សៀមរាប ៖ ក្នុងឱកាសអញ្ជើញសម្ពោធឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមប្រើប្រាស់រថយន្តដែលដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន។
ការសម្ពោធដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) នេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ដោយឯកឧត្តមបានថ្លែងថា នេះជាម៉ាស៊ីនទី៤ហើយដែលអង្គការ UNDP បានផ្ដល់មកដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយម៉ាស៊ីនទី១ បានដាក់នៅទីស្តីការក្រសួងសាធារណការ, ម៉ាស៊ីនទី២ ត្រូវបានដំឡើងនៅខេត្តព្រះសីហនុ និងម៉ាស៊ីនទី៣ បានដំឡើងនៅសៀមរាប និងម៉ាស៊ីនទី៤ នៅខេត្តបាត់ដំបង។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ដោយបានការទទួលឯកភាពពីសម្ដេចតេជោ ហ៊ុន សែន ក្រុមការងារអន្តរក្រសួង ក៏រៀបចំយុទ្ធសាស្ត្រដើម្បីដំឡើងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តប្រើប្រាស់ ថាមពលអគ្គិសនីបាន ៣០៥គ្រឿង បើបើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ មានតែចំនួន១៦គ្រឿងទេ ដែលចំនួននេះគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ចំពោះប្រជាពលរដ្ឋដែលបានងាកមកប្រើរថយន្តអគ្គិសនី។
ចំពោះពន្ធនាំចូលសំរាប់ឡានធម្មតាគឺមានចំនួន ១២២ភាគរយ ដោយឡែករថយន្តអគ្គិសនីវិញ មានត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ហើយចំពោះការប្រើប្រាស់រថយន្តអគ្គិសនីនេះទៀតមានតម្លៃទាបជាង ៣ដងផងដែរ បើធៀបទៅនឹងការប្រើប្រាស់រថយន្តប្រើប្រេងឥន្ធនៈ ហើយគ្រឿងបន្លាស់ក៏មានតម្លៃថោក និងកាត់បន្ថយការបំពុលបរិស្ថាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















