ភ្នំពេញ៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ ធនាគារ អភិវឌ្ឍន៍អាស៊ី ADB ជាដៃគូអភិវឌ្ឍន៍មួយ ដោយបានគាំទ្រវិស័យ TVET តាំងពីឆ្នាំ១៩៩៦ ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន លើគម្រោង Basic Skills Project និងបន្តគាំទ្រវិស័យ TVET តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំទី១ និងទី២ គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (STVET) គម្រោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ (TVETSDP) ដែលនឹងចប់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២២ និង គម្រោងជំនាញ សម្រាប់ការប្រកួតប្រជែង (Skills for Competitiveness) ដែលកំពុងអនុវត្ត ហើយនឹងត្រូវបញ្ចប់ នៅខែមេសាឆ្នាំ២០២៥។

ក្នុងជំនួបជាមួយ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ (TVET) កន្លងទៅនេះ ឯកឧត្តម អ៉ិត សំហេង បានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន និង កំពុងសិក្សាស្រាវជ្រាវរៀបចំ “គម្រោងជំនាញសម្រាប់សេដ្ឋកិច្ច នាពេលអនាគត (Skills for Future Economy)” ក្នុងគោលបំណងចម្បង គឺដើម្បីធ្វើឱ្យឧស្សាហកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

លោក ស្រី Jyotsana Varma នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្លែងថា នៅក្នុងដំណាក់ កាលកូវីដ ១៩ ទាំង ADB និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការច្រើនណាស់ ដើម្បីរួមគ្នាសម្រេចបាន ជោគ ជ័យ ធ្វើយាងណាឱ្យយុវជន ទទួលបានការបណ្តុះបណ្តាល ទាំងចំណេះដឹងជំនាញ កសាងអនាគត របស់ ពួកគេឱ្យភ្លឺស្វាង។

ឯកឧត្តម អ៉ិត សំហេង បានបញ្ជាក់ថា គម្រោងនេះ បានចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ ឧស្សាហកម្មគោលនយោបាយ អភិវឌ្ឍន៍មុខរបរ និងការងារ និង គោលនយោបាយជាតិស្តីពីការ អប់រំ បណ្តុះ បណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ គម្រោងនេះ ក៏នឹងឆ្លើយតបទៅ នឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ វិស័យ ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ផែនការយុទ្ធសាស្រ្ត សកម្មភាព ការធ្វើទំនើបកម្ម ប្រព័ន្ធអប់រំ បណ្តុះ បណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ និង ផែនការមេសម្រាប់ ការអភិវឌ្ឍគ្រឹះស្ថាន TVET រួម មានហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍ សម្ភារ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្តុះ បណ្តាល ប្រាក់ឧបត្ថម្ភសិស្ស កម្មសិក្សា (គ្រូ និង សិស្ស) និងការសិក្សាផ្អែកលើការងារ៕
