Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ធ្វើការងារ​ស្រួ​ល ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់! ស្រ្តី​ម្នាក់​ចា.ញ់​បោ.ក​តាម​អុីន​ធើ​រណែត ស្ទើរ​អស់​លុយ​ពី​ខ្លួន ដោយសារ​វី​ធី​សាស្រ្ត​បោ.ក​ខ្ពស់​មួយ​នេះ…

spot_img

មិនអាចប្រកែកបានទេថា សម័យបច្ចេកវិទ្យាឌីជីថលបច្ចុប្បន្ន បាននាំមកនូវភាពងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់។ ព្រោះថា កាលពីមុន យើងត្រូវទៅហាងដើម្បីទិញរបស់ និងទូទាត់សាច់ប្រាក់ដោយផ្ទាល់ ប៉ុន្តែ សម័យទំនើបឥឡូវនេះ យើងគ្រាន់តែអង្គុយនៅផ្ទះ ចូលទៅកាន់គេហទំព័រ e-commerce ដើម្បីជ្រើសរើសទំនិញដែលយើងចង់ទិញ បន្ទាប់មកផ្ទេរប្រាក់ជាការស្រេច ហើយរង់ចាំមួយសន្ទុះក្រោយមក ការកុម្ម៉ង់របស់អ្នក នឹងត្រូវបានដឹកជញ្ជូនមកដល់មុខផ្ទះយ៉ាងលឿន។

តែទោះជាយ៉ាងណា បច្ចេកវិទ្យាក៏បានបង្កើតចន្លោះប្រហោង ឱ្យជនខិលខូច មានឱកាសរកប្រាក់ចំណេញ ដែលបើមិនប្រយ័ត្ន ឬខ្វះការគិតពិចារណាទេ នោះយើងនឹងក្លាយជាជនរងគ្រោះយ៉ាងងាយ។ ជាក់ស្តែង ដូចករណីស្រ្តីមេម៉ាយម្នាក់ ទើបតែជួបប្រទះការបោកប្រាស់នៅលើអុីនធើរណែត នៅសិង្ហបុរី អស់ប្រាក់សឹងរលីងពីខ្លួន។

យោងតាមព័ត៌មានដែលចុះផ្សាយក្នុងគេហទំព័រ Mothership របស់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៣ ខែកញ្ញា ដោយដកស្រង់ប្រភពពី Shin Min Daily News នៅថ្ងៃទី១២ ខែកញ្ញា ស្ត្រីអាយុ ៣៦ ឆ្នាំ មានឈ្មោះថា Zhang គឺជាមេម៉ាយដែលត្រូវចិញ្ចឹមកូនពីរនាក់ និងផ្គត់ផ្គង់ទាំងការរៀនសូត្រ គឺកាលក្នុងអំឡុងពេលរីករាលជំងឺ Covid-19 កូនរបស់គាត់ឈឺ ហើយគាត់ក៏ត្រូវឈប់ពីការងារមកនៅផ្ទះ ដើម្បីមើលថែពួកគេ។

នៅពេលនោះ ឱកាសរបស់អ្នកស្រី Zhang ត្រឡប់ចូលធ្វើការវិញ​ក៏កាន់តែ​តិចទៅៗ ដែលជំរុញឲ្យអ្នកស្រីត្រូវចូលអ៊ីនធឺណិត​ដើម្បីស្វែងរកការងារក្រៅ​ម៉ោង អាចរកប្រាក់ចំណូលបាន​ក្នុងអំឡុងពេលមើលថែ​កូន។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែខ្វះការស្វែងយល់ព័ត៌មាន និងចង់ធ្វើការងាយស្រួល ពិសេសបានប្រាក់ខែខ្ពស់ទៀតនោះ អ្នកស្រី Zhang បានធ្លាក់ចូលទៅក្នុងអន្ទាក់របស់មនុស្សបោកប្រាស់។

អ្នកស្រី Zhang បាននិយាយថា កាលពីថ្ងៃទី១០ ខែកញ្ញា អ្នកស្រីបានទទួលសារពីលេខទូរស័ព្ទម៉ាឡេស៊ី ហើយត្រូវបានផ្តល់ការងាររង់ចាំពេលវេលា (ទៅតាមលក្ខខណ្ឌ) ដែលគេនិយាយថាជា “ការងារស្រាល តែប្រាក់ខែខ្ពស់” គឺទទួលបានប្រាក់ចំណូលចាប់ពី ៥០ ទៅ ៥០០ ដុល្លារសិង្ហបុរី/ថ្ងៃ ស្មើនឹងជាង ៣០ ទៅ ៣០០ ដុល្លារអាមេរិក។ អ្នកស្រីបានប្រាប់ថា រូបថតដែលបានផ្ញើជាមួយនឹងសារ បង្ហាញថា វាជានិមិត្តសញ្ញា (Logo) នៃវេទិកាទិញទំនិញអនឡាញ Shopee ។ ហើយអ្នកដែលបានផ្ញើ​សារ​បានណែនាំខ្លួនថា ​ជា​មន្ត្រីជ្រើសរើសបុគ្គលិករបស់ Shopee ទៀតផង។

ខណៈពេលនោះ អ្នកស្រី Zhang បានឆ្លើយថា អ្នកស្រីចាប់អារម្មណ៍នឹងការផ្តល់ជូនការងារនេះ ហើយត្រូវបានបញ្ជូនទៅកាន់មន្រ្តីជ្រើសរើសម្នាក់ទៀតនៅម៉ោង ៩ ព្រឹកថ្ងៃសៅរ៍ ទី១០ ខែកញ្ញា។ បន្ទាប់មក អ្នកស្រីបានចាប់ផ្តើមធ្វើការភ្លាមៗ។

តាមការណែនាំបង្រៀនរបស់ជនបោកប្រាស់ នោះអ្នកស្រី Zhang គ្រាន់តែ​ចុចប៊ូតុង Like លើ​ផលិតផល Shopee មួយចំនួន នឹងទទួលបានប្រាក់ពី ២ ទៅ ៣ ដុល្លារសិង្ហបុរីរាល់ពេល។ អ្នកស្រី Zhang បន្តថា​៖ «​បន្ទាប់ពីខ្ញុំបានពិនិត្យប៉ុន្មានដង ខ្ញុំត្រូវបានគេ​ប្រាប់ថា ​ខ្ញុំបានឆ្លងផុតដំណាក់កាលសាកល្បង​ហើយអាចចូលទៅ​ដំណាក់កាលបន្ទាប់ទៀត​។

បន្ទាប់មក ភាគីម្ខាងទៀត បាននិយាយថា អ្នកស្រី Zhang ត្រូវបានដំឡើងឋានៈជា “អ្នកទិញ” នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Amazon ។

តាមរយៈការទិញទំនិញនៅលើវេទិកា អ្នកស្រីនឹងត្រូវបានបង់កម្រៃជើងសារ 20% អាស្រ័យលើតម្លៃនៃទំនិញ។ ទោះជាយ៉ាងណាក៏ដោយ នេះជាវិធីសាស្រ្តនៃអ្នកបោកប្រាស់ គឺដើម្បីអោយ Zhang ផ្ទេរតម្លៃទំនិញទៅគណនីធនាគារដែលបានកំណត់ជាមុនសិន។ ហើយបន្ទាប់មក បន្ទាប់មកអ្នកជ្រើសរើសនឹងផ្ញើតំណភ្ជាប់​ (link) ទៅអ្នកស្រី ដើម្បីធ្វើការបញ្ជាទិញនៅលើគេហទំព័រដែលត្រូវបានចាត់ទុកថាជា Amazon។ បន្ទាប់មកទៀត Zhang នឹងចុចលើ​តំណភ្ជាប់នោះ ​ដែលបានផ្តល់ឱ្យ ហើយធ្វើ​ការបញ្ជា​ទិញនៅ​លើ​គេហទំព័រ​ដែលអ្នកស្រីត្រូវបានគេ​ណែនាំ។

លទ្ធផលដំបូង អ្នកស្រី Zhang បានទទួលកម្រៃជើងសារពីរបីរយដុល្លារ តាមការសន្យា លើសពីប្រាក់ដើមរបស់អ្នកស្រី បន្ទាប់ពីបំពេញកិច្ចការពីរបីដំបូង។

តែទោះជាយ៉ាងណា Shin Min បានរាយការណ៍ថា ខ្លួនបានចូលប្រើគេហទំព័រដែល Zhang ត្រូវបានគេដឹកនាំឲ្យចូលទៅធ្វើ ហើយបានរកឃើញថា វាមិនមែនជាគេហទំព័រផ្លូវការរបស់ Amazon នោះទេ។

ដូចការរំពឹងទុក បន្ទាប់មកជនរងគ្រោះ​ នៅបន្តធ្វើ គឺត្រូវបានគេស្នើឲ្យទិញផលិតផល​ដែលមានតម្លៃ​ថ្លៃ​ទៀត ប៉ុន្តែ​ នៅ​ពេលខ្លះ​ កម្រៃជើងសារត្រូវខកខាន ដោយត្រូវបានគេ​ជូនដំណឹងថា ​មានកំហុស​ឬ​ការយឺតយ៉ាវក្នុងនីតិវិធី ហើយការបញ្ជា​មិនបានសម្រេច។

ដូច្នេះ ដើម្បីចង់យកដើមទុនដំបូងរបស់នាងមកវិញ Zhang ត្រូវបានប្រាប់ឱ្យធ្វើការបញ្ជាទិញម្តងហើយម្តងទៀត ដោយសន្យាថា នាងនឹងអាចទទួលបានលុយមកវិញ នៅពេលដែលការបញ្ជាទិញត្រូវបានដំណើរការត្រឹមត្រូវ។

Zhang ​ក៏ត្រូវបានគេ​ប្រាប់រាល់ពេល​ដែលនាងដាក់ប្រាក់បន្ថែមថា វា​ជា​លើកចុងក្រោយ​ដែលនាងត្រូវធ្វើ​ដូច្នេះ។

នៅទីបំផុត ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងដ៏ខ្លី អ្នកស្រី Zhang បានផ្ទេរប្រាក់សរុបចំនួន ១៥,៦១០ ដុល្លារសិង្ហបុរី ទៅឱ្យអ្នកបោកប្រាស់ ដែលស្មើនឹងជាង ១ម៉ឺនដុល្លារអាមេរិក ដែលជាប្រាក់ស្ទើរតែទាំងអស់ដែលនាងបានខិតខំរកសន្សំលុយចិញ្ចឹមកូន។ ហើយគណនីរបស់នាង ឥឡូវនេះមានត្រឹមតែ ១៧ ដុល្លារសិង្ហបុរីប៉ុណ្ណោះ។

ត្រង់ចំណុចនេះ អ្នកស្រី Zhang មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថា ទោះបីនាងបន្តផ្ទេរប្រាក់ក៏ដោយ ក៏នាងមិនបានទទួលអ្វីមកវិញដែរ គឺនាងពិតជាត្រូវបានគេបោកប្រាស់ ហើយចុងក្រោយបានត្រឹមទៅប្តឹងប៉ូលីស។

បច្ចុប្បន្ន Zhang ត្រូវសុំជំនួយផ្នែកហិរញ្ញវត្ថុពីបងស្រី ដោយសារនាងមិនមានលទ្ធភាពចិញ្ចឹមកូន ២ នាក់​ដែលកំពុងរៀនថ្នាក់មធ្យមសិក្សា។ ជាមួយគ្នានេះ Zhang ក៏ចង់ចែករំលែករឿងរបស់ខ្លួន​ដើម្បីព្រមានអ្នកដទៃ​ កុំឲ្យធ្លាក់ខ្លួនដូចនាង ដោយត្រូវគិតពិចារណា​ និងស្វែងយល់ព័ត៌មានឲ្យបានច្រើន ជាពិសេស កុំចាញ់បោកការងារស្រួលបានប្រាក់ចំណូលខ្ពស់ នៅលើអុីនធើរណែតឲ្យសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×