ជាការពិតណាស់ តាមការសង្កេតមើលសព្វថ្ងៃនេះ នៅតាមកន្លែងភ្លើងស្តុប ឬ កន្លែងផ្លូវបំបែកជាច្រើន គេកម្រឃើញប៉ូលីសចរាចរ ប្រចាំការនៅទីនោះឡើយ បើទោះជាកន្លែងខ្លះ មានការកកស្ទះចរាចរណ៍សឹងជារៀងរាល់ថ្ងៃក៏ដោយ។
ជាក់ស្តែង នៅផ្លូវ 566 (ជិតសាលា paragon ទួលគោក) ដែលតែងតែកកស្ទះជាប្រចាំ ប៉ុន្តែ គេពុំដែលឃើញវត្តមានប៉ូលីសចរាចរណាម្នាក់ ទៅជួយសម្រួលចរាចរណ៍នៅទីនោះសោះឡើយ ដោយឃើញតែពូរត់ម៉ូតូឌុបដ៏មានឆន្ទៈម្នាក់ សុខចិត្តផ្អាករត់ម៉ូតូសិន ដើម្បីជួយសម្រួលដល់បងប្អូនធ្វើដំណើរ បានរួចផុតពីការកកស្ទះប៉ុណ្ណោះ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Pheary Pisey បានឲ្យដឹងថា៖ «គាត់ជួយធ្វើចរាចរណ៍កន្លែងហ្នឹង(ជិតសាលា paragon ទួលគោក) យូរហើយ កុំតែបានគាត់ទេ ម្តុំហ្នឹងស្ទះណាស់ ខ្ញុំធ្លាប់ជូនលុយគាត់ៗ ប្រាប់ថាគាត់មានកូនឈឺនៅផ្ទះ(ទាក់ទងនឹងសសៃប្រសាទ)ត្រូវមើលថែ។ គាត់រត់ម៉ូតូផង និងមកជួយសំរួលចរាចរណ៍ផង»។ ពូរត់ម៉ូតូឌុបរូបនេះ ក៏ត្រូវគេឃើញតែងមកជួយសម្រួលចរាចរណ៍នៅទីនោះ សឹងជារៀងរាល់ថ្ងៃ ពោលគឺមានរយៈពេលជិត ៥ ឆ្នាំ ហើយ។
ទាក់ទងរឿងប្រជាពលរដ្ឋ បែរជាទៅជួយសម្រួលចរាចរណ៍ទៅវិញ ឡើងបែកញើសជោគអាវបែបនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម បានដាក់ចំៗថា៖ «ជិះរាល់ថ្ងៃ ដូចមិនសូវឃើញប៉ូលេសធ្វើទេ ឃើញតែប្រជាជនធ្វើ តែបើកន្លែងចាប់មួក កញ្ចក់ វិញ មានគ្រប់កន្លែងម្មង, ភារកិច្ចបែបនេះ ប៉ូលិសអត់ធ្វើនោះទេ ប៉ុន្តែ បើអា ៦ ម៉ឺន ទៅ ១០ ម៉ឺនរៀល ធ្វើងាប់ចោល ទោះថ្ងៃក្តៅហែងក៏ស៊ូដែរ, ឈរចាំពេលនរណាជិតហួសស្កុប និងខ្សែកំនូសថ្មើរជើង ឈប់លើសតិចហៅចូល ពូកែមើលណាស់ ពាក់សុទ្ធតែវ៉ែនតាខ្មៅ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











