រាជធានីភ្នំពេញ៖ អ្នកវិភាគសង្គម និងប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត សម្តែងការមិនពេញចិត្ត និងរិះគន់ធ្ងន់ៗ ទៅលើទង្វើអត់កេរ្តិ៍ខ្មាស របស់ ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលស្រមើលស្រមៃ ចង់បានកៅអីតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នៅគ្រាគណបក្សប្រឆាំងមួយនេះ មិនទាន់ត្រូវបានរំលោយជាផ្លូវការផងនោះ។
ការរិះគន់នេះ បានកើតឡើងជាថ្មីទៀត បន្ទាប់ពី កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិសេសមួយ ដោយមានមន្ត្រីជាន់ខ្ពស់ស្និទ្ធព្រះអង្គមួយចំនួន បានចូលរួម នាសណ្ឋាគារភ្នំពេញ ប៉ុន្តែមិនចំហ ឲ្យសមាជិកក្នុងបក្សហ្វ៊ុនស៊ិនប៉ិចទាំងមូល បានដឹងជាសាធារណៈទេ។
បញ្ហានេះដែរ សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចមួយចំនួន ស្នើមិនបញ្ចេញឈ្មោះ បានឲ្យអ្នកយកព័ត៌មាន cen.com.kh ដឹងថា កិច្ចប្រជុំនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានលើកយកប្រធានបទ ទាក់ទងការត្រៀមរៀបចំបញ្ជីឈ្មោះបេក្ខភាព ដែលនឹងត្រូវទទួលតំណែងកៅអីតំណាងរាស្ត្រ ក្រោយពេលគណបក្សសង្គ្រោះជាតិ ត្រូវរំលាយចោល។
សមាជិកបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ បញ្ជាក់ថា កិច្ចប្រជុំកាលពីថ្ងៃទី៦ ខែវិច្ឆិកា នាសណ្ឋាគារភ្នំពេញ ដឹកនាំ ដោយសម្តេច ក្រុមព្រះនរោត្តម រណប្ញទ្ធិ គឺមិនបើកចំហ ឬមិនប្រកាសប្រាប់ ឲ្យសមាជិកគណបក្សហ៊ុនស៊ិនប៉ិច និងអ្នកកាសែត បានដឹងជាសាធារណៈទេ។ លោកថា សមាសភាពអ្នកចូលរួមសុទ្ធតែជាមន្ត្រីចាស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលស្និទ្ធសម្តេចក្រុមព្រះ ហើយពួកគេទាំងនោះ មានលទ្ធភាពបង់លុយយកកៅអីតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ក្រោយគណបក្សប្រឆាំងមួយនេះ ត្រូវរំលាយចោលនាថ្ងៃខាងមុខ។ រីឯសមាជិកគណបក្សហ៊ុនស៊ិនប៉ិច ដែលគ្មានលទ្ធភាពបង់លុយយកកៅអីតំណាងរាស្ត្រ គឺមិនត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងអង្គប្រជុំនោះទេ។
សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមើលទៅ ទំនងជាមិនមានឈ្មោះក្នុងបញ្ជី ស្រមើលស្រមៃ ថានឹងទទួលបានតំណែងកៅអីតំណាងរាស្ត្រ ក្រោយគណបក្សប្រឆាំងត្រូវរំលាយ ឬគ្មានលទ្ធភាពបង់លុយ យកកៅអីតំណាងរាស្ត្រ រូបនេះ អះអាងថា អាចនឹងមានការតវ៉ាទ្រង់ទ្រាយធំណាមួយ ពីសំណាក់សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច ទាក់ទងការដាក់ឈ្មោះដែលនឹងត្រូវទទួលបានតំណែងកៅអីតំណាងរាស្ត្រ ក្រោយពេលគណបក្សសង្គ្រោះជាតិ ត្រូវរំលាយនាថ្ងៃខាងមុខ៕ ដោយ៖ សត្យា