Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមហិរញ្ញវត្ថុ ៣ បង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

spot_img

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា កាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងសមាគមទាំងបី ដើម្បីលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងការលើកកម្ពស់ប្រព័ន្ធអេកូ-បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាសម្រាប់ការធ្វើធុរកិច្ចក្នុងវិស័យធនា​គារ និងហិរញ្ញវត្ថុ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាតឹកតាងបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់សមាគមទាំងបី ក្នុងការលើកកម្ពស់បន្ថែមទៀតលើការអភិវឌ្ឍក្របខណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការអនុវត្តបច្ចេកវិទ្យា និងការធ្វើបរិវត្តិកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និង រដ្ឋាភិបាលឌីជីថល។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាមានប្រសាសន៍ថា៖«យើងចង់បញ្ជាក់ថា ឌីជីថលូនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺនៅជុំវិញអតិថិជនរបស់យើង។ ឧស្សាហកម្មហិរញ្ញវត្ថុគឺឧស្សាហកម្មបម្រើដល់ប្រជាជន (people-centric industry) ហើយសេវាហិរញ្ញវត្ថុ គឺជាសេវាចាំបាច់ដំបូងគេ។  ដើម្បីពង្រឹងប្រព័ន្ធ និងដើម្បីធានាថាសេវាហិរញ្ញវត្ថុបានទៅដល់ប្រជាជនកម្ពុជាគឺមានសារៈសំខាន់ណាស់ សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនិងសេដ្ឋកិច្ច។

គួរបញ្ជាក់ដែរថា អនុស្សរណៈយោគយល់គ្នាទាំងបីភាគីនេះ និងក្លាយជានិមត្តិសញ្ញានៃការបន្តការប្តេជ្ញាចិត្តរវាងសមាគមទាំងបីទៅក្នុងវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះមានរបៀបវារៈសំខាន់ៗរួមមាន៖ ការសហការដើម្បីបម្រើដល់ដៃគូនៅក្នុងឧស្សាហកម្ម ចំពោះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សហគមន៍ធុរកិច្ចបង្កើតថ្មីនៅកម្ពុជា, ចូលរួមអនុវត្តនិងតាមដាននូវការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ  និងការសហការរួមគ្នាលើសកម្មភាពនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការកសាងសមត្ថភាព។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះថា៖«ខ្ញុំបាទជឿជាក់ថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជាឱកាសសម្រាប់អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត។

លោក ប៉ិល រ៉េម៉ីស៊ីសុផុន ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា មានប្រសាសន៍ថា៖ «អនុស្សរណៈយោគយល់គ្នានេះគឺជាស្មារតីនៃកិច្ចសហការ ដែលជាកម្លាំងចលករ និងមាគ៌ាដ៏ត្រឹមត្រូវសម្រាប់សមាគមទាំងបី ដើម្បីរួមកម្លាំងគ្នាឱ្យកាន់តែរឹងមាំ ក្នុងការដោះស្រាយបញ្ហាតាមវិស័យ ដោយលើកកម្ពស់ការយល់ដឹង ការអប់រំ និងសំខាន់បំផុតការបង្កើតថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​យើងកំពុងជួបប្រទះ និង​បង្ហាញថា​យើង​មិន​ប្រឈម​មុខ​​តែ​ម្នាក់​ឯងទេ»។»

មានប្រសាសន៍អបអរសាទរ នៅក្នុងពិធីចុះហត្ថលេខាខាងលើ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា  បានអបអរសាទរចំពោះសមាគមទាំងបី ដែលបានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នានេះ។ លោកបញ្ជាក់ថា វាជាព្រឹត្តិការណ៍ដ៏សំខាន់ និងសមិទ្ធិផលសម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល។

លោក គិត សុវណ្ណារិទ្ធ បានមានប្រសាសន៍បន្ថែមថា  អនុស្សរណៈយោគយល់គ្នា រវាងសមាគមទាំងបី ក៏បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។

លោក អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានបន្ថែមថា តួនាទីរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅក្នុងឧស្សាហកម្មធនាគារបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ដូចជាកាតទូទាត់និម្មិត បច្ចេកវិទ្យា contactless ការទូទាត់តាមទូរសព្ទដៃ ការទូទាត់ QR Code និងការវាយតម្លៃឥណទានតាមអនឡាញជាដើម។ ដូច្នេះជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ យើងជឿជាក់ថានឹងផ្តល់នូវភាពងាយស្រួល តម្លៃសមរម្យ លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាស​ធុនតូច និងមធ្យម និងប្រជាជនដែលពីមុន មិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ”៕

spot_img
×