ការរៀបចំផែនការមើលថែទាំសុខភាពខ្លួនឯង និងសមាជិកគ្រួសារ គឺជារឿងដែលមានគុណតម្លៃជាទីបំផុត ព្រោះក្រៅពីជួយជំរុញឱ្យយើងខ្លួនឯង និងសមាជិកក្នុងគ្រួសារ កើតមានភាពក្លៀវក្លាស្វាហាប់ ក្នុងការមើលថែទាំសុខភាពហើយនោះ វាថែមទាំងជារឿងដែលជួយឱ្យកើតមានសម្ព័ន្ធភាពដ៏ល្អរវាងសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ កើតសេចក្តីស្រឡាញ់ក្នុងក្រុមគ្រួសារ ដែលនឹងជួយដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងល្អ និងនាំឆ្ពោះទៅរកការមានគុណភាពជីវិត ដែលល្អប្រសើរនាពេលអនាគតបានទៀតផង។
គុណតម្លៃនៃការរៀបផែនការមើលថែទាំសុខភាពរបស់សមាជិកក្នុងគ្រួសារ
ពាក្យថា “សុខភាពល្អ” នៅលើមនុស្សម្នាក់ៗ អាចនឹងខុសប្លែកពីគ្នាទៅតាមតែសភាវសង្គម ឬរូបបែបរបស់ជីវិតដែលខុសប្លែកពីគ្នា តែជារួមទៅ សុខភាពល្អ យ៉ាងហោចណាស់ក៏ត្រូវតែមានន័យពី ភាពល្អឥតខ្ចោះរបស់ទាំងរាងកាយ និងផ្លូវចិត្ត ដោយរឿងនេះនឹងកើតឡើងបាន គឺដោយសារការមើលថែទាំយកចិត្តទុកដាក់លើប្រព័ន្ធដែលសំខាន់ៗផ្សេងៗរបស់រាងកាយ។
ការដែលនឹងមានសុខភាពល្អបាន មិនថាតែជាសុខភាពរបស់ខ្លួនឯង ឬសមាជិកក្នុងគ្រួសារនោះទេ វាមិនមែនជារឿងដែលកើតឡើងដោយក្តីចៃដន្យនោះទេ តែចាំបាច់ត្រូវមានការរៀបចំផែនការ ក្នុងការមើលថែទាំសុខភាពជាមុន ដើម្បីឱ្យទទួលបានលទ្ធផលល្អ ដូចជា…
១-អាចនឹងកំណត់វិធីការ របៀបរបប ឬជ្រើសរើសរូបបែបថែទាំសុខភាពបែបណា ដែលស័ក្តិសមនឹងការដំណើរការជីវិតរបស់យើងខ្លួនឯង ឬសមាជិកក្នុងក្រុមគ្រួសារឱ្យបានល្អ។
-អាចនឹងកំណត់អំឡុងពេលនៃការមើលថែទាំសុខភាពឱ្យបានយ៉ាងសមរម្យ ដូចជា មានកិច្ចការងារហាត់ប្រាណនៅពេលព្រឹក ឬចំពោះគ្រួសារខ្លះ ដែលមានពេលទំនេរនៅពេលល្ងាច ក៏អាចនឹងកំណត់កិច្ចការងារបង្កើនសុខភាពនៅពេលល្ងាចក៏បាន ឬអាចនឹងកំណត់អំឡុងពេល ក្នុងការពិនិត្យសុខភាពរបស់សមាជិកក្នុងគ្រួសារប្រចាំឆ្នាំជាដើម។
-ជាការប្រុងប្រយ័ត្នចំពោះសុខភាពទាំងរបស់ខ្លួនឯង និងសមាជិកគ្រួសារ មិនឱ្យឈឺថ្កាត់ដោយជំងឺផ្សេងៗ។ ជាការសាងសុខភាពឱ្យរឹងមាំ ដែលវានឹងល្អជាជាង ការជួសជុលសុខភាព ឬព្យាបាលខ្លួននៅពេលក្រោយ។
-ជាការរៀបផែនការរឿងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគ្រួសារឱ្យបានយ៉ាងល្អប្រសើរ ដោយសារតែមិនចាំបាច់ត្រូវចំណាយប្រាក់ទៅលើការព្យាបាលខ្លួន។
-ធ្វើឱ្យគុណភាពជីវិតទាំងរបស់ខ្លួនឯង និងសមាជិកក្នុងក្រុមគ្រួសារល្អប្រសើរឡើង។
គោលការណ៍ក្នុងការរៀបចំផែនការថែទាំសុខភាពរបស់សមាជិកក្នុងក្រុមគ្រួសារ
-ពិនិត្យមើលរូបបែបការរស់នៅរបស់សមាជិកក្នុងក្រុមគ្រួសារថា តើយ៉ាងណាដែរ? ព្រោះការមើលថែទាំសុខភាពរបស់សមាជិកគ្រួសារនេះ មិនមែនជាការធ្វើឡើងដោយសមាជិកណាម្នាក់តែឯង ហើយទទួលបានជោគជ័យនោះទេ ប៉ុន្តែវាត្រូវអាស្រ័យលើការសហការរួមដៃគ្នា ពីសមាជិកគ្រួសារទាំងអស់ជាសំខាន់។
-តាមរយៈព័ត៌មានដែលទទួលបានពីខាងក្រៅ ចូរនាំមកកំណត់ជាផែនការក្នុងការមើលថែទាំសុខភាពរបស់សមាជិកក្នុងគ្រួសារ ដែលអាចធ្វើឡើងបាន ចំពោះសមាជិកណាម្នាក់ ឬអាចនឹងធ្វើឡើងជារួមទាំងអស់តែម្ដងក៏បាន។
ជាចុងក្រោយ នៅពេលកំណត់ផែនការក្នុងការមើលថែទាំសុខភាពរបស់សមាជិកគ្រួសារបានហើយ ត្រូវតែដំណើរការទៅតាមនោះ និងវាយតម្លៃជាដំណាក់ៗថា តើសមាជិកទាំងអស់ក្នុងគ្រួសារ អាចប្រតិបត្តិការតាមផែនការនោះបានដែរឬទេ ឬក៏យ៉ាងណា?៕