Thursday, July 7, 2022

ចាប់ខ្លួន​កូនប្រុស​តិរិច្ឆាន​ចាក់​សម្លាប់ឪពុក រឿង​ស្តីបន្ទោស​ដើរ​ផឹកស៊ី​

​​ព្រះសីហនុ​-​សៀមរាប​៖ កូនប្រុស​ចិត្ត​តិរិច្ឆាន​វ័យ​ទើបតែ​១៧​ឆ្នាំ មិន​បាន​សងគុណ​អ្វី​ទៅ​លោកឪពុក ហើយ​ថែមទាំង​ហ៊ាន​លើក​ដៃ​ចាប់​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន​ថែម​ទៀត នៅឯ​ខេត្ត​សៀមរាប ប៉ុន្ដែ​អំពើ​ឃោរឃៅ​នេះ​រំលង​បាន​ត្រឹមតែ​៥​ថ្ងៃ​ប៉ុណ្ណោះ ដែល​ជនសង្ស័យ​បាន​រត់គេចខ្លួន ពី​ខេត្ត​សៀមរាប រហូតដល់​ខេត្ត​ព្រះសីហនុ ក៏​ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួនបាន​។

ការចាប់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​ដោយ​មាន​កិច្ច​សហការ​ពី​កងកម្លាំង​នគរបាល​ខេត្តសៀមរាប នគរបាល​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​មក​ខេត្ត​សៀមរាប​វិញ ដែល​ជា​ទី​កន្លែង​កើតហេតុ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បានឲ្យដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ ត្រូវបាន​ធ្វើឡើង តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ របស់លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ពី​បទ​ឃាតកម្ម ចាក់​សម្លាប់​ឪពុក​បង្កើត​ឈ្មោះ សុខ ប៉ក់ អាយុ​៤៩​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ចាន់​ហៀរ ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ ជនសង្ស័យ​ឈ្មោះ ប៉ក់ ផាន់ ហៅ​រើ​ន អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​មុនពេល​ឃាត់ខ្លួន នៅ​ភូមិ​បឹងមាលា ឃុំ​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ហើយ​ត្រូវ​ចាប់ខ្លួនបាន​នៅ​ចំណុច​ការដ្ឋាន​សំណង់​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​ប្រគល់​ជូន​សមត្ថកិច្ច​ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប យក​ទៅ​ចាត់ការ​បន្ដ​តាមច្បាប់​។​

​សូមបញ្ជាក់​ថា មាន​ករណី​ឃាតកម្ម កូនប្រុស​ចាក់​សម្លាប់​ឪពុក​ខ្លួនឯង កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា នៅ​ភូមិ​ចាន់​ហៀរ ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កន្លងទៅ​។ ហើយ​ចាប់បាន​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ខេត្ត​ព្រះសីហនុ​។ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្ត ទទួលបន្ទុក​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ នេះ​ថា កម្លាំង​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈានដល់​ការឃាត់ខ្លួន​កូនប្រុស​ដែល​ចាក់​សម្លាប់​ឪពុក​ខ្លួន​ឯង កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា នៅ​ភូមិ​ចាន់​ហៀរ ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ លោក​បន្តថា លោក​កំពុងធ្វើដំណើរ​ទៅ​យក​ជនសង្ស័យ​ដែល​ចាក់​សម្លាប់​ឪពុក​ខ្លួនឯង ដែល​កម្លាំង​នគរបាល​សហការគ្នា​ចាប់បាន​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ជនសង្ស័យ​កំពុង​លាក់ខ្លួន​ធ្វើការ​សំណង់​។​

អង្គ​ហេតុ​នៃ​រឿងនេះ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ជនរងគ្រោះ​មាន​ជម្លោះ​ពាក្យសំដី​ជាមួយ​ជនសង្ស័យ អំពី​រឿង​ជន​សង្ស័យ​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ​ដើរ​តែ​ផឹក ពេល​ចូល​ផ្ទះ​ម្តងៗ​សុំ​តែ​លុយ ក៏​កើត​រឿង​ឈ្លោះ​គ្នា​ធ្វើអោយ​ជនសង្ស័យ​ដើរ​ចេញពីផ្ទះ​បាត់​។ លុះ​ដល់​ល្ងាច​ថ្ងៃ​ដដែល​ជនសង្ស័យ​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ ដោយ​មាន​សភាព​ស្រវឹង ពេល​នោះ​ជនសង្ស័យ​និង​ជនរងគ្រោះ​ក៏​មាន​ការ​​ឈ្លោះប្រកែក​គ្នា​បន្ត​ទៀត ដោយ​ជនរងគ្រោះ​និយាយ​ដដែលៗ​អំពី​រឿង​ជនសង្ស័យ​ដើរ​ផឹក ទើប​ជនសង្ស័យ​ខឹង​ក៏​បាន​យក​កាំបិត​ផ្លែ​ដែក​ដង​ឈើ​ចាក់​មក​លើ​ជនរងគ្រោះ​ត្រូវ​ចំ​គល់​ដោះ​ខាងស្តាំ បណ្តាលឲ្យ​ស្លាប់​តែម្តង​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ សួន លាំ អាយុ​៥៧​ឆ្នាំ ជា​ប្រពន្ធ​ជនរងគ្រោះ និង​ជា​ម្តាយ​ជនសង្ស័យ បាន​បំភ្លឺថា ប្តី​របស់​គាត់​និង​កូន​ពិតជា​មាន​ជម្លោះ​នឹង​គ្នា​មែន អំពី​រឿង​កូន​ដើរ​ផឹក និង​កូនសុំ​លុយ​ទៅ​ធ្វើ​ប៉ា​សស្ព័រ​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​ប្តី​របស់​គាត់​មិន​ឲ្យ​លុយ​ទើប​ទាស់​គ្នា​តែម្ដង​។ នៅពេល​កើតហេតុ​គាត់​កំពុង​ដាំ​បាយ​នៅ​ក្នុងផ្ទះ ហើយ​ក៏​ឮ​សំឡេង​កូន​និង​ប្តី​ទាស់​គ្នា​នៅ​ខាងលិច​ផ្ទះ មួយសន្ទុះ​ក្រោយមក​ឃើញ​ប្តី​ដេក​ដួល​ក្រោយ​ផ្ទះ ដោយ​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន​។ ចំណែក​កូន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​មិនដឹង​មូលហេតុ ទើប​គាត់​ស្រែក​ប្រាប់​គេ​ឲ្យជួយ ប៉ុន្តែ​ប្តី​បាន​ស្លាប់បាត់​ហើយ​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ ហ៊ាង ធឿន អាយុ​១០​ឆ្នាំ ត្រូវ​ជា​ចៅ​ជនរងគ្រោះ ស្នាក់នៅ​ផ្ទះ​ជាមួយ​គ្នា​បាន​បំភ្លឺថា នៅ​ល្ងាច​ថ្ងៃ ២៥ នេះ​រូបគេ​ត្រូវបាន​យាយ (​សួន លាំ​) ប្រើ​ដាំបាយ​នៅក្បែរ​ផ្ទះ ចំណែក​តា (​សុខ ប៉ក់​) គាត់​បោស​សំរាម​មុខផ្ទះ ពេល​នោះ​មា​របស់គេ ប៉ក់ ផាន់ មិនដឹង​មក​ពី​ផឹកស្រា​ឯណា​ទេ ពេល​មក​ដល់​គាត់​ឈ្លោះ​គ្នា​ជាមួយ​តា ប៉ក់ ហើយ​តា ប៉ក់ បាន​ស្តីឲ្យ​ថា​ដើរតែ​ផឹក​មិនគិត​ការងារ​ផ្ទះ​ទេ បន្ទាប់​មក​មា ផាន់ តប​វិញ​ថា កុំរ​អ៊ូ​ពេក​ខ្ញុំ​ធំ​ខ្ញុំ​ដឹង​ហើយ​។ ពួកគាត់​ឈ្លោះ​គ្នា​ទៅ​មក តា ប៉ក់ ក៏​និយាយ​ថា អា​ហែង​ចូល​មក​អញ​មិន​ខ្លាច​ងាប់​ទេ ឮដូចនេះ​មា ផាន់ ក៏​ឡើង​ទៅ​យក​កាំបិត​នៅលើ​ជង្រុក​ស្រូវ​ដើរ​សំដៅ​ទៅ​តា ប៉ក់ ពេល​នោះ​ដែ​រយាយ លាំ បាន​ចូល​ទៅ​ឃាត់ ប៉ុន្តែ​ឃាត់​មា ផាន់ មិន​ឈ្នះ ដោយ​មា ផាន់ ក៏​យក​កាំបិត​នោះ​ចាក់​ទៅលើ​តា ប៉ក់ ត្រូវ​ចំ​ដើមទ្រូង​ដួល​ដេក​ដី​ចេញ​ឈាម​នៅ​ក្បែរ​របង​មុខផ្ទះ ពេល​នោះ​ខ្ញុំខ្លាច​បាន​រត់​មក​ខាងកើត​ផ្ទះ មិនដឹង មា ផាន់ យក​កាំបិត​ទៅ​ទុក​ឯ​ណា​ទេ​។ បន្ទាប់​មក​យាយ លាំ និង​មា ផាន់ បាន​អូស​តា ប៉ក់ មក​ក្រោយ​ផ្ទះ ហើយ​មា ផាន់ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​លិច ចំណែក​យាយ លាំ ឲ្យ​ខ្ញុំ​រត់​ទៅប្រាប់​តា យ៉យ ឲ្យមក​ជួយ​មើល​តា ផាន់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​