Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល ពោលគឺទាំងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សុទ្ធតែបានបង្ហាញការតាំងចិត្តខ្ពស់បំផុត

ភ្នំពេញ៖ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើសេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំកម្ពុជា អមដោយវិធានការម៉ឺងម៉ាត់ និងក្របខ័ណ្ឌគតិយុត្តដ៏ច្បាស់លាស់ ក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៖

ទី១៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាត់ទុកការបោសសំអាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ថាជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់ជាដាច់ខាត ពីព្រោះក្រុមនេះបានមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា និងបានបំផ្លាញមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហានេះនឹងក្លាយជាការគំរាមកំហែងដ៏ធំមួយសម្រាប់កម្ពុជានាពេលអនាគត។ ប្រសាសន៍របស់សម្តេចតេជោបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចប្រមុខរដ្ឋស្តីទីបានកោតសរសើររាជរដ្ឋាភិបាលដែលបានប្រកាន់យកការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ និងបានស្វាគមន៍ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដកមន្ត្រីអសកម្មមួយចំនួននៅក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹង Online Scams។ ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្តេចតេជោ បានផ្តល់អនុសាសន៍បន្ថែមជូនរាជរដ្ឋាភិបាលថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមគ្នានឹងការបង្ក្រាបមន្ត្រីដែលពាក់ព័ន្ធ និងចាត់ការចំពោះមន្ត្រីដែលអសកម្មក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ។

បើតាមអនុសាសន៍សម្តេចតេជោ ចំពោះមន្ត្រីអសកម្មដែលមិនធ្វើតាមបទបញ្ជា ត្រូវដកមុខតំណែងហើយប្តូរទៅកន្លែងផ្សេង។ ចំណែកមន្ត្រីដែលជាប់ពាក់ព័ន្ធជាមួយ Online Scams បន្ទាប់ពីដកមុខតំណែង ត្រូវបញ្ជូនសំណុំរឿងទៅតុលាការដើម្បីបើកការស៊ើបអង្កេត និងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលអាចរឹបអូសទ្រព្យសម្បត្តិថែមទៀត។ ចំណាត់ការនេះធ្វើដោយគ្មានការយោគយល់ បើទោះបីអ្នកនោះជាកូនរបស់មន្ត្រី ឬក៏ធ្លាប់មានគុណបំណាច់ចំពោះបក្សឬចំពោះជាតិមាតុភូមិក៏ដោយ ក៏មិនអាចអត់ឱនបានឡើយចំពោះការគប់គិត ឬមិនព្រមចាត់វិធានការចំពោះបញ្ហានេះ។

ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ម្តងទៀតដល់អាជ្ញាធរមូលដ្ឋានអំពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទាល់តែអស់ពីកម្ពុជា ដោយមិនបង្អង់ដៃនិងមិនលើកលែងឡើយ។ ជាក់ស្តែង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីបានថ្លែងអំណរគុណនិងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានល្អ ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សម្តេចបានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀតដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយមិនអនុញ្ញាតឱ្យបញ្ហានេះមកបំផ្លាញមុខមាត់របស់ប្រទេសជាតិបន្តទៀតជាដាច់ខាត។

ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានប្រសិទ្ធភាព និងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធីនិងគ្មានការខ្វះចន្លោះ។ កម្រងលិខិតបទដ្ឋានគតិយុត្តទាំងនោះ មានដូចជា ១. ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ ២. បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង ៤. ប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់ប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់តំបន់ និងពិភពលោក។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចង់ឃើញការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់ប្រព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបាន។

និយាយជារួម ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល ពោលគឺទាំងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សុទ្ធតែបានបង្ហាញការតាំងចិត្តខ្ពស់បំផុត និងវិធានការម៉ឺងម៉ាត់បំផុតប្រឆាំង Online Scams ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ល្អប្រពៃរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាលុបបំបាត់ក្តីបារម្ភនានារបស់វិនិយោគិននិងអ្នកទេសចរបរទេស។ ដូច្នេះ គ្មានឧបសគ្គអ្វីអាចមករារាំងប្រតិបត្តិការរបស់រាជរដ្ឋាភិបាល និងឆន្ទៈដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំកម្ពុជាបានឡើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×