នៅព្រឹកនេះ (៧ កញ្ញា) ភ្លៀងបន្តធ្លាក់ខ្លាំង បង្កទឹកជំនន់ បណ្តាលឲ្យស្ទះចរាចរណ៍ទូទាំងទីក្រុងបាងកកតែម្តង ខណៈសាលារៀនមួយចំនួន ត្រូវបានបង្ខំបិទទ្វា១ថ្ងៃ។ ភ្លៀងធ្លាក់ជាប់ៗគ្នាដ៏គំហុក គឺបានបង្កឡើងដោយសារសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងភាគខាងត្បូង។
ចាប់តាំងពីចុងល្ងាច (ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២២) តំបន់ជាច្រើនក្នុងប្រទេសថៃ មានភ្លៀងធ្លាក់ខ្លាំងរហូតទល់យប់ បានបណ្តាលឱ្យមានស្ថានភាពទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសទូទាំងទីក្រុងបាងកក បន្តទៅខេត្ត Nonthaburi, ខេត្ត Pathum Thani, ខេត្ត Nakhon Pathom និងទឹកភ្លៀងខ្ពស់បំផុតកំរិត 134.55 mm នៅខេត្ត Bang Khen។
ដោយឡែក នៅព្រឹកនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ ត្រូវបានគេរាយការណ៍ថា ទីក្រុងបាងកក និងតំបន់ជុំវិញ ភ្លៀងបានធ្លាក់យ៉ាងគំហុគជាង ៨០% ខ្លាំងជាងថ្ងៃម្សិលមិញ។ ទន្ទឹមនឹងនេះ នៅមានតំបន់មួយចំនួនទៀត ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ។ តំបន់ភាគខាងជើង ឦសាន និងភាគខាងត្បូង (ឆ្នេរខាងកើត) កំរិតភ្លៀងបានកាត់បន្ថយមកត្រឹម ៦០%។
សេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមលេខ៨ បានបញ្ជាក់ថា សម្ពាធខ្ពស់ពីប្រទេសចិនបានអូសបន្លាយមកលើប្រទេសឡាវ (ភាគឦសានខាងជើងខាងលើ) បង្កឱ្យមានខ្យល់មូសុងខ្លាំងរំកិលចុះកាត់តំបន់កណ្តាលភាគឦសានក្រោម ចូលទៅក្នុងកម្រិតសម្ពាធទាបនៅសមុទ្រចិនខាងត្បូង។ បន្ថែមពីលើនេះ ខ្យល់មូសុងនិរតីដែលបោកបក់លើសមុទ្រ Andaman ខាងត្បូង និងឈូងសមុទ្រថៃ មានកម្រិតខ្លាំងគួរសម។
ចំពោះស្ថានភាពទឹកជំនន់នៅពេលព្រឹកនេះ គេបានរកឃើញថា នៅក្នុងតំបន់ក្រុងបាងកកនិងតំបន់ជាច្រើននៅតែមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ធ្ងន់ធ្ងរ។ ចំណុចភ្លៀងធ្លាក់ខ្ពស់បំផុតគឺនៅតំបន់ Bang Khen កំរិតទឹកជំជំនន់ឡើងខ្ពស់ជាងចិញ្ចើមផ្លូវដែលបង្ខំឲ្យសាលារៀនមួយចំនួន ត្រូវបិទទ្វារឈប់១ថ្ងៃ និងរៀនតាមអ៊ីនធឺណិតជំនួស។
ក្រៅពីភ្លៀងធ្លាក់ខ្លាំងនៅ Bang Khen នោះតំបន់សំខាន់ៗផ្សេងទៀត ដែលប្រជាពលរដ្ឋធ្វើដំណើរញឹកញាប់ ក៏រងផលប៉ះពាល់ដោយទឹកជំនន់ផងដែរ។ ជាក់ស្តែង ការកកស្ទះចរាចរណ៍នៅព្រឹកនេះ ដូចជាផ្លូវ Lat Phrao ផ្លូវ Ram Inthra ផ្លូវ Chaeng Watthana ផ្លូវ Pak Kret និងផ្លូវ Ngamwongwan នៃខេត្ត Nonthaburi៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














