Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋសភា ឲ្យ​តំណាងរាស្ដ្រ គោរព​ក្រមសីលធម៌ ប្រកប​ដោយ​ភាព​ហ្មត់ចត់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​

​ភ្នំពេញ​៖ គណៈ​កម្ម​ធិ​ការ​អចិន្ដ្រៃយ៍​រដ្ឋសភា បាន​ចេញ​សេចក្ដីសម្រេច ស្ដីពី ក្រម​សីលធម៌​របស់​តំណាងរាស្ដ្រ​។ ក្នុង​ក្របខ័ណ្ឌ​សិទ្ធិ និង​សេរីភាព​នៃ​ការប្រតិបត្តិ​បេសកកម្ម​ក្នុង​នីតិកាល​របស់ តំណាងរាស្ដ្រ​គ្រប់រូប ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី លក្ខន្ដិកៈ​តំណាងរាស្ដ្រ និង​ច្បាប់​ស្ដីពី គណបក្សនយោបាយ បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋ​សភា​។

​ក្រម​សីលធម៌​របស់​តំណាងរាស្ដ្រ សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​សម្រេច​ឲ្យ​តំណារាស្ត្រ​ត្រូវមានឆ​ន្ទៈ​មោះមុត ប្តូរផ្តាច់ រួបរួម​គ្នា​ពង្រឹង​ឯកភាព​ជាតិ​ផ្អែកលើ​ប្រព័ន្ធ ប្រជាធិបតេយ្យ សេរី​ពហុបក្ស គោរព​សិទ្ធិ​មនុស្ស និង​គោរព​ច្បាប់​ដោយ​ម៉ឺងម៉ាត់​។ ក្នុងពេល​ប្រតិបត្តិការ​តាម​មុខ​តំណែង​របស់​ខ្លួន តំណាងរាស្ត្រ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយ​ផ្ទាល់​ក្តី ឬ​ដោយ​ប្រយោ​លក្តី នាំឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រប​ស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។

តំណាងរាស្ត្រ​ត្រូវ​តម្កល់​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ជាធំ​។ នៅ​គ្រប់​កាលទេសៈ​ត្រូវ​ទុក​ផល​ប្រយោជន៍​ទូទៅ ខ្ពស់​ជាង​ផលប្រយោជន៍​បុគ្គល និង​បក្ខពួក​។ ក្នុងឋានៈ​ជា​តំណាងរាស្ត្រ​របស់​ប្រជាពលរដ្ឋ តំណាងរាស្ត្រ​គ្រប់រូប ត្រូវ​តាំងចិត្ត​ថា មិន​កេងប្រវ័ញ្ច​ផលប្រយោជន៍​ជាតិ សម្រាប់​ផ្ទាល់ខ្លួន ឬ​សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្ខពួក ឬ​សម្រាប់​ភាគី​រៀងៗ​ខ្លួន​។

តំណាងរាស្ត្រ ត្រូវ​ប្រកាន់​សុចរិត​ភាព ដោយ​មិន​ត្រូវ​យល់ព្រម ឬ​ទទួល​គ្រប់​រូបភាព នូវ​ផលប្រយោជន៍​ជា​សម្ភារៈ ហិរញ្ញវត្ថុ​និង​ស្មារតី ដើម្បី​ជួយ​ភាគី​អ្នកផ្តល់​នោះទេ​។ តំណាងរាស្ត្រ ត្រូវ​ធានាឲ្យបាន​នូវ​ឥរិយាបទ​ថ្លៃថ្នូរ សុជីវធម៌ សីលធម៌​ល្អ គោរព​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​។ តំណាងរាស្ត្រ​មាន​កាតព្វកិច្ច​ចូលរួម​ក្នុង​ការប្រជុំ រក្សា​វប្បធម៌​នៃ​ការសន្ទនា ការបញ្ចេញមតិ និង​កិច្ចការ​រួម​របស់​រដ្ឋ​សភា ប្រកប​ដោយ​ភាព​ហ្មត់ចត់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ តំណាងរាស្ត្រ មាន​សេរីភាព ឯករាជ្យភាព ក្នុង​ការបំពេញ​មុខងា​រ​ក្នុង​នីតិកាល​របស់​ខ្លួន ដោយ​មិន​ចំណុះ ផ្នែក​ហិរញ្ញវត្ថុ សម្ភារៈ និង​ស្មារតី ជាមួយ​បុគ្គល និង​មិន​ចំណុះ​បរទេស​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×