នេះជាខណៈពេលមួយដ៏អស់សំណើច គ្រាដែលបុរសម្នាក់ នៅក្នុងប្រទេសម៉ាឡេសុី កាលពីពេលថ្មីៗនេះ ដែលមានចេតនាជិះម៉ូតូបង្ករឿងដល់ជ្រូកព្រៃ ជាលទ្ធផល ត្រូវ «ជាប់គាំង» លើចុងដូងប្រេងតែម្តង។
នៅក្នុងវីដេអូ ដែលត្រូវបានចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញបុរសម្នាក់កំពុងជិះម៉ូតូនៅលើផ្លូវដីក្រហម ក្នុងចំការដូងប្រេង។ ហើយផ្លូវនោះជាផ្លូវ ដែលមានជួរដើមដូងប្រេង នៅសងខាង។ វីដេអូនេះ ត្រូវបានថតដោយបុរសនៅលើម៉ូតូ ហើយអាចឃើញជ្រូកព្រៃ កំពុងរត់នៅខាងមុខ។
តែអ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺនៅពេលបុរសរូបនោះ ជិះម៉ូតូជិតដល់ ស្រាប់ជ្រូកព្រៃដែលមានអារម្មណ៍ថា កំពុងត្រូវបានបង្ករឿង វាក៏បានឈប់ ងាកក្បាលត្រឡប់ក្រោយ និងចាប់ផ្តើមដេញវាយប្រហារតែម្តង។
នៅពេលនោះ វីដេអូត្រូវបានកាត់ភ្លាមៗ ហើយឈុតបន្ទាប់ បានបង្ហាញពីបុរសលេងសើចរូបនោះ កំពុងអង្គុយនៅលើដើមដូងប្រេង ខណៈដែលជ្រូកព្រៃ កំពុង «ចងកំហឹង» ជាមួយម៉ូតូម៉ូតូរបស់គាត់ ខណៈម៉ាសុីនកំពុងឆេះដេកនៅលើដីខាងក្រោម។
បុរសនោះ ក៏ត្រូវបានឮសូរស្រែកពីលើដើមដូងប្រេងព្យាយាមបណ្តេញជ្រូកព្រៃនោះទាំងសើច ហាក់មិនមានអារម្មណ៍ភ័យខ្លាចខ្លាំងនោះទេ។ ករណីនេះផងដែរ ក៏ត្រូវបានចាត់ទុកថា ពិតជាសំណាងហើយ សម្រាប់បុរសរូបនោះ ប្រសិនប្រទះចំខ្លាវិញ គឺមិនដឹងជាអាសន្នធំយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង