Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យធានារ៉ាប់រងនៅកម្ពុជា រយៈពេល ៥ ឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ២០%

ភ្នំពេញ៖ វិស័យធានារ៉ាប់រង ជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើរតួនាទីសំខាន់ក្នុងការជម្រុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ស្ថិតនៅដំណាក់ក្មេងខ្ចី ប៉ុន្តែអភិវឌ្ឍក្នុងល្បឿនលឿន និងប្រកបដោយថាមពល។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា វិស័យធានារ៉ាប់​រងនៅកម្ពុជា ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ២០%  ដោយនៅឆ្នាំ២០២១ ទីផ្សារធានារ៉ាប់រង បានកើតឡើងប្រហែល ១០% ដោយមានបុព្វលាភធានារ៉ាប់រងដុល កើនឡើងទៅដល់ប្រមាណ ៣០០លានដុល្លារ ហើយទីផ្សារធានារ៉ាប់រង តែឯងបានកើនឡើងលើសពីជាងពាក់កណ្ដាល នៃចំនែកទីផ្សារសរុប (total market_share) ប្រមាណជា ៥៧% ជាមួយនឹងបុព្វលាភធានារ៉ាប់រងសរុប ១៧២លានដុល្លារអាមេរិក ។ ​

ការលើកឡើងរបស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ ធ្វើឡើងក្នុងឱកាសឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីដាក់សម្ពោធអគារទីស្នាក់ការថ្មីដែល ស្ថិតក្រោមការប្រើប្រាស់ទាំងស្រុងដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ អ៊ិនសួរេន នៅរាជធានីភ្នំពេញ ដោយមានវត្តមានផងដែរ ពីលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងអ្នកជំនាញក្នុងវិស័យធានារ៉ាប់រងជាច្រើននាក់។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានបន្ថែមថា ក្រុមហ៊ុនធានារ៉ាប់រងទាំងមូល បានចេញប័ណ្ណសន្យារ៉ាប់រង (insurance policies) ចំនួន ៤៨៥,០០០ ប័ណ្ណសន្យារ៉ាប់រង មានទឹកប្រាក់ត្រូវបានធានារ៉ាប់រងចំនួន ១៣.៤ ពាន់លានដុល្លារ និងសំណងធានារ៉ាប់រងដុល (gross claim) ដែលបានទូទាត់ចំនួន ១៥. ២លានដុល្លារអាមេរិក។

រហូតមកដល់ពេលនេះ ស្ថាប័នធានារ៉ាប់រង ចំនួន ៩៤ បានប្រតិបត្តិការនៅក្នុងប្រទេស ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រង ៤០ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅ ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតូច ៧, និងក្រុមហ៊ុនធានារ៉ាប់រងបន្ត១, ភ្នាក់ងារធានារ៉ាប់រង ៣៣, ក្រុមហ៊ុនជើងសាធានារ៉ាប់រង១៨, ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ២៕

×