សិប្បកម្មផលិតគ្រឿងសង្ហារិម ផ្នែក កាត់ម៉ាប និងជ្រៀកភ្លីម៉ាប សម្រាប់ផ្គត់ផ្គង់បុរី របស់ ក្រុមហ៊ុន ប៉េង ហួត ត្រូវបានមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ចុះពិនិត្យរកឃើញថា ពិតជាបានបំពុលបរិស្ថានដល់អ្នករស់នៅក្បែរនោះប្រាកដមែន, ហើយក្នុងនាមក្រសួងបរិស្ថាន បានដាក់ចេញវិធានការច្បាប់ ចំពោះសិប្បកម្មផលិតគ្រឿងសង្ហារិម ថ្មម៉ាបនេះ ដូចជា ÷
១- សិប្បកម្ម ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារ។
២- សិប្បកម្ម ត្រូវទទួងរងពិន័យអន្ដរការណ៍ ចំពោះសកម្មភាពលើ្មសទៅនឹង មាត្រា ១៧៣ , មាត្រា ៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
៣- សិប្បកម្ម ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងក្រសួងបរិស្ថាន។
៤- សិប្បកម្ម ត្រូវរៀបចំកន្លែងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ និងដឹកជញ្ជូនយកទៅចោលនៅទីលានទុកដាក់សំណល់ ដោយក្រុមហ៊ុនដឹកជញ្ជូនដែលមានលិខិតបញ្ជាក់ពីក្រសួងបរិស្ថាន។
សកម្មភាពត្រួតពិនិត្យ និងដាក់ប្រធានការផ្លូវច្បាប់នេះធ្វើឡើងដោយក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយ លោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺបានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយសិប្បកម្មផលិតគ្រឿងសង្ហារិមសម្រាប់បុរី របស់ ក្រុមហ៊ុន ប៉េង ហួត នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍អំពីផលប៉ះពាល់។
ក្រុមការងារបានពិនិត្យឃើញថា សិប្បកម្មផលិត កាត់ម៉ាប និងជ្រៀកភ្លីម៉ាននេះ នៅទីតាំងខាងក្រៅអគារ ក្បែរនឹងផ្ទះប្រជាពលរដ្ឋ ដែលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ, លុះចុះពិនិត្យផ្ទាល់ ក៏រកឃើញថា សិប្បកម្មនេះ ពិតជាមានការបំពុលបរិស្ថានប្រាកដមែន , មិនបានរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនៅឡឡើយ ដូច្នេះហើយទើបក្រសួងបរិស្ថាន ដាក់ចេញវិធាន ការច្បាប់ដូចខាងលើ៕ ពិសិដ្ឋ CEN







