នេះជាខណៈពេលដ៏រំភើបជំនួសមួយ ដែលបុរសអ្នកលក់ការ៉េមវ័យចំណាស់ម្នាក់ នៅក្នុងប្រទេសហ្វីលីពីន បានទទួលការ surprise ផ្លាស់ប្តូរជីវិតដ៏ពុំនឹកស្មានដល់ ពីស្តេចប្រដាល់ប្រចាំប្រទេសរបស់ខ្លួន និងក៏ជាសមាជិកសភាផងដែរ គឺលោក Manny Pacquiao ។
ជាការពិតណាស់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ គណនីហ្វេសប៊ុកឈ្មោះ Jen Minilay បានចែករំលែកវីដេអូមួយ ដែលបង្ហាញឲ្យឃើញសកម្មភាពរបស់អ្នកលក់ការ៉េមរុញតាមរទេះក្រីក្រម្នាក់ឈ្មោះ Manong Marciano បានជួប និងទទួលការស្វាគមន៍យ៉ាងរាក់ទាក់ពីលោក Pacquiao ក្នុងទិដ្ឋភាពដ៏សាមញ្ញាមួយ ជាមួយក្រុមការងារជាច្រើននាក់ផ្សេងទៀតរបស់លោក ។
បន្ទាប់ពីសំណេះសំណាលលេងសើចយ៉ាងច្រើន និងបានដឹងដំណើររឿងដ៏កំសត់របស់អ្នកលក់ក្រីក្ររូបនេះ លោក Pacquiao ក៏បានផ្តល់លុយ, ផ្ទះក្នុងដីឡូត៍មួយ និងការងារឲ្យបានធ្វើផងដែរ ។
យោងតាមស្ត្រីដែលជាម្ចាស់គណនីហ្វេសប៊ុកខាងលើ អ្នកនាង Minilay បានឲ្យដឹងថា ក្នុងឱកាសនោះ នាងរួមជាមួយព្រឹទ្ធសភាម្នាក់ បានហៅអ្នកលក់ការ៉េមវ័យចំណាស់នោះឈប់ទិញ ដែលគាត់តែងតែរុញរទេះការ៉េមឆ្លងកាត់អគារការិយាល័យរបស់នាង ។
«ខ្ញុំបានទិញការ៉េម១០ដើម ហើយខ្ញុំបានឲ្យ១ដើមទៅលោក Manny Pacquiao។ ហើយបន្ទាប់មក Pacquiao ក៏បាននិយាយថា ហៅអ្នកលក់នោះចូលមក ។ អ្នកលក់ការ៉េមនោះ ពិតភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងណែនាំគាត់ឲ្យស្គាល់មនុស្សម្នាក់ ហើយគេឃើញថាម្នាក់នោះគឺជាស្តេចប្រដាល់លោក Manny Pacquiao» ។
ដំបូង លោក Pacquiao បានផ្តល់ប្រាក់ ៣,០០០ប៉េសូ (ប្រហែល ៥៧ ដុល្លារអាមេរិក) ទៅឲ្យ Marciano ប៉ុន្តែបន្ទាប់ពីបានដឹងថា គាត់បច្ចុប្បន្ននេះ កំពុងទទួលរងនូវជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយកូន៣នាក់ ដែលសុទ្ធតែមិនទាន់បានចុះឈ្មោះចូលរៀនផងនោះ លោក Pacquiao ក៏បានផ្តល់ប្រាក់បន្ថែមទៀតចំនួន ៣០,០០០ប៉េសូ (ប្រហែល ៥៧០ ដុល្លារអាមេរិក) ។
បន្ទាប់មក Pacuuiao បាននិយាយថា តើលោកពូកំពុងជួលផ្ទះគេមែន? នៅសប្តាហ៍ក្រោយ ខ្ញុំនឹងប្រគល់ផ្ទះមួយដល់លោកពូ និងដីឡូត៍១ ។
តាមរយៈសន្តានចិត្តសប្បុរសធម៌ដ៏មហិមារបស់លោក Pacuiao នេះផងដែរ អ្នកលក់ការ៉េមរូបនេះ បានរំភើបត្រេកអររហូតស្រក់ទឹកភ្នែកឥតល្ហែតែម្តង ។
យោងតាមនាង Manilay នោះលោក Marciano ឥឡូវនេះ អាចមានលទ្ធភាពទិញថ្នាំព្យាបាលជំងឺរបស់គាត់ហើយ និងព្រមទាំងទទួលបានការងារនៅពុំទាន់ច្បាស់មួយ ដោយរង់ចាំពីសម្រេចពី Pacquiao ។
«មិនយូរទៀតទេ គាត់នឹងលែងពិបាកដើរលក់ការ៉េម នៅកណ្តាលថ្ងៃទៀតហើយ ព្រោះពួកយើងក៏បានផ្តល់ការងារឲ្យគាត់បានធ្វើរួចហើយ នៅសាលា Goldenstate ដែលស្ថិតនៅក្នុងស្រុកកំណើតរបស់លោក Pacqiao តែម្តង» ៕ ឧត្តម