ទោះបី វាជារឿងគួរឱ្យខ្មាសអៀន ដែលអ្នកខ្លះមានអាការគេងមមើនៅពេលយប់ ឬអ្នកខ្លះទៀតអាចនឹងនៅតែគេងមមើ រហូតដល់ធំពេញវ័យហើយក្ដី ហើយយើងទាំងអស់គ្នា បានស្គាល់អាការគេងមមើនេះយ៉ាងច្បាស់ ព្រោះមានទាំងកើតលើខ្លួនឯង ឬមើលឃើញមនុស្សក្បែរៗខ្លួនយើងគេងមមើទៀតផង តែគេជឿថា មនុស្សជាច្រើនប្រហែលជានៅមិនទាន់បានដឹងពីមូលហេតុថា តើហេតុអីបានជាមនុស្សយើងគេងមមើ និងតើយើងគួរប្រតិបត្តិយ៉ាងណាជាមួយអ្នកគេងមមើ រួមទាំងវិធីការពារអាការគេងមមើនេះទៀតផង។ ដូច្នេះ ទោះជាគ្រប់គ្នាបានស្គាល់អាការគេងមមើហើយមែន តែក៏មិនទាន់ដឹងច្បាស់ពីរឿងរ៉ាវរបស់ការគេងមមើនេះនៅឡើយដែរ។
តើគេងមមើ បណ្ដាលមកពីអ្វី?
មូលហេតុរបស់ការគេងមមើ នៅមិនទាន់អាចបញ្ជាក់បានយ៉ាងច្បាស់លាស់ថា តើវាបណ្ដាលមកពីអ្វីឡើយ តែគេអាចសន្និដ្ឋានបានថា អាចបណ្ដាលមកពីការគេងលក់មិនបានស្កប់ស្កល់ ត្រូវបានរុកកួនរំខានខណៈពេលកំពុងគេង ឬភាពតានតឹងក្នុងអារម្មណ៍ វិតក្កកង្វល់ អាការគ្រុនក្ដៅមិនស្រួលខ្លួន ស្ថិតក្នុងសភាវសោកសៅ ស្រវឹងសល់ ឬផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើថ្នាំរម្ងាប់សរសៃប្រសាទ ជាដើម។ល។
អ្នកជំងឺដែលមានរោគប្រចាំកាយ អាចមានភាពប្រឈមក្នុងការគេងមមើ ដែលបណ្ដាលមកពីអាការបន្ទាប់បន្សំរបស់ជំងឺផ្សេងៗដែលកំពុងកើត ដូចជា សភាវឈប់ដកដង្ហើមខណៈគេងលក់ អ្នកជំងឺដែលស្ថិតក្នុងសភាវងងុយគេងខ្លាំងជ្រុល (Narcolepsy) ក្រុមអ្នកជំងឺដែលមានអាការជើងនៅមិនស្ងៀម (Restless Legs Syndrome) ដែលធ្វើឱ្យអ្នកជំងឺមានអារម្មណ៍រំខានជើងរបស់ខ្លួនឯង រហូតគេងមិនសូវលក់ អ្នកជំងឺទឹករំលាយអាហារហូរបញ្ច្រាស់ ឬឈឺក្បាលម៉ៃក្រេន ជាដើម។
ក្រៅពីនេះ តំណពូជ ក៏ជាផ្នែកមួយរបស់អាការគេងមមើដែរ ព្រោះបើមាននរណាម្នាក់ក្នុងក្រុមគ្រួសារមានអាការគេងមមើ នឹងធ្វើឱ្យយើងមានភាពប្រឈមក្នុងការគេងមមើដូចគ្នា ច្រើនដល់ទៅ ១០ដង រួមទាំងរឿងរញ្ជួយចិត្តពីខាងក្រៅ ដែលជំរុញឱ្យកើតអាការគេងមមើ ដូចជាការអានសៀវភៅ មើលភាពយន្តភ័យរន្ធត់ ឬឃើញរូបភាពគួរឱ្យខ្លាចមុនពេលគេង ដែលទាំងអស់នេះ ធ្វើឱ្យខួរក្បាល និងផ្លូវចិត្តត្រូវរុកកួនរំខាន ធ្វើឱ្យគេងលក់មិនស្កប់ស្កល់ រហូតកើតអាការគេងមមើបានដូចគ្នា។
តើគេងមមើ មានអាការយ៉ាងណា?
អ្នកដែលមានអាការគេងមមើ នឹងចាប់ផ្ដើមឡើងក្រោយពីការគេងលក់ទៅហើយប្រមាណជា ១-៣ម៉ោង ឬកើតអាការគេងមមើ ក្នុងអំឡុងពេលគេងលក់ខ្លាំង។ អាការរបស់ការគេងមមើ មានតាំងពីកើតឡើងបន្តិចបន្តួច ដូចជាការនិយាយរអ៊ូសៗពេលកំពុងគេងលក់ មមើយល់សប្តិកម្រើករាងកាយចុះឡើង ស្រែកវ៉ូសវ៉ាសខណៈទាំងភ្នែកកំពុងបិទ មានអារម្មណ៍ដូចស្ថិតក្នុងសភាវសើ្ទរលក់ស្ទើរភ្ញាក់ តែកម្រើករាងកាយមិនបានដូចខ្មោចសង្កត់ មមើនិយាយឥតឈប់ រហូតទៅដល់ក្រោកឡើងដើរទៅមក រើរបស់របរ និយាយតែម្នាក់ឯង និងធ្វើការងារផ្សេងៗ ជាដើម។ អ្នកខ្លះអាចដល់ថ្នាក់ងើបឡើងមកតុបតែងមុខមាត់ ឬញ៉ាំអាហារទៀតផង តែរយៈពេលក្នុងការមមើ នឹងមិនសូវជាយូរប៉ុន្មានឡើយ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងភាគច្រើនអ្នកគេងមមើ អាចដើរត្រឡប់មកកន្លែងគេងវិញបានដោយខ្លួនឯង។
តើគេងមមើ បង្កគ្រោះថ្នាក់ដែរឬទេ?
ជាប្រក្រតី អាការគេងមមើ ច្រើនតែកើតឡើងក្នុងអំឡុងវ័យក្មេង ហើយនឹងបាត់ទៅវិញជាបណ្ដើរៗដោយឯកឯង នៅពេលធំឈានចូលវ័យជំទង់ តែក៏មានអ្នកខ្លះនៅតែមានអាការគេងមមើនៅក្នុងវ័យមនុស្សធំដែរ។ ការគេងមមើគ្រាន់តែជាភាពខុសប្រក្រតីមួយរបស់ការគេងលក់ប៉ុណ្ណោះ គ្មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់រាងកាយទេ គ្រាន់តែគ្រោះថ្នាក់ដែលកើតឡើង អាចបណ្ដាលមកពីអាការដែលកើតឡើងក្រោយពីពេលគេងមមើ នោះគឺការចេញទៅដើរនៅក្នុងកន្លែងដែលគ្រោះថ្នាក់ ដូចជាប្រើប្រាស់កាំបិតនៅក្នុងចង្ក្រានបាយ មមើតោងចុះតាមមាត់បង្អួច ឬរានហាល ដើរចុះជណ្ដើរ បើកទ្វារដើរចេញទៅក្រៅផ្ទះ ជាដើម។ ដូច្នេះគួរតាមសង្កេតមើលយ៉ាងប្រុងប្រយ័ត្ន ពីអាកប្បកិរិយារបស់អ្នកគេងមមើឱ្យបានល្អ។
តើគួរដាស់អ្នកគេងមមើដែរឬទេ?
សំណួរនេះប្រហែលជាស្ថិតក្នុងក្ដីសង្ស័យរបស់មនុស្សជាច្រើនមិនខាន ឯចម្លើយក៏គឺ ដាស់បាន! តែមិនគួរធ្វើឡើយ… ព្រោះគេអាចនឹងមិនភ្ញាក់ និងបើសិនជាគេភ្ញាក់វិញ អាចធ្វើឱ្យគេមានអាការមីងមាំង និងទម្រាំតែលង់លក់ទៅវិញម្ដងទៀត ក៏ត្រូវប្រើពេលវេលាយូរជាងមុន ឬអាចនឹងគេងមិនលក់រហូតដល់ភ្លឺតែម្ដងក៏មានដែរ។ ជាពិសេសក្មេងតូច អាចនឹងស្រែកយំរករឿងយូរ ទម្រាំនឹងគេងលក់ទៅវិញ ព្រោះអាចកើតក្ដីភ័យខ្លាច។ ដូច្នេះវិធីដែលល្អបំផុត គឺគួរប្រយ័ត្នប្រយែងអំពីសុវត្ថិភាពរបស់គេ ហើយព្យាយាមនាំគេត្រឡប់មកគេងនៅលើគ្រែវិញ ដោយមិនចាំបាច់ដាស់ឱ្យភ្ញាក់ឡើយ ដែលវាធ្វើឱ្យគេអាចគេងលក់បន្តទៅទៀតបានយ៉ាងងាយស្រួល។
ចំណុចប្រតិបត្តិចំពោះអ្នកដែលមានអាការគេងមមើជាប្រចាំ
ភាគច្រើនអាការគេងមមើមិនបានកើតឡើង ១ដង ឬ២ដង ហើយឈប់នោះទេ វាអាចនឹងកើតជារឿយៗប្រមាណជា ២-៤ដងក្នុង ១សប្ដាហ៍ ឬអាចនឹងតិច ឬច្រើនជាងហ្នឹង។ អ្វីដែលយើងគួរធ្វើនោះគឺ កត់ត្រាពេលវេលាដែលគេចូលគេង និងពេលដែលគេចាប់ផ្ដើមមានអាការគេងមមើ បន្ទាប់ពីនោះ នៅយប់តៗមកទៀត ចូរសាកល្បងដាស់ឱ្យគេភ្ញាក់ មុនពេលដែលគេចាប់ផ្ដើមមានអាការមមើប្រមាណ ៣០នាទី ហើយសឹមឱ្យគេគេងទៅវិញម្ដងទៀត។ វិធីនេះអាចនឹងជួយកាត់បន្ថយអាការគេងមមើជាប្រចាំបាន៕