រឿងរ៉ាវមនុស្សសម្ព័ន្ធ មនុស្សព្រហ្ម ដែលបានបង្កើតព្រឹត្តការណ៍ឡើងក្តៅគគុក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមមកនេះ ទាក់ទងការបំផុសបំផុលនឹងមានទឹកលិចភពផែនដី ហើយអះអាងថា មានតែដីចំការម្រេចខ្លួនតែមួយគត់ នៅឯជើងភ្នំគូលេន អាចជៀសផុតពីគ្រោះមហន្តរាយ ធ្វើឲ្យមនុស្សរាប់ពាន់ម៉ឺននាក់ ដែលជឿខ្វះការពិចារណា (ឬហៅថាល្ងង់បញ្ញា) នាំគ្នាសម្រុកផ្អើលទៅភ្លូកទឹកភ្លូកដី នៅពេលនេះ ត្រូវបានបែកធ្លាយហើយ ព្រោះថា ដីចំការម្រេច ដែលមនុស្សប្រុសស្រីក្មេងចាស់យ៉ាងច្រើន កំពុងក្រាញមិនចង់វិលត្រឡប់មកស្រុកវិញនោះ គឺតាមពិតមែនជារបស់មេព្រហ្ម ខឹម វាសនា ឡើយ តែជាកម្មសិទ្ធិដីធ្លីរបស់បុរសម្នាក់ទៀត ដែលជាសមាជិករបស់គណបក្សមួយនេះប៉ុណ្ណោះ។
យ៉ាងណាមិញ បើតាមដឹង គឺកន្លងមក គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬហៅថា បក្សជួង ដែលមានលោក ខឹម វាសនា ជាប្រធាន ធ្លាប់បានរៃអង្គាសលុយពីសមាជិករបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសកូរ៉េ និងជប៉ុន ថាយកមកទិញដីទំហំ ៧០ ហិកតា ដើម្បីទុកជារបស់បក្ស តែមកទល់ពេលនេះ គេក៏មិនដឹងថាលុយទាំងនោះយកទៅធ្វើអ្វីផ្សេង ឬយ៉ាងណានោះទេ ព្រោះថា ខណៈពេលនេះ ស្រាប់តែបែកធ្លាយថាដីដែលមនុស្សកំពុងប្រមូលគ្នាផ្តុំស្នាក់នៅទីនោះ មិនមែនជារបស់បក្សមួយនេះឡើយ (ចប់ហើយ) ។
ជាក់ស្តែង បើក្រឡេកមកមើលលិខិតមួយច្បាប់ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ និងមានស្នាមដៃឈ្មោះ នី ចាន់ពិនិត្យ បានបញ្ជាក់ថា ខ្លួនគឺជាម្ចាស់ដីចំការម្រេចនោះ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
គួរឲ្យដឹងថា ម្ចាស់ដីខាងលើនេះ បានសម្រេចធ្វើរឿងនេះឡើង គឺបន្ទាប់ពីមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថា កាលពីពេលថ្មីៗនេះ ខណៈពេលសមត្ថកិច្ចចុះទៅរំសាយ ស្រាប់តែក្រុមមនុស្សទាំងនោះ ដែលហាក់កំពុងដេកសុីស្រួល បានបដិសេធមិនចេញជាដាច់ខាត (ស៊ូស្លាប់) ដោយចាត់ទុកទីកន្លែងនោះ គឺជាផ្ទះរបស់ពួកគេ ដែលកំពុងរស់នៅពោរពេញទៅដោយសេចក្តីសុខ។
តែទោះជាយ៉ាងណា អ្វីដែលទុក្ខធំ និងមហាជនកំពុងចាំសើចចំអកនោះ គឺក្រុមមនុស្សដែលក្រាញពុំវិលត្រឡប់មកវិញ ជាពិសេសអ្នកប្រមាថឪពុកម្តាយថា សុទ្ធតែជាមនុស្សអាក្រក់ឬប្រេត ទាំងនោះ ចាំមើលថាតើព្រហ្ម ខឹមវាសនា អាចជួយបាន ឬយ៉ាងណានោះទេ!!។
សូមរម្លឹកថា ចាប់តាំងពីអំឡុងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋប្រមាណជិត២ម៉ឺននាក់ ដែលពីបណ្តាខេត្តជិតឆ្ងាយផ្សេងៗ ក្នុងនោះរួមទាំងពលករ ចាកចោលការងារពីប្រទេសកូរ៉េ វិលត្រឡប់មកស្រុកខ្មែរ បាននាំកូនចៅ និងរបស់របស់ប្រើប្រាស់ ភៀសខ្លួនចោលផ្ទះសម្បែង សម្រុកធ្វើដំណើរទៅកាន់ជើងដីចំការម្រេចនោះ នៅជើងភ្នំគូលេន ប្រមូលផ្តុំស្នាក់នៅរួមគ្នា និងដើម្បីស្តាប់ការរៀបរាប់របស់លោក ខឹម វាសនា ពន្យល់ពីបញ្ហា black hole និងគ្រោះធម្មជាតិទឹកលិចលង់ផែនដីដ៏ហួសចិត្តបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








