ស្ត្រីម្នាក់តែងតែមកមកផ្ទះបងស្រីរបស់ខ្លួន ដើម្បីសុំលុយដោយមិនដឹងថា លុយវាពិបាករកប៉ុណ្ណានោះទេ រហូតដល់បងស្រីនាងឲ្យនាងធ្វើរឿងមួយ ទើបភ្ញាក់ខ្លួន និងយល់ពីតម្លៃលុយ។
ថ្ងៃមួយ ស្ត្រីម្នាក់ឈ្មោះ Hannah បានមកលេងផ្ទះបងស្រីបង្កើតរបស់នាង ប៉ុន្តែនាងមិនត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនោះទេ ព្រោះបងស្រីនាងឈ្មោះ Esther ដឹងច្បាស់ថា ប្អូនគាត់មកលេងគឺដើម្បីតែសុំលុយ និងខ្ចីលុយប៉ុណ្ណោះ។ គាត់បានឲ្យលុយប្អូនស្រីគាត់ជាញឹកញាប់ ប៉ុន្តែម្តងនេះគាត់បានឲ្យប្អូនស្រីធ្វើរឿងមួយ ដើម្បីកុំឲ្យប្អូនគាត់ទម្លាប់មកយកលុយស្រួលៗពេក។
នៅថ្ងៃនោះ គ្រាន់តែមកដល់ផ្ទះបងស្រីភ្លាម នាងមិនស្ទាក់ស្ទើរក្នុងការប្រាប់បងស្រីនាងទេថា នាងមិនមានសល់លុយច្រើនទេ នាងចង់ខ្ចីលុយ ៤០០ដុល្លាសិន។
Esther គ្រាន់តែលឺប្អូនស្រីនិយាយខ្ចីលុយបែបនោះ នាងមិនមានប្រតិកម្មអីទេ ដោយគ្រាន់តែញញឹម និងនិយាយប្រាប់ប្អូនស្រីថា “Hannah លើកនេះ បងនឹងឲ្យប្អូន ៨០០ដុល្លា ប៉ុន្តែត្រូវជួយធ្វើរឿងមួយឲ្យបងសិន”។
គ្រាន់តែលឺថាបងស្រីឲ្យ ៨០០ដុល្លា Esther ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលខុសពីសព្វដង ព្រោះពេលមក ខ្ចីលុយរាល់ដង នាងត្រូវនិយាយបញ្ចុះបញ្ជូលបងស្រីនាងយ៉ាងច្រើន ទើបបានលុយ។ នាងនិយាយថា តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីជួយបង? ខ្ញុំអាចធ្វើអ្វីគ្រប់រឿង ដែលបងចង់ឲ្យខ្ញុំធ្វើ។
Esther ប្រាប់ប្អូនស្រីថា មានអុសនៅខាងក្រោយផ្ទះច្រើនណាស់ ហើយនេះជាកាំបិត និងញញួរជួយពុះវាឲ្យបងផង។ បងមានលក្ខ័ណ្ឌ ២ គឺ មិនត្រូវឲ្យនរណាគេជួយ ឬប្រើប្រាស់អ្វីផ្សេងក្រៅតែពីកាំបិត និងញញួរទេ។
បន្ទាប់ពីបងស្រីប្រាប់រួច Hannah បានទៅខាងក្រោយផ្ទះ និងរាប់ឃើញមានអុស ២០០កង់។ នាងមានពេល ៣ម៉ោងដើម្បីពុះអុសនោះ។ នាងគិតក្នុងចិត្តថា នាងអាចធ្វើវាបាន ហើយនាងក៏បានប្រាប់បងស្រីនាងថា នាងអាចធ្វើបាន។
បន្ទាប់ពីពុះអស់ កន្លះម៉ោង នាងមានជំនឿចិត្តថា នាងអាចបញ្ចប់វាមុនពេលកំណត់បាន។ ប៉ុន្តែអ្វីៗមិនស្រួលដូចនាងគិតនោះទេ ដោយកិច្ចការនោះកាន់តែពិបាកទៅៗ នៅពេលនាងអស់កម្លាំងហើយដៃរបស់នាងពងពេញ ដោយសារពុះអុសទាំងនោះ រួចនាងក៏សម្រេចចិត្តឈប់ធ្វើវា។
ទោះយ៉ាងណា បងស្រីនាងនៅតែឲ្យលុយ ៨០០ដុល្លាដល់នាង ហើយខណៈនាងទទួលយកលុយនាងភ្ញាក់ខ្លួនដឹងថា ដៃបងស្រីរបស់នាងពោរពេញទៅដោយពង ដោយសារកិច្ចការលំបាកទាំងនោះដើម្បីបានលុយចិញ្ជឹមជីវិត។
Esther អាយុលើសប្អូនស្រីនាងតែ ៣ឆ្នាំប៉ុណ្ណោះប៉ុន្តែមានភាពចាស់ទុំជាង Hannah ឆ្ងាយណាស់។
Esther បានប្រាប់ប្អូស្រីនាងថា បងមិនចងឲ្យប្អូនរស់នៅបែបនេះទៀតទេ។ ប្អូននឹងមិនអាចពឹងពាក់ខ្លួនឯងបាននោះទេ បើបងនៅតែឲ្យលុយប្អូនស្រួលៗ។ ពេលបងឲ្យប្អូនពុះអុសដោយមិនប្រើពូថៅ មកពីបងចង់ឲ្យប្អូនយល់ថា រាល់ការងារទាំងអស់ មិនអាចសម្រចបានដោយគ្មានការប្រឹងប្រែងនោះទេ។ ប្អូននៅក្មេងណាស់ ដូច្នេះគួរប្រើពេលវេលាដើម្បីរៀនពីអ្វីៗនៅជុំវិញខ្លួន។
ចាប់ពីពេលនោះមក Hannah បានសម្រេចចិត្តរកការងារធ្វើដើម្បីសន្សំលុយ ហើយនាងក៏មិនដែលសុំលុយបងស្រីនាងទៀតទេ។ នាងបានដឹងច្បាស់ថា វិធីមួយដើម្បីផ្លាស់ប្តូរជីវិតនាងគឺត្រូវខិតខំធ្វើការ ហើយវាក៏មិនដែលហួសពេល ដើម្បីផ្លាស់ប្តូរជីវិតដែរ៕ សុភ័ក្ត្រ