ធ្លាប់មើល Hereditary ទេ? ប្រសិនបើអ្នកធ្លាប់ ឬសូម្បីតែអ្នកមិនធ្លាប់ក៏ដោយ ក៏អ្នកគួរតែដឹងច្បាស់ថា វាពិតជាមានគ្រោះថ្នាក់ណាស់ ក្នុងការយករាងកាយរបស់អ្នកចេញពីបង្អួចរថយន្តដែលកំពុងផ្លាស់ទីបែបនេះ។
ជាក់ស្តែង ស្ត្រីបរទេសម្នាក់នៅកោះបាលី បានបង្កឲ្យមានការរិះគន់ និងស្អប់ជាខ្លាំង ពីចំណោមប្រជាអុីនធើរណែតឥណ្ឌូនេសុីបន្ទាប់ពីបានឃើញវីដេអូ ស្រីបរទេសរូបនេះ បានធ្វើរឿងដ៏ព្រហើននឹងគ្រោះថ្នាក់ដោយមិនត្រឹមតែដាក់ក្បាលនៅខាងក្រៅបង្អួចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចេញពាក់កណ្ដាលខ្លួន អង្គុយនៅលើកញ្ចក់រថយន្តបើកចំហ ជាមួយសកម្មភាពរេរាំ និងកាយវិការលើកដៃបែបរវើរវាយប្រៀបដូចមនុស្សបែកថ្នាំអុីចឹង។
ឃ្លីបនេះបានរីករាលដាល បន្ទាប់ពីត្រូវបានចែករំលែកដោយគណនី Instagram សហគមន៍ជាច្រើន ជាមួយនឹងការពិពណ៌នាថា វាត្រូវបានថតថ្មីៗនេះនៅ Karangasem ។ តាមរយៈរូបភាពជាក់ស្តែង នោះទង្វើដ៏អាក្រក់របស់នាង គឺពុំត្រឹមតែអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវផ្សេងទៀតផងដែរ។
មតិអ្នកខមិនភាគច្រើនពិតមានការងឿងឆ្ងល់ចំពោះហេតុការណ៍នេះ ដោយអ្នកខ្លះហៅជនបរទេសនោះថា «សំរាម» ឬ «មនុស្សកាកសង្គម» និងព្រមទាំងទាមទារឱ្យអាជ្ញាធរនិរទេសនាង និងក្រុមរបស់នាងចេញទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





