កាមេរ៉ាសុវត្ថិភាពផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវ បានកត់ត្រាហេតុការណ៍ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយ នៅពេលដែលម៉ូតូឆេះភ្លាមៗ ខណៈកំពុងធ្វើដំណើរតាមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ១៦ នាទីល្ងាចថ្ងៃទី៨ ខែកញ្ញា នៅផ្លូវ Tan Thoi Nhi សង្កាត់ Hoc Mon ក្រុងហូជីមិញ ។
បើតាមប្រភពបានឲ្យដឹងថា លុះមកដល់ចំណុចកើតហេតុខាងលើ នារីម្នាក់ដែលកំពុងបើកម៉ូតូសុខៗ ស្រាប់តែម៉ូតូផ្ទុះឆេះ ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញផ្លូវតែម្តង។ ពេលឃើញស្ថានភាពគ្រោះថ្នាក់បែបនេះ នារីអ្នកបើកបរ ពិតជាមានការតក់ស្លុតជាខ្លាំងប៉ុន្តែ នាងបានផ្តួលម៉ូតូចោល និងរត់ចេញភ្លាមៗទៅកាន់ចិញ្ចើមផ្លូវដើម្បីគេចពីគ្រោះថ្នាក់។
ក្រោយមក គេក៏បានឃើញមានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ នាំគ្នាចេញមកជួយសង្គ្រោះភ្លាមៗ ដោយបានពន្លត់ភ្លើងត្រឹមតែ១នាទីប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ដោយសារម៉ូតូឆេះរងការខូចខាតយ៉ាងដំណំ នារីរូបនោះបានជួលកង់បីដឹកម៉ូតូទៅផ្ទះ ដើម្បីយកទៅជួសជុល។
ឃ្លីបនេះបានទាក់ទាញអ្នកចូលមើលជាង ៣ លានដង ភ្លាមៗនៅពេលចែករំលែកនៅឯវេទិកាចរាចរណ៍នៅលើបណ្តាញសង្គម។ ស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ បានធ្វើឱ្យបេះដូងអ្នកទស្សនាលោតញាប់ញ័រ ខណៈពេលដែលក៏បានសរសើរ ចំពោះការឆ្លើយតបភ្លាមៗរបស់នារីអ្នកបើកបរដែលបានជួយសង្គ្រោះខ្លួនឯងទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










