អ្នកលក់ស្បែកជើងជជុះ បានយំកណ្តាលអធ្រាត្រ ក្រោយភ្លៀងធ្លាក់ខ្លាំងពីយប់មិញ រហូតទឹកជន់លិចចូលឃ្លាំង ទម្លាយការខូចខាតរាប់លាន សុំទោសអតិថិជនបើរង់ចាំមិនបាន និងរីករាយក្នុងការសងប្រាក់វិញ។
ភ្លៀងធ្លាក់ខ្លាំងពាសពេញទីក្រុងបាងកក និងតំបន់ជុំវិញ ចាប់តាំងពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ រហូតទល់យប់ បានបង្កការកកស្ទះចរាចរណ៍នៅតំបន់ជាច្រើន។ ហើយនោនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងថា នឹងនៅតែមានភ្លៀងធ្លាក់ខ្លាំងក្នុងកំរិតជាង ៨០% នៅទូទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ដោយសារតែសម្ពាធខ្ពស់ពីប្រទេសចិនបានបន្តគ្របដណ្តប់ បណ្តាលឱ្យមានខ្យល់មូសុងខ្លាំង បោកបក់ពាសពេញតំបន់ភាគកណ្តាល និងភាគឦសានខាងក្រោម។
ទោះយ៉ាងណា ទឹកជំនន់មិនមែនគ្រាន់តែបង្កការរំខាន កកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កការខូចខាតយ៉ាងខ្លាំងដល់ផលិតផលទំនិញ និងផ្ទះប្រជាជន។ ជាក់ស្តែង គណនី TikTok ឈ្មោះថា mameawfls ហាងលក់ស្បែកជើងជជុះតាមអនឡាញ បានបង្ហោះវីដេអូបង្ហាញឲ្យឃើញថា ហាងរបស់ខ្លួនរងការវាយប្រហារយ៉ាងខ្លាំង ពីភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់កាលពីយប់មិញ រហូតដល់ទឹកហូរចូលឃ្លាំងតែម្តង នៅក្នុងតំបន់ Ramintra។ ផលិតស្បែកជើងជជុះដែលហៀបនឹងដាក់លក់ ហើយស្បែកជើងដែលកំពុងវេចខ្ចប់ដើម្បីរៀបចំផ្ញើជូនអតិថិជន ត្រូវខូចខាតស្ទើរតែទាំងអស់។ ហើយតម្លៃគិតរួម គឺខាតបង់លានបាតឯណោះ។
ជាមួយគ្នានេះ ស្រ្តីម្នាក់ ដែលត្រូវបានដឹងថា ជាអ្នកលក់ស្បែកជើងជជុះធំជាងគេនៅទីក្រុងបាងកក បាន Live វីដេអូតាមហ្វេសប៊ុកទាំងទឹកភ្នែកថា Footlongshoes សូមជូនដំណឹងដល់អតិថិជន ខ្ញុំត្រូវតែសុំទោសអតិថិជនទាំងអស់។ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពួកខ្ញុំមិនអាចមានពេលរក្សាទុកទាន់ទេ ព្រោះទឹកចូលមិនដល់១០នាទីផង ជន់លិចទាំងស្រុងតែម្តង។ ក្នុងនោះមានទាំងទំនិញដែលត្រៀមដឹកជូនអតិថិជននៅថ្ងៃស្អែក (ថ្ងៃទី៧ ខែកញ្ញា) ផងដែរ។
វីដេអូបានបង្ហាញបង្ហាញពីការខូចខាតស្បែកជើងដែលត្រូវបានទឹកជន់លិច អណ្តែតពាសពេញក្នុងឃ្លាំង។ ក្នុងនោះ មានស្បែកជើងនៅក្នុងបាវ គឺសើមទាំងអស់ និងមួយចំនួន ត្រូវបានច្រកថង់ អាចការពារទឹកសើមបានខ្លះ។
អ្នកលក់បានបញ្ជាក់ថា ប្រសិនបើអតិថិជនណាដែលបានវេរលុយមកទិញមិនចង់រង់ចាំទេ អាច Message មកសួរបានថាតើស្បែកជើងដែលខ្ញុំទិញអាចដឹកជញ្ជូនបានឬអត់? តើសើមប៉ុន្មាន និងរង់ចាំប៉ុន្មានថ្ងៃ ប្រសិនបើពិបាកក្នុងរង់ចាំ យើងរីករាយនឹងសងប្រាក់វិញពេញចំនួន។ តែទោះជាយ៉ាងណា នៅក្នុងការ Live នេះ គេសង្កេតឃើញថា មានមនុស្សជាច្រើនបានចូលមកបញ្ចេញមតិដើម្បីគាំទ្រហាង ព្រោះគ្មានអ្នកណាចង់ឲ្យកើតមានរឿងដ៏អាក្រក់បែបនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





@mameawfls เสียหายเป็นล้านกับน้ำท่วมครั้งนี้ #น้ำท่วมกรุงเทพ #น้ํามาเร็วมาก ♬ เสียงต้นฉบับ – MameawFLS