Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីវៀតណាម អំពីការវិវត្តជាវិជ្ជមានថ្មីៗ ទាក់ទិននឹងការកាត់បន្ថយភាពតានតឹង នៃជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសស្តីទី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលជួបសម្តែងការគួរសមតាមប្រព័ន្ធវីដេអូ នៅថ្ងៃនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរយ៉ាងកក់ក្តៅដល់ឯកឧត្តម ឡេ ហ័យជុង ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីការបរទេសស្តីទី និងជាលេខា នៃគណៈកម្មាធិការបក្សក្រសួងការ បរទេសវៀតណាម។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានរំលឹកដល់ដំណើរទស្សនកិច្ចថ្មីៗរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវៀតណាម កាលពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមការប្រារព្ធខួបអនុ ស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិវៀតណាម ក៏ដូចជាកិច្ចប្រជុំប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តមអគ្គលេខាធិការបក្ស តូ ឡឹម ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញជិញ និង ឯកឧត្តម ប្រធាន រដ្ឋសភា ជិន ថាញ់មិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ដែលកំពុងកើនឡើង និងមានតុល្យភាព ព្រមទាំងបានជំរុញឲ្យពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ ដោយបង្ហាញពនូវការប្តេជ្ញាចិត្ត ក្នុងការជំរុញទំនាក់ ទំនងទ្វេភាគីលើគ្រប់វិស័យ និងក្នុងការរក្សាការសម្របសម្រួលជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងវេទិកាអន្តរជាតិ ផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឡេ ហ័យជុង ក៏បានទន្ទឹងរង់ចាំនូវការចូលរួមបន្ថែមទៀត រួមទាំងការរៀបចំកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម នៅពេល ខាងមុខនេះ ផងដែរ។

រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីវៀតណាម អំពីការវិវត្តជាវិជ្ជមានថ្មីៗ ទាក់ទិននឹងការកាត់បន្ថយភាពតានតឹង នៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះការគាំទ្ររបស់វៀតណាម ដល់កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា-ថៃ នឹងការរួមចំណែករបស់វៀតណាម ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×