ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដ៏មិននឹកស្មានដល់ ដែលបានបណ្តាលឲ្យឪពុកម្តាយតារាចម្រៀងស្រី កញ្ញា សុវត្តិឌីធារិកា ស្លាប់ទៅជាមួយគ្នា កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ គឺបានធ្វើឲ្យមជ្ឈដ្ឋានមហាជនគ្រប់ស្រទាប់ សម្តែងនូវក្តីសោកសង្រេងយ៉ាងខ្លាំង ជាពិសេសអាណិតអាសូរទៅដល់ប្អូនស្រី ធារិកា ដែលជាកូនស្រីច្បងនាងយំសន្លប់ម្តងៗ ដែលពិតជាគួរឲ្យសោកស្រណោះខ្លាំងណាស់។
រហូតមកទល់ពេលនេះ គឺមានរយៈចូល ៥ ខែ ហើយកន្លងទៅហើយ ដែល សុវត្តិឌីធារិកា បានឃ្លាតឆ្ងាយពីអ្នកមានគុណទាំងពីររបស់នាង ដោយរស់នៅជាមួយប្អូនប្រុសតែពីរនាក់បងប្អូន ពឹងលើខ្លួនឯងប៉ុណ្ណោះ។
តែដោយឡែក វីដេអូមួយ គ្រាដែល ធារិកា ច្រៀងបទចម្រៀងមនោសញ្ចេតនាមួយបទ «បិណ្ឌភ្ជុំយំនឹកពុកម៉ែ» បានធ្វើឲ្យមហាជនសម្តែងនូវក្តីរំជួលចិត្តយ៉ាងខ្លាំង ខណៈឃើញនាងច្រៀងបណ្តើរ យំបណ្តើរ មិនដឹងថាក្នុងអារម្មណ៍របស់នាង រសាត់អណ្តែតអណ្តូងនឹកដល់ឪពុកម្តាយខ្លាំងប៉ុណ្ណានោះទេ។
ក្រោយពីបានឃើញហើយ អ្នកលេងបណ្តាញសង្កមបានសម្តែងក្តីរំជួលចិត្តតាម ដោយបញ្ចេញអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំស្ដាប់មួយព្រឹកហើយនៅតែមិនឆ្អែត, អាណិតអូនណាស់ បងយំតាមហើយ, សសើរគាត់ណាស់ ច្រៀងទាំងទឹកភ្នែកហូរ ហើយនៅតែច្រៀងពិរោះ ហើយកំសត់ទៀតមើលទៅគាត់រឹងមាំណាស់, ស្ដាប់ផងមើលប្អូនស្រីផង ទប់ទឹកភ្នែកមិនជាប់ទេ កម្សត់ខ្លាំងណាស់ រីឯអត្ថន័យបទចំរៀងនិងសំនៀងប្អូនក៏ពិរោះបន្ថែមទៀត, ស៊ូៗណាប្អូនស្រី, …»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















