ស្ត្រីអាយុ ៤៥ ឆ្នាំម្នាក់ បានចែករំលែកអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះរបស់នាង ជាមួយបុរសអាយុ ៧១ ឆ្នាំ ដោយលុបបំបាត់ការរើសអើង និងមន្ទិលសង្ស័យរបស់សាធារណជន អំពីបញ្ហាស្នេហាខុសវ័យ។ ប្តីប្រពន្ធជនជាតិអាមេរិក Ben និង Allison Hornsby បានជួបគ្នាដំបូងក្នុងឆ្នាំ១៩៩៨ ត្រឹមតែប៉ុន្មានឆ្នាំបន្ទាប់ពី Allison បានបញ្ចប់ការសិក្សានៅវិទ្យាល័យ ខណៈដែល Ben គឺជាអ្នកផ្ញើសំបុត្រ នៅហាងបញ្ចាំដែលនាងធ្វើការ។
គូស្នេហ៍ទាំងពីរបានរៀបការនៅខែមករា ឆ្នាំ២០០២ ហើយវាមានរយៈពេលជិត២០ឆ្នាំមកហើយ។ Allison បានចែករំលែកថា អាពាហ៍ពិពាហ៍របស់ពួកគេគឺរឹងមាំ ហើយ Ben “ចាត់ទុកនាងដូចជាម្ចាស់ក្សត្រី”។ ប្តីប្រពន្ធនេះមានកូនបីនាក់ (កូនប្រុសច្បងអាយុ ១៩ ឆ្នាំ) និងកូនភ្លោះ (ស្រីនិងប្រុស អាយុ ១៥ ឆ្នាំ)។
វាមិនពិបាកស្មាននោះទេ នៅពេលដែលមានភាពខុសគ្នានៃអាយុដ៏ច្រើនបែបនេះ គូស្នេហ៍មួយគូនេះធ្លាប់ទទួលរងនូវការរិះគន់ និងមន្ទិលសង្ស័យជាច្រើន ពីសំណាក់មហាជន។ Allison បាននិយាយថា នាងតែងតែត្រូវបានវិនិច្ឆ័យដោយស្ត្រីផ្សេងទៀត ហើយទទួលបានសារបៀតបៀនពីមនុស្សប្រុសជាច្រើន។
Allison បាននិយាយថា៖ “ពីរបីដង មិត្តភ័ក្តិរបស់កូនៗរបស់យើងនៅសាលា បានសួរថាតើ Ben ជាជីតារបស់ពួកគេឬអត់ ហើយគ្រូខ្លះយល់ច្រឡំថាគាត់ជាជីតារបស់ពួកគេ។ ពេលខ្លះខ្ញុំយល់ឃើញថា មានស្ត្រីនិយាយរិះគន់ចំពោះខ្ញុំ។ យើងក៏ទទួលបានសារប្រមាថជាច្រើនពីបុរសនៅលើបណ្តាញសង្គម។ មានការអត្ថាធិប្បាយមិនសមរម្យនៅលើវីដេអូថើបគ្នារបស់ពួកយើង ដោយនិយាយថា ‘រំខានណាស់'”។
ទោះបីជាមានភាពខុសប្លែកគ្នាពីអាយុរបស់ពួកគេ និងពេលខ្លះមានការអត្ថាធិប្បាយដ៏ឈ្លើយពីមនុស្សចម្លែកៗក៏ដោយ ក៏ក្រុមគ្រួសារ និងមិត្តភក្តិរបស់ Allison និង Ben តែងតែគាំទ្រទំនាក់ទំនងរបស់ពួកគេផងដែរ។
បើតាម Allision បងស្រីរបស់នាងស្រឡាញ់បងថ្លៃខ្លាំងណាស់ ហើយមិត្តភក្តិរបស់នាងតែងតែគាំទ្រយ៉ាងខ្លាំង ចំពោះការស្រលាញ់របស់នាង។ ចំណែកខាងគ្រួសាររបស់ Ben ក៏ស្រលាញ់និងរីករាយក្នុងការទទួលយកទំនាក់ទំនងខុសវ័យនេះដែរ។
ហើយជាការពិត បើទោះបីជាមានការវិនិច្ឆ័យច្រើនពីសំណាក់អ្នកខាងក្រៅក៏ដោយ ក៏គូស្នេហ៍មួយគូនេះ មិនខ្លាចក្នុងការចែករំលែកក្តីស្រលាញ់របស់ពួកគេ ទៅកាន់ពិភពលោកនៅលើបណ្តាញសង្គមនោះទេ។
Allison បាននិយាយថា “យើងស្រលាញ់វិធីដែលយើងនៅជាមួយគ្នា។ Ben គឺជាបុរសក្នុងសុបិនរបស់ខ្ញុំ។ ខ្ញុំចូលចិត្តរបៀបដែលគាត់ចាត់ទុកខ្ញុំដូចជាមហាក្សត្រី។ គាត់តែងតែគាំទ្រ ធ្វើឱ្យខ្ញុំមានអារម្មណ៍ស្វាគមន៍ និងគោរពយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពនៃការស្រលាញ់»។
នាងបន្តថា “យើងចង់ចែករំលែកក្តីស្រលាញ់របស់យើង ព្រោះយើងដឹងថាអ្វីដែលយើងចែករំលែកគឺស្រស់ស្អាត និងប្លែក។ យើងចង់ធ្វើជាគំរូនៃអាពាហ៍ពិពាហ៍ដ៏រឹងមាំសម្រាប់អ្នកដទៃ”។
ចែករំលែកទស្សនៈរបស់នាង ចំពោះស្នេហា Allison បានណែនាំថា៖ “ធ្វើតាមការវិនិច្ឆ័យរបស់ខ្លួនឯង កុំឱ្យគំនិតអ្នកដទៃប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នក។ បើអ្នកស្ថិតក្នុងទំនាក់ទំនងដ៏ល្អ និងការគោរពគ្នាទៅវិញទៅមក កុំគិតច្រើនចំពោះការវិនិច្ឆ័យរបស់អ្នកដទៃ។ សេចក្ដីស្រឡាញ់គឺជាការមិនវិនិច្ឆ័យ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




