មិនមែនណែនាំឱ្យចេះអែបអប ធ្វើរណេបរណឺប ដើម្បីឱ្យចៅហ្វាយនាយស្រឡាញ់ពេញចិត្តនោះទេ តែ ជាវិធីធ្វើការងារឱ្យចៅហ្វាយនាយទុកចិត្តលើស្នាដៃរបស់អ្នករៀងរាល់ពេល ហើយវិធីតទៅនេះ នឹងឆ្លុះបញ្ចាំងឱ្យលោកនាយមើលឃើញថា អ្នកជាមនុស្សយកចិត្តទុកដាក់លើការងារ ស័ក្តិសមជាផ្នែកមួយនៃក្រុមការងារគុណភាពពឹតប្រាកដមែន។
១-ស្គាល់ពីការងារដែលកំពុងធ្វើ ឱ្យបានច្បាស់
ចាប់ផ្តើមពីការស្គាល់គោលការណ៏របស់ក្រុមហ៊ុន ដែលខ្លួនកំពុងធ្វើនៅពេលនេះថា គឺជាអ្វី? បន្ទាប់មកក៏ចាប់យកម្តងមួយៗយកមកធ្វើ ក្នុងមុខតំណែងដែលអ្នកកំពុងធ្វើ ដើម្បីឱ្យមើលឃើញភាពធំទូលាយ និងធ្វើការទៅតាមទិសដៅ ដែលស៊ីចង្វាក់គ្នា ឱ្យបានខ្លាំងបំផុត។
២-វាយតម្លៃលើលទ្ធផលការងាររបស់ខ្លួនឯង
ធ្វើការមកដល់ពេលនេះហើយ ត្រូវតែយល់ដឹងឱ្យបានច្បាស់ថា ការងារដែលអ្នកកំពុងធ្វើនេះ ត្រូវប្រើជំនាញអ្វិខ្លះ? ត្រូវធ្វើជាគំរូអ្វីខ្លះ ដើម្បីឱ្យការងារសម្រេចដល់គោលដៅ បន្ទាប់មកក៏សរសេរជារបាយការណ៍បញ្ជាក់ថា តើយើងធ្វើបានល្អច្រើន ឬតិចប៉ុនណា? រួចហើយចាត់ការពង្រឹងចំណុចខ្សោយរបស់ខ្លួនជាបន្ត។
៣-ពឹងលើខ្លួនឯង
ហាត់ធ្វើជាបុគ្គលឹក ដែលខំជំរុញការងាររបស់ខ្លួនឯង ឱ្យដំណើរការទៅមុខដោយមិនចាំបាច់ឱ្យលោកនាយមកចាំចង្អុលបង្ហាញគ្រប់ពេលឡើយ។ អ្វីដែលសំខាន់នោះគឺ ត្រូវធ្វើឱ្យបានសម្រេចតាមដែលធ្លាប់បាននិយាយកន្លងមក មិនដូច្នោះទេច្បាស់ជាបានខ្មាសគេមិនខាន។
៤-សាងបរិយាកាសការធ្វើការងារក្នុងផ្លូវវិជ្ជមាន
កុំធ្វើជាបុគ្គលិកដែលចាំតែនិយាយដើមចៅហ្វាយនាយ ឬក្រុមហ៊ុនពីក្រោយខ្នង។ ពិតមែនហើយ ការបាននិយាយដើមគេ វាអាចជួយទម្លាយភាពទើសទាល់ក្នុងចិត្តបានខ្លះមែន តែអ្វីដែលល្អ គួរប្តូរមកប្រើវិធីនិយាយអូសទាញ សម្រួលឱ្យរឿងរ៉ាវផ្សេងៗ ផ្លាស់ប្តូរទៅក្នុងផ្លូវល្អទើបប្រសើរជាង។ ពេលនោះអ្នកនឹងធ្វើការយ៉ាងមានសេចក្តីសុខ ហើយក្រុមហ៊ុនក៏ទទួលបានប្រយោជន៍ទៀតផង។
៥-ធ្វើការឱ្យបានតាមគោលដៅរបស់ចៅហ្វាយនាយ
ការដែលយើងធ្វើការងារបានសម្រេចតាមគោលដៅ ក្រៅពីជួយឱ្យមើលឃើញថា លោកនាយរបស់យើងគ្រប់គ្រងកូនក្រុមបានល្អហើយ នៅអាចពិសោធបានទៀតថា អ្នកជាមនុស្សធ្វើការល្អ មានគុណភាព និងទៀងពេលវេលា ដែលទាំងអស់នេះបញ្ជាក់ពីភាពជា “អ្នកជំនាញការងារ ” របស់អ្នក។ គន្លឹះសម្ងាត់ដែលគួរចងចាំឱ្យជាប់ក្នុងចិត្តនោះគឺ តើពេលនេះ ការងារសំខាន់របស់លោកនាយគឺអ្វី? ហើយអ្នកគួរផ្ចង់ការយកចិត្តទុកដាក់ទៅលើការងារនោះ។
៦-កំហុស គឺជាគ្រូ
ពើងទ្រូងទទួលកំហុសដែលបានធ្វើភ្លាត់ភ្លាំង រួចប្រញាប់កែសម្រួល ហើយទុកកំហុសទាំងអស់នោះ ដូចជាគ្រូ វានឹងប្រសើរជាងគិតតែពីបន្ទោសខ្លួនឯង ឬបន្ទោសអ្នកដទៃ។
៧-ខំប្រឹងបង្កើនជំនាញ និងចំណេះដល់ខ្លួនឯង
ក្រុមហ៊ុនខ្លះមានរៀបចំជាថ្នាក់បង្រៀនពិសេសផ្សេងៗ ដើម្បីបង្កើនចំណេះ និងជំនាញដល់បុគ្គលិក ឬសូម្បីតែការងារសប្បុរសធម៌ដើម្បីសង្គមជាដើមទៀតផង។ ទោះបីមិនមែនជាការងារចម្បងក៏ដោយ ក៏គួរតែចូលរួមដែរបើមានពេល ព្រោះវានឹងធ្វើឱ្យអ្នកស្គាល់គេ ស្គាល់ឯងកាន់តែច្រើន និងមានជំនាញផ្នែកផ្សេងៗបន្ថែមទៀតផង។
៨-សុភាព ឱនលំទោន
ធ្វើខ្លួនសុភាពរាបសា ផ្តល់ការគោរពចំពោះចៅហ្វាយនាយក្នុងថានៈជាមេក្រុមការងារ។ ពេលនៅចំពោះមុខ ឬនៅក្រោយខ្នង ចូរនិយាយតែរឿងល្អៗ តែបើសិនធ្វើមិនបាន យ៉ាងហោចណាស់ ក៏មិនគួរនិយាយពីលោកនាយក្នុងន័យអាក្រក់ដែរ ព្រោះយើងមិនដឹងថា អ្វីដែលយើងនិយាយនោះ នឹងត្រូវឮទៅដល់ត្រចៀកលោកនាយនៅពេលណាឡើយ ហើយដល់ពេលនោះ លទ្ធផលដែលទទួលបាន ប្រហែលជាមិនល្អប៉ុន្មានឡើយ។
៩-ធ្វើការងារជាក្រុម
បង្ហាញឱ្យលោកនាយមើលឃើញថា អ្នកនឹងមិត្តរួមការងារទាំងអស់ មានគោលដៅក្នុងការធ្វើការងាររួមគ្នា។ ពេលដែលនរណាម្នាក់ជាប់ស្ទះក្នុងរឿងអ្វីមួយ អ្នកត្រៀមខ្លួនជានិច្ច ក្នុងលូកដៃចូលទៅជួយ ដើម្បីឱ្យបានទៅដល់គោលដៅជាមួយគ្នាយ៉ាងឆាប់រហ័ស។ នេះហើយជាការធ្វើការងារជាក្រុម ដែលក្រុមហ៊ុនមួយណាក៏ចង់បានដែរ ។
១០-សំរាកខ្លះផង
ពិតណាស់ថា ភាពឧស្សាហ៍ព្យាយាម វាជារឿងមួយល្អ តែបើដល់ថ្នាក់វីវក់ ងប់ងល់នឹងការងារខ្លាំងពេក ក៏អាចនឹងធ្វើឱ្យខូចខួរក្បាលបានដែរ ដូច្នេះគួររកពេលវេលាសម្រាក ដើម្បីបង្កើនកម្លាំងថាមពល និងទស្សនៈថ្មីៗដល់ជីវិតខ្លះផង។ វាជារឿងមួយដែលគួរធ្វើ ព្រោះយើងមិនមែនជាមនុស្សយន្តទេ៕