយតបមិនទៅផ្ទះវិញជាដាច់ខាត និងថែមទាំងចោទថាឪពុកម្តាយរបស់ខ្លួន ជាមនុស្សអាក្រក់ ចរិកអាត្មានិយម ចូលចិត្តបំពាន ធ្វើបាបគេ… ទៅវិញ។ លើសពីនេះ បើទោះបីជាម្តាយលុតជង្គង់សំពះអង្វរឲ្យកូនវិលត្រឡប់ទៅផ្ទះវិញយ៉ាងណា ក៏កូនស្រីខ្លះទៀតដែលងប់ងល់ខ្លាំង បានបង្ហាញកាយវិការព្រងើយកន្តើយលែងចង់ស្គាល់ឪពុកម្តាយ និងសូម្បីដល់ថ្នាក់ឲ្យឪពុកម្តាយកាត់កាលចោលទៀតផង បើមិនយល់ព្រមតាមការសម្រេចចិត្តរបស់ខ្លួន។
តែទោះជាយ៉ាងណា ផ្ទុយពីម្តាយដទៃ អុំស្រីម្នាក់ក្នុងចំណោមគ្រួសារជាច្រើនទៀត ដែលក៏បានទៅកាន់ដីចំការលោក ខឹម វាសនា ផងដែរ បានបញ្ចេញកំហឹង ជេរប្រទេចកូនខ្លាំងៗ បន្ទាប់ពីចូលទៅហៅកូន តែកូនបែរជាមិនមកតាម ដោយប្រាប់ថាខ្លាចទឹកលិចងាប់ ដែលធ្វើឲ្យគាត់ហួសចិត្តខ្លាំងតែម្តង។ បើតាមកំហឹងគាត់ នោះប្រសិនបើសមត្ថកិច្ចបើកឲ្យចូល គឺគាត់នឹងចូលទៅសំពងកូន និងជាពិសេសមេព្រហ្មតែម្តង ដើម្បីកុំឲ្យរវើរវើយបែកកម្មដ្ឋានបែបនេះទៀត។ ជាមួយគ្នានោះ អុំស្រីក៏បានជេរខ្លាំងៗថា មីត្រូវគ្រាប់ អាត្រូវគ្រាប់ អាព្រហ្ម អាមាត់ទិព្វ ត្រចៀកទិព្វ ចាំមើលទៅវិញបានអីច្រាស់… ខឹងណាស់អាអូនអ្ហា!។
អុំស្រីរូបនេះ ដែលជាអ្នកខេត្តសៀមរាប ក៏បានឲ្យដឹងថា ពួកសម្ព័ន្ធនៅពេលនេះ កំពុងធ្លាក់ខ្លួនឈឺជាបណ្តើរៗ ដោយម្នាក់ៗមុខដូចខ្មោចអស់ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




