ត្រចៀកជាអវយវៈដែលមានតួនាទីច្រើនយ៉ាងក្នុងពេលតែមួយ ទាំងទទួលរលកសំឡេងដែលមកពីខាងក្រៅ និងបំប្លែងជាសញ្ញា បញ្ជូនបន្តទៅខួរក្បាល និងថែមទាំងជួយគ្រប់គ្រងការទប់លំនឹងខ្លួនខណៈរាងកាយធ្វើចលនាទៀតផង ហើយបើសិនជាមានវត្ថុអ្វីចម្លែកចូលទៅក្នុងត្រចៀក យើងអាចប្រឈមនឹងការឈឺចាប់ និងកើតអាការខុសប្រក្រតី ដូចជា បាត់បង់លំនឹងខ្លួន ឬហ៊ឹងត្រចៀកជាដើម ហើយជាពិសេសសត្វល្អិតដែលចូលទៅនោះ អាចនឹងនាំមេរោគទៅជាមួយទៀតផង។ ថ្ងៃនេះ យើងមករៀនយល់ដឹងពីវិធីធ្វើបឋមសង្គ្រោះ ក្នុងករណីដែលមានសត្វល្អិតចូលត្រចៀក ដើម្បីនឹងបានទប់ទល់ជាមួយវាយ៉ាងត្រឹមត្រូវ នៅពេលកើតហេតុបន្ទាន់ណាមួយឡើង។
សត្វល្អិតចូលត្រចៀក គ្រោះថ្នាក់ដែរឬទេ?
ការដែលមានអ្វីវត្ថុប្លែកចម្លែកចូលទៅក្នុងត្រចៀក អាចបង្កឱ្យកើតគ្រោះថ្នាក់បាន ជាពិសេសសត្វល្អិត ព្រោះសត្វល្អិតអាចនឹងនាំមេរោគដែលបង្កឱ្យកើតអាការរលាក ឬមេរោគផ្សឹតនៅក្នុងរន្ធត្រចៀកបាន។ រឹតតែបើសិនជាសត្វចៃឆ្កែផងនោះ រឹតតែមានគ្រោះថ្នាក់ខ្លាំងទៅទៀត ព្រោះទឹកមាត់របស់សត្វចៃ នឹងបង្កឱ្យកើតអាការរមាស់យ៉ាងខ្លាំង និងថែមទាំងមានមេរោគបាក់តេរី ដែលពេលចូលទៅក្នុងចរន្តឈាមហើយ អាចធ្វើឱ្យកើតការឆ្លងមេរោគនៅក្នុងប្រព័ន្ធឈាម ដែលជាគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាព។
សត្វល្អិតចូលត្រចៀក មានអាការយ៉ាងណា និងមានអារម្មណ៍យ៉ាងណា?
ពេលមានសត្វល្អិតចូលទៅក្នុងត្រចៀកហើយ អាការដែលយើងសង្កេតឃើញបានច្បាស់នោះគឺ នឹងកើតអាការឈឺត្រចៀកយ៉ាងទាន់ហន់ភ្លាមៗ និងមានអារម្មណ៍ថាដូចមានអ្វីម្យ៉ាងនៅក្នុងត្រចៀក បើសត្វល្អិតនោះនៅមិនទាន់ងាប់ផង នឹងមានអារម្មណ៍ថា ដូចមានអ្វីកំពុងដើរ ឬហោះនៅក្នុងត្រចៀក ធ្វើឱ្យកើតក្តីរំខានយ៉ាងខ្លាំង និងបើសិនជាសត្វល្អិតនោះរាងធំផង អាចនឹងមានអារម្មណ៍ថា ណែនៗក្នុងត្រចៀក ឬធ្វើឱ្យហ៊ឺងត្រចៀកអស់មួយរយៈពេល។
សត្វល្អិតចូលត្រចៀក តើត្រូវធ្វើបឋមសង្គ្រោះយ៉ាងណា?
សត្វល្អិតដែលអាចចូលទៅក្នុងត្រចៀកបាន មានច្រើនប្រភេទ មិនថាតែសត្វល្អិតខ្លួនតូចៗ ដូចជា ស្រមោច មមង់ ចៃឆ្កែ ឬសូម្បីតែសត្វល្អិតខ្លួនធំ ដូចជា រុយ ឬកូនកន្លាតជាដើម ហើយវិធីធ្វើបឋមសង្គ្រោះមានដូចតទៅ…
បើមានសត្វល្អិតចូលត្រចៀក គួរប្រញាប់ផ្អៀងក្បាល ឱ្យត្រចៀកខាងដែលសត្វល្អិតចូលនោះ នៅខាងលើ ហើយយកបេប៊ីអយល៍ ( Baby oil ) ឬប្រេងច័ន្ទ ឬប្រេងម្កាក់ ឬថ្នាំដាក់ត្រចៀក បន្តក់ចូលទៅក្នុងត្រចៀក ដោយទាញស្លឹកត្រចៀកទៅក្រោយ ដើម្បីឱ្យរន្ធត្រចៀកត្រង់ចុះទៅក្រោម ងាយស្រួលឱ្យសត្វល្អិតអាចវារឡើង ឬអណ្តែតឡើងវិញមកបាន។ បន្ទាប់ពីនោះត្រូវស្ថិតនៅក្នុងឥរិយាបថបែបនោះប្រមាណជា ១៥-៣០នាទី ដើម្បីឱ្យសត្វល្អិតនោះអណ្តែតឡើងមក តែបើសិនជាមានសត្វល្អិតចូលត្រចៀកហើយមានអាការឈឺចាប់ក្នុងត្រចៀក មិនគួរបន្តក់ប្រេងអ្វីចូលក្នុងត្រចៀកទាំងអស់ ព្រោះអាចនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង និងថែមទាំងមិនត្រូវយកម្រាមដៃ ឬរបស់អ្វី ខ្វេះ ឬខ្វារត្រចៀកឡើយ ព្រោះអាចនឹងធ្វើឱ្យសត្វល្អិតនោះ កាន់តែធ្លាក់ចូលទៅជ្រៅជាងមុន និងអាចបណ្តាលឱ្យមានបញ្ហាដល់ក្រដាសត្រចៀកទៀតផង។
យ៉ាងណាក៏ដោយ បើសត្វដែលចូលត្រចៀកនោះ ជាសត្វល្អិតតូចៗ ដូចជា ស្រមោច មមង់ ឬមូស និងបើវានៅមិនទាន់ស្លាប់ យើងអាចប្រើវិធីជន្លវា ឱ្យចេញមកវិញបានដោយការបញ្ចាំងភ្លើងពិល ចូលទៅក្នុងរន្ធត្រចៀកមួយស្របក់ តែវិធីនេះត្រូវស្ថិតនៅក្នុងទីកន្លែងដែលងងឹតគ្មានពន្លឺអ្វីទាំងអស់ ទើបមានប្រសិទ្ធភាព។
តែទាំងអស់នេះ បើធ្វើគ្រប់វិធីខាងលើហើយ សត្វល្អិតនៅតែមិនចេញមកវិញទៀត ឬមានអាការផ្សេងទៀតជ្រៀតជ្រែក ដូចជា ឈឺត្រចៀកធ្ងន់ធ្ងរ មានឈាម ឬទឹកហូរចេញមកពីក្នុងត្រចៀក និងហ៊ឹង រហូតស្តាប់អ្វីមិនឮនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំបណ្តែតបណ្តោយយូរ ព្រោះអាចកើតការឆ្លងមេរោគ រហូតបណ្តាលឱ្យកើតអាការធ្ងន់ធ្ងរបាន៕