ថ្មីៗនេះ នៅលើបណ្តាញសង្គម បានកំពុងចាប់អារម្មណ៍ជាខ្លាំង ទាក់ទងព័ត៌មានក្តៅៗ សមត្ថកិច្ចថៃ បានធ្វើការឃាត់ខ្លួនអតីតទាហានវ័យក្មេង ដែលបានបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន កាលពីអំឡុងដើមឆ្នាំ២០២០ ហើយបានរត់គេចពីសំណាញ់ច្បាប់មកសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃដោយខុសច្បាប់។
នេះបើតាមកាសែតថៃ thairath បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឲ្យដឹងថា អតីតទាហានកម្ពុជា អាយុ ២៨ ឆ្នាំ ដែលបានប្រើកាំភ្លើងបាញ់សម្លាប់គូដណ្តឹងដ៏ស្រស់ស្អាតរបស់គាត់ចំផ្ទៃមុខ នៅភ្នំពេញ ហើយបានរត់គេចខ្លួនចូលមកប្រទេសថៃ ត្រូវបានចាប់ខ្លួននៅស្រុកមឿងចាន់បុរីដើម្បីជាការឆ្លើយតបតាមដីការបស់តុលាការកម្ពុជា ក្នុងករណីបាញ់សម្លាប់មិត្តស្រីដោយសារតែមានជម្លោះរឿងប្រច័ណ្ឌ។
ជនដៃដល់ យឿន វ៉ាន់ដេត ដែលធ្លាប់បម្រើការក្នុងជួរកងទ័ពនៅកម្ពុជា បានប្រព្រឹត្តអំពើឃាតកម្មលើគូដណ្តឹងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយប្រើកាំភ្លើងខ្លីបាញ់ចំក្បាល បណ្តាលឲ្យគូដណ្តឹងស្លាប់ភ្លាមៗ ហើយសពរបស់នាងស្លាប់ទាំងនៅញញឹមយ៉ាងស្រស់ដ៏គួរឲ្យអាសូរបំផុត។ ហេតុការណ៍នេះ គឺជាករណីធ្ងន់ធ្ងរនិងតក់ស្លុតទទួលការចាប់អារម្មណ៍យ៉ាខ្លាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រោះថា នារីរងគ្រោះគឺជានិស្សពេទ្យ និងអ្នកលក់ផលិតផលអនឡាញ មានរូបសម្រស់ដ៏ស្រស់ស្អាត នៅក្នុងពិភពសង្គមកម្ពុជា ដែលសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាលេខ ៤១៨/២០២០ ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ ចោទប្រកាន់ពីបទឃាតកម្ម ។
ជនដៃដល់អាយុ ២៨ ឆ្នាំ រូបនេះ ដែលត្រូវបានរកឃើញថា បានរត់ចូលមកក្នុងប្រទេសថៃ និងព្យាយាមលាក់ខ្លួនតាំងពីឆ្នាំ ២០២០ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅ ភូមិទី៧ ឃុំថាឆាង ស្រុក មឿង ចាន់ថាបុរី ដោយចោទប្រកាន់ថាជា “ជនបរទេសម្នាក់បានភៀសខ្លួនមករស់នៅក្នុងព្រះរាជាណាចក្រថៃ ដោយគ្មានការអនុញ្ញាត” និងមិនបានជូនដំណឹងអំពីសិទ្ធិស្របច្បាប់។
នៅពេលនាំខ្លួនមកសាកសួរនៅការិយាល័យអន្តោប្រវេសន៍ខេត្តចាន់ថាបុរី ដើម្បីកាត់ទោសតាមច្បាប់ថៃ និងសម្របសម្រួលរៀបចំបញ្ជូនជនល្មើសមកកាត់ទោសកម្ពុជាវិញជនដៃដល់ យឿន វ៉ាន់ដេត បានទទួលស្គាល់កំហុស និងសារភាពថា៖ នៅថ្ងៃកើតហេតុ រូបគេមានការឈ្លោះប្រកែកគ្នាជាមួយគូដណ្តឹង គឺដោយសារគូដណ្តឹងមានបុរសផ្សេងចែចង់។ ហើយនៅពេលនោះ ជនរងគ្រោះបានស្រែកខ្លាំងៗឆោឡោឡើងធ្វើឲ្យរូបគេខឹងក៏ដកអាវុធបាញ់ប្រហារតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













