នេះជារឿងពិត មិនប្រឌិត ឬក៏សម្តែងឡើយ គ្រាដែលស្រ្តីជាអ្នកលក់បន្លែបោះដុំម្នាក់នៅបាត់ដំបង បានសម្រេចចិត្តយកក្រដាសរូបអ្នកជំពាក់លុយ២នាក់ មកដុត «សែនទទ្ទិសជូន» កណ្តាលផ្លូវ ដោយមិនដឹងជានៅរស់ ឬក៏ស្តាប់ ព្រោះខលទៅមិនលើក ឆាតក៏មិនមិនការឆ្លើយតប ខណៈម្នាក់ៗជំពាក់បំណុលថ្លៃបន្លែសរុបរហូតដល់ជាង ៣០ លានរៀល។
នេះបើតាមស្រ្តីជាម្ចាស់បំណុល ដែលគណនីហ្វេសប៊ុកឈ្មោះ «អា ណែត» បានបង្ហោះវីដេអូពីសកម្មភាពដុតរូប និងភ្ជាប់សារគួរឲ្យភ្ញាក់ផ្អើលថា៖ «ជូនចំពោះបងស្រីទាំងពីរ ក្នុងឳកាសបុណ្យភ្ជំបិណ្ឌនេះ ជួយស៊ែផង ក្រែងលគាត់នៅរស់បានឃើញ តែបើងាប់ហើយក៏សូមអោយមេឃដីដឹងលឺ ខ្ញុំបានដុតឧន្ទិសជូនហើយ នូវចំនួនទឹកលុយដែលពួកអ្នកឯងជំពាក់ខ្ញុំ»។
ម្ចាស់បំណុលខាងលើ ក៏បានឲ្យដឹងថា ស្រ្តី២នាក់ដែលជំពាក់លុយថ្លៃបន្លែរបស់គាត់ ដែលសព្វថ្ងៃកំពុងលក់ដូរនៅផ្សារនាគមាស ក្នុងនោះម្នាក់ឈ្មោះ ចែណា (លក់បន្លែគ្រប់មុខ) ជំពាក់ចំនួនទឹកប្រាក់ ១៣,៤៧៦០០០ រៀល និងម្នាក់ទៀតឈ្មោះ ចែធា ចំនួនទឹកប្រាក់ ១៦,៦៤៦០០០ រៀល។
ជាមួយគ្នានេះផងដែរ ស្រ្តីជាម្ចាស់បំណុល ក៏បានព្រមានទៅដល់អ្នកជំពាក់លុយថ្លៃបន្លែរបស់គាត់ដទៃទៀត ឲ្យដឹងថា «លុយខ្ញុំ កំលាំងញើសឈាមប្តីប្រពន្ធខ្ញុំ អ្នកលក់នៅបាត់ដំបងផ្សាភូពុយ អ្នកចង់សង ខ្ញុំទុកឪកាស ទុកពេលអោយ មិនថាតិចឬច្រើន ខ្ញុំទទួលយកទាំងអស់ តែបើជំពាក់ហើយមិនគិតគូរសង អ្នកក្រោយអាចជាអ្នក…»។
តែដោយឡែក នៅពេលមានគេសួរថា ហេតុអ្វីបានជាចាំបាច់ធ្វើចឹង តើបានអីមកវិញ ម៉េចក៏មិនរកផ្លូវច្បាប់ ប្តឹងទៅ! ស្រ្តីម្ចាស់បំណុលខាងលើ ក៏បានប្រាប់បែបនេះថា «ផ្លូវច្បាប់? ប្តឹងហើយបានលុយ100%ទេ ហើយបើមិនបានលុយ ខាតពេល ខាតទាំងលុយប្តឹងទៀត លុយអ្នកណាមិនចង់បាន តែប្រើគ្រប់វិធីអស់ហើយ មែនសុខៗគេធ្វើចឹងទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










