នាថៃ្ងទី២៦ ខែឧសភា ឆ្នាំ២០១៨ វឌ្ឍនៈ គ្រុប បានប្រារព្ធពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសំខាន់ៗ រួមទាំងអង្គទូតនានា ឧកញ៉ា ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ ក្នុងពិធីដ៏អធិកអធមនេះ ក៏មានរៀបចំ ការបញ្ចាំងភ្លើងលម្អរចនាចេញជាស្លាកសញ្ញាអគារនិង ទង់ជាតិខ្មែរលើតួអគារទាំងមូល ការបាញ់កាំជ្រួចដ៏ស្រស់ស្អាត នាពេលរាត្រី ដើម្បីបង្ហាញជូនសាធារណជនទាំងអស់ ឱ្យបានដឹងពីព្រឹត្តិការណ៍មួយនេះផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវឧកញ៉ា ឈុន លាង សហស្ថាបនិក វឌ្ឍនៈ គ្រុប បានលើកឡើងថាមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជានិមិត្តរូបនៃភាពជោគជ័យមួយក្នុងការខិតខំកសាងប្រទេសជាតិឡើងវិញ របស់ ប្រជាពលរដ្ឋ និងរដ្ឋាភិបាល តាំងពីបាទដៃទទេរ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់វិស័យឯកជនក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងនាំមកនូវភាពចម្រុងចម្រើនជូនប្រជាជនខ្មែរគ្រប់រូប ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកជំទាវឧកញ៉ា ក៏បានសង្កត់ធ្ងន់ថា លោកជំទាវ នៅចងចាំអំពីការលំបាក និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលដៃម្ខាងខិតខំកសាងសន្តិភាព និងដៃម្ខាងទៀតខិតខំស្តារសេដ្ឋកិច្ចជាតិ។ ក្នុងនាម ជាវិនិយោគិនខ្មែរមួយរូប លោកជំទាវ សូមសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវគុណូបការៈដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្ដេជ្ញាចិត្តមិនចាកឆ្ងាយចោលប្រទេសជាតិទោះក្នុងកាលៈទេសៈណាក៏ដោយ។ វឌ្ឍនៈគ្រុប បានចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការត្រួសត្រាយដើម្បីឱ្យលេចចេញជារូបរាងនូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដ៏ស្រស់បំព្រងមួយនេះ ហើយបានចំណាយអស់ទឹកប្រាក់សរុប ២៥០លានដុល្លាសហរដ្ឋអាមេរិក ហើយនឹងត្រូវវិនិយោគជាបន្តបន្ទាប់ទៀត។
ថ្លែងនៅក្នុងទិវាដ៏មហានក្ខត្តឫក្ស ឧត្ដុង្គឧត្ដមនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍រំភើបលាយឡំជាមួយភាពក្ដុកក្ដួល នៅពេលឃើញវិស័យឯកជនបានរីកចម្រើនធំធាត់ ហើយមិនបំភ្លេចដើមកំណើតរបស់ខ្លួនចេញពីទីណា។ សម្ដេចពិតជាមានមោទនភាព នៅពេលបានឃើញប្រទេសជាតិមានការរីកចម្រើន និងមានវត្តមានអគារខ្ពស់ៗនៅរាជធានីភ្នំពេញដូចជា អគារវឌ្ឍនៈ កាពីតាល។ សម្ដេចបានបន្តទៀតថា ការដាក់សម្ពោធ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជាសមិទ្ធិផលថ្មីសន្លាងមួយទៀតរបស់កម្ពុជាក្រោយការឆ្លងកាត់ដំណាក់កាលដ៍សែនលំបាកជាច្រើនបន្ទាប់ពីប្រទេស ត្រូវបានបំផ្លិចបំផ្លាញ ដោយភ្លើងសង្គ្រាមប្រមាណជាង៣ទសវត្ស ហើយមិនសល់អ្វីសោះក្រោយឆ្នាំ១៩៧៩។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះត្រូវបានស្ថាបនាយ៉ាងល្អិតល្អន់ ដោយរចនាជានិមិត្តរូប “នាគរាជ” ដើម្បីបង្ហាញពីភាពរស់រវើក រឹងមាំខ្លាំងក្លា ភាពរីកចម្រើនជឿនលឿនអស្ចារ្យ និងភាពត្រជាក់ត្រជុំ សុខសន្តិភាពបរិបូរណ៍ក្នុងយុគសម័យសម្តេចតេជោ។ រីឯគូបកញ្ចក់លើគ្រោងអគារ គឺជាតំណាងប្រទេសកម្ពុជា ជាគុជប្រចាំអាស៊ី។ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ប្រកបដោយសក្តានុពលល្អបំផុត មានផ្ទៃក្រឡាសំណង់អគារសរុប ១៣១.០០០ម២ និង មានកម្ពស់ ១៨៧,៣ម៉ែត្រ មានចំនួន ៣៩ ជាន់ គឺជាអគារខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាដែលបង្ហាញអំពីអត្តសញ្ញាណនៃការរស់នៅបែបស៊ីវិល័យ ជួយលើកស្ទួយសោភ័ណភាពទីក្រុង។
ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក វឌ្ឍនៈ គ្រុប គឺជាក្រុមហ៊ុនដែលបង្កើតនូវធុរកិច្ចថ្មីៗ និងសហគមន៍រស់នៅ លំដាប់បទដ្ឋានអន្តរជាតិ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានរចនាប្រកបដោយសិល្បៈដ៏រស់រវើក ហើយបានបំពាក់នូវបរិក្ខាទំនើបៗ ប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ រួមមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃអគារ ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព ការអភិរក្សប្រភពថាមពល និងការការពារទៅលើបរិស្ថាន។ នៅក្នុងឆ្នាំ២០១២ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជាអគារតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកួតឈ្នះពានរង្វាន់មជ្ឈមណ្ឌលពាណិជ្ជកម្មល្អដាច់គេ ក្នុងប្រទេសអាស៊ាន ដែលនេះជាមោទនភាព និងកិត្តិយសដំបូងបំផុតសម្រាប់ប្រជាជាតិខ្មែរ ។ បន្ថែមពីលើនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ក៏ទទួល និងរក្សាបាននូវវិញ្ញាបនបត្រមាស LEED (Leadership in Energy and Environmental Design) ពីសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៦ ដែលទទួលស្គាល់ថាជាអគារមានលក្ខណៈឈានមុខគេលើផ្នែកថាមពល និងបរិស្ថាន ហើយបំពេញគ្រប់លក្ខខណ្ឌបទដ្ឋានបរិស្ថានឥតខ្ចោះ និងឧត្តមានុភាព កម្រិតពិភពលោក។
មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុមុខងារ ដែលជាការអភិវឌ្ឍដំបូងបង្អស់យ៉ាងពិតប្រាកដនៅប្រទេសកម្ពុជា ដោយមានចែកចេញជាផែ្នកសំខាន់ៗដូចជា៖
-ផ្សារទំនើប វឌ្ឍនៈ កាពីតាល – គឺជាផ្សារប្រណិតដំបូងគេលាតសន្ធឹង៣ជាន់ ដែលសំបូរទៅដោយម៉ាកល្បីៗ លំដាប់អន្តរជាតិដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni, និង Stefano Ricci ជាដើម។ បន្ថែមពីនេះ ផ្សារទំនើប វឌ្ឍនៈ កាពីតាល ក៏មានសេវាកម្មផ្សេងៗ ដូចជា៖ ការិយាល័យកណ្តាលធនាគារវឌ្ឍនៈ ដែលផ្តល់សេវាកម្មធនាគារ៧ថៃ្ងក្នុង១សប្តាហ៍ និងសេវាកម្មបង់ប្រាក់ពន្ឋ-អាករគ្រប់ប្រភេទ ព្រមទាំងមានភោជនីយដ្ឋានផ្សេងៗទៀតដូចជា ហាងលក់តែនិងម្ហូប TWG និងហាងអាហារបារាំង Eric Kayser ជាដើម។
-មជ្ឈមណ្ឌលពាណិជ្ជកម្ម – ការិយាល័យកម្រិតខ្ពស់ (Grade A)ផ្តល់ជូននូវទីកន្លែងដ៏មានផាសុខភាព សុវត្ថិភាពខ្ពស់ ហើយមានបែងចែកជាបន្ទប់ប្រណិត ការិយាល័យធំៗ ដែលបំពេញទៅតាមតម្រូវការរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយមានភ្ជាប់ជាមួយនឹងប្រព័ន្ឋគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រព័ន្ធជណ្តើរយន្តទំនើប និងប្រព័ន្ធការពារផ្សេងៗទៀត ។
-មជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រណិតភាព -(Lifestyle Cube) ជាទីតាំងការិយាល័យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទីតាំងគ្លីនិកទន្តសាស្ត្រ Denriche Asia សេវាសម្ពព និងការិយាល័យសំខាន់ផ្សេងៗទៀត។
-សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លំដាប់ផ្កាយ៥ – ចាប់ពីជាន់ទី២៥ ដល់ ជាន់ទី៣៩ បំពាក់ទៅដោយសម្ភារប្រណិតទំនើបៗមានបន្ទប់ស្នាក់នៅសរុបចំនួន១៧៥បន្ទប់ រួមមានបន្ទប់ប្រភេទប្រណិតចំនួន៣៧ ជាមួយទំហំចាប់ពី៥០ ទៅដល់ ២២៥ម៉ែត្រការ៉េ។ លើសពីនេះ ក៏មាន កនែ្លងហាត់ប្រាណ អាងហែលទឹក សាលប្រជុំចំនួន៥ ភោជនីយដ្ឋានចំនួន៥ ប្រភេទផ្សេងៗគ្នាចាប់ពីជាន់ទី ៣៥ ដល់ជាន់ទី៣៩ ដែលមានដូចជា៖
Brasserie Louis (ជាន់ទី៣៥): ផ្តល់ជូននូវម្ហូបបែបបារាំង និងខ្មែរ សម្រាប់អាហារពេលព្រឹក ថៃ្ងត្រង់ និងពេលល្ងាច
The Living Room (ជាន់ទី៣៥): ផ្តល់ជូនអាហារពេលព្រឹក និងអាហារសម្រន់បែបប្រណិតសម្រាប់ពេលរសៀល និង ពេលល្ងាច រួមនឹងកាហ្វេ តែ និងនំផ្សេងៗ។
Iza (ជាន់ទី៣៧): ម្ហូបបែបជប៉ុន Izakaya ផ្តល់ជូននូវអាហារថ្ងៃត្រង់ និងពេលល្ងាច ដែលមានបង្ហាញស្នាដៃចុងភៅផ្ទាល់ៗ និងស្រាជប៉ុនដ៏សំបូរបែប ។
Sora (ជាន់ទី ៣៧): ជាបារលំហមេឃសម្រាប់លំហែកាយនាពេលរាត្រី ដែលមានទីតាំងនៅជម្រាលខ្នងអគារ ដែលផ្តល់ជូនសេវាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥ល្ងាច រហូតដល់យប់។
Cuts (ជាន់ទី៣៨): ជាភោជនីយដ្ឋានដែលផ្តល់ជូនប្រភេទសាច់គោ និងគ្រឿងសមុទ្រ ដែលមានគុណភាពខ្ពស់ និងជាភោជនីយដ្ឋានដែលស្ថិតនៅទីតាំងខ្ពស់ជាងគេក្នុងសណ្ឋាគារ ជាពិសេសគឺនៅពេលទទួលទានអាហារថ្ងៃត្រង់ និងពេលល្ងាចអាចមើលទេសភាពនៅបរិវេណជុំវិញរាជធានីភ្នំពេញផងដែរ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដែលជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជា មានផ្ដល់ជូនលោកអ្នកនូវសេវាកម្មដ៏ល្អឥតខ្ចោះ និងទំនិញម៉ាកប្រណិតល្បីៗ ព្រមទាំងផ្ដល់ជូននូវបទពិសោធន៍នៃរចនាបទរស់នៅបែបស៊ីវីល័យ។សូមអញ្ជើញសាធារណជនទាំងអស់គ្នា ចូលរួមទទួលយកបទពិសោធន៍ថ្មីៗនូវការផ្តល់ជូនដ៏អស្ចារ្យជាងគេពី មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះមុនី្នវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមអញ្ជើញចូលទស្សនាគេហទំព័រតាមរយៈ https://www.vattanaccapital.com/
លេខទូរស័ព្ទទំនាក់ទំនងមជ្ឈមណ្ឌលពាណិជ្ជកម្ម +855 (0)23 938 888
លេខទូរស័ព្ទទំនាក់ទំនងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ +855 (0)23 936 888