នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង ខណៈស្រីស្អាតជាអ្នកលក់អនឡាញដ៏ល្បីមួយរូប និងត្រូវបានគេស្គាល់ថា ជាបេក្ខភាពប្រឡងចម្រៀង Beat The Best បានស្រែកដង្ហើយរកយុត្តិធម៌ ដោយបានអះអាងថា ខ្លួនត្រូវក្រុមសន្តិសុខ edm3 ព្រួតបៀតបៀនកេរ្តិ៍ខ្មាស នៅពេលរូបនាងផឹកស្រវឹងចូលបន្ទប់ទឹក។
ស្រីស្អាតរូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Linda Ly ចេញវីដេអូទម្លាយរឿងរ៉ាវនេះ រៀបរាប់ឲ្យដឹងថា រូបនាង និងបងស្រី បានចូលក្លឹប edm3 ចំនួន២លើកហើយ ប៉ុន្តែ ចូលលើកនេះ នាងបែរជាជួបរឿងដ៏អាក្រក់ និងអាម៉ាសខ្លាំងបំផុត ដោយត្រូវរងការបៀតបៀន ពីក្រុមសន្តិសុខ ខណៈចូលបន្ទប់ទឹក។
អ្នកលក់អនឡាញរូបនេះ បានរៀបរាប់ឲ្យដឹងថា រូបនាងបានផឹក ABC អស់ច្រើនកំប៉ុង រហូតដល់ជិតម៉ោង ៣ ភ្លឺ ហើយដោយសារតែស្រវឹងជោគជាំ ខ្លួនក៏បានចូលទៅបន្ធូរអារម្មណ៍នៅក្នុងបន្ទប់ទឹក។ ប៉ុន្តែ ខណៈកំពុងស្ថិតក្នុងនោះប្រហែលជិតកន្លះម៉ោង ក៏ស្រាប់តែបុក្គលិកប្រុសៗ ទម្លុះទ្វាចូលបន្ទប់ទឹករបស់នាងទាំងកម្រោល ទាំងដែលនាងកំពុងស្ថិតនៅក្នុងស្ថានភាពបះដៃប៉ះជើងលេចកេរ្តិ៍ខ្មាស។
ស្រីស្អាតរូបនេះ ក៏បានអះអាងថា មិនត្រឹមតែប៉ុណ្ណឹង ពួកក្រុមសន្តិសុខបួនដប់នាក់ទាំងនោះ បានចាប់លើក លាត់សើយសំពត់ខូវប៊យខើចខ្លី បៀតបៀនកេរ្តិ៍ខ្មាសរបស់នាង រហូតដល់ខាងក្រៅក្លឹប និងបានអះអាងថា ពួកគេបានយកទូរស័ព្ទរបស់នាង និងលុបវីដេអូ ពីសកម្មភាពប្រព្រឹត្តរបស់ពួកគេ ដែលនាងថតបានទៀតផង។
តែទោះជាយ៉ាងណា ដោយសារតែគ្មានវីដេអូភស្តុតាង ដើម្បីធ្វើការចោទប្រកាន់ទៅលើក្រុមសន្តិសុខទាំងនោះ ស្រីស្អាតរូបនេះ បានត្រឹមស្រែកដង្ហើយរកយុត្តិធម៌ទាំងកំហឹងឈឺចាប់ និងប្រកាសជូនលុយចំនួន ១ ម៉ឺនដុល្លារ ចំពោះអ្នកដែលបានឃើញ និងថតបានពីហេតុការណ៍នៅពេលនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង