Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេង​ខូច! ទារ​ដំឡើង​ថ្លៃ​ជិះ​អត់​បាន រក-​វ៉ៃ-​ប្តី​ប្រពន្ធ​ភ្ញៀវ​ទេសចរ មានអី ប៉ូលី​សហៅ​ចូល​ប៉ុស្តិ៍ អស់​ធ្ងន់ កុំ​ចេះតែ​ហ៊ាន

spot_img

រឿងរ៉ាវរត់ម៉ូតូកង់បីជនជាតិថៃ ​ដែលរកវាយអ្នកទេសចរប្តីប្រពន្ធមួយ​បន្ទាប់ពីពួកគេបដិសេធ​មិនព្រមឲ្យថ្លៃ​ជិះដែលទារច្រើនពេក​បានកំពុងល្បីពេញប្រទេសសិង្ហបុរី។ គួរបញ្ជាក់ឲ្យដឹងថា នេះជារឿងធម្មតានៅក្នុងប្រទេសថៃ ដែលរត់ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី ត្រូវបានដឹងថា នឹងព្យាយាមគិតប្រាក់ច្រើនជាងតម្លៃក្នុងស្រុកធម្មតា ប្រសិនបើពួកគេដឹងថា អ្នកដំណើរនោះជាជាភ្ញៀវទេសចរ។

តែទោះជាយ៉ាងណា អាកប្បកិរិយាមិនល្អបែបនេះ ពុំត្រូវបានគាំទ្រ ដោយជនជាតិថៃផ្សេងទៀតទេ។ អ្នកទេសចរមកពីប្រទេសសិង្ហបុរី បានចែករំលែកបទពិសោធន៍របស់គាត់ បន្ទាប់ពីគាត់ត្រូវបានអ្នកបើកម៉ូតូកង់បីជនជាតិថៃម្នាក់នោះ ស្រែកសម្លុតគំរាមវាយ ដោយបានចង្អុលមុខគាត់ ជាមួយកំហឹងយ៉ាងខ្លាំង។

អ្នកទេសចរជនជាតិសិង្ហបុរីនោះ ដែលមានឈ្មោះ John Chen បានអះអាងថា គាត់ជាជនរងគ្រោះ ដោយសារតែអ្នកបើកម៉ូតូកង់បីម្នាក់ បានព្យាយាមដំឡើងថ្លៃ បន្ទាប់ពីការធ្វើដំណើរបានចាប់ផ្តើមរួចហើយ។ វីដេអូមួយត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់ tiktok ដែលមានឈ្មោះថា “BKKdiaries” ដោយនិយាយថា “អ្នកបើកម៉ូតូកង់បីព្យាយាមគិតថ្លៃបន្ថែម លើសពីតម្លៃជិះធម្មតា។ ខ្ញុំមិនយល់ស្របនឹងរឿងនេះ​ទេ ហើយគាត់បានឈប់លើ​ផ្លូវ ហើយចាប់ផ្តើមវាយខ្ញុំតែម្តង។ ហើយបន្ទាប់មក ខ្ញុំក៏បានរាយការណ៍ទៅ​ប៉ូលិស»។

John Chen ក៏បានបញ្ជាក់ថា​៖ «​មុននេះ​ ក៏មានករណីអ្នកបើកតាក់ស៊ី​ប្រើ​អំពើ​ហិង្សា​លើ​អ្នកទេសចរផងដែរ ដោយសាររឿងទារថ្លៃជិះស្រដៀងគ្នានេះ។ ខ្ញុំសង្ឃឹមថា ក្រុមអ្នករត់កង់បី ឬ តាក់សុី នៅទីក្រុងបាងកក នឹងកែលម្អស្ថានភាពមិនល្អនេះ។ សូមអ្នកទេសចរប្រុងប្រយ័ត្ន មុនឡើងជិះ។ ហេតុការណ៍នេះ​បានកើតឡើងកាលពីថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និង​៤៥​នាទី»។

John បានប្រាប់ AsiaOne អំពីរឿងហេតុនេះឲ្យដឹងថា គាត់បានហៅម៉ូតូកង់បីពី Central World មកបន្ទប់របស់គាត់នៅជិតស្ថានីយ៍ BTS Surasak ។ តម្លៃត្រូវបានយល់ព្រម ១៦០ បាត ប៉ុន្តែអ្នកបើកបរបានព្យាយាមដំឡើងតម្លៃដល់ ៣០០ បាត បន្ទាប់ពីការជិះបានចាប់ផ្តើម ស្រាប់តែអ្នកបើកបរ​បានអះអាងថា ខុនដូ​នៅ​ឆ្ងាយពេក ហើយអ្នកដំណើរ​បានបដិសេធមិនបង់ថ្លៃ​តម្លើងថ្មីនោះ​ទេ។ អ្នកបើកបរ​ត្រូវបានគេ​ឃើញ​ក្នុងវីដេអូ ស្រែកដាក់អ្នកដំណើរ​ជា​ភាសា​ថៃ និង​អង់គ្លេស ដ៏មិនសមរម្យ។ គាត់បានបញ្ចប់រឿង ជាមួយការបង់ប្រាក់ 100 បាត ដល់អ្នកបើកបរ។ John ក៏បានអះអាងដែរថា អ្នកបើកបរ​បានរុញគាត់ ហើយព្យាយាមវាយគាត់ថែមទៀត។ John ​បានដើរចេញ​ទៅ​រាយការណ៍ប្រាប់ប៉ូលិស។

ក្រោយទទួលបានអំពីករណីនេះ អ្នករត់កង់បីរូបនោះឈ្មោះ Thongkham Cherdchai អាយុ ៥៧ ឆ្នាំ ត្រូវបានប៉ូលីសហៅចូលប៉ុស្តិ៍កាលពីថ្ងៃច័ន្ទ ចំពោះទង្វើបញ្ចេញអាកប្បកិរិយាកោងកាច និងឆេវឆាវ ទៅលើគូស្នេហ៍សិង្ហបុរី ក្នុងការទារប្រាក់លើសពីការព្រមព្រៀងគ្នាសម្រាប់ការជិះ និងធ្វើការផាកពិន័យប្រាក់ចំនួន ១,០០០ បាត ពីបទប្រើប័ណ្ណបើកបរ (ពែកមី) ខុស ក្នុងការបើកបរសាធារណៈ។

ជាមួយគ្នានេះ អ្នកនិយមលេងអ៊ីនធឺណិត ​ក៏បានណែនាំអ្នកទេសចរផ្សេងទៀត​ឲ្យជិះ​រថភ្លើងលើ​អាកាស ឬ​ប្រើ​សេវា​តាក់ស៊ីម៉ែត្រ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×