តាមការព្យាករណ៍របស់មជ្ឈមណ្ឌលជលសាស្ត្រនោះខេត្តភាគខាងជើង នៃប្រទេសវៀតណាមនឹងមានភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល៤ថ្ងៃ។
ដោយឡែក នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី២០ ខែកញ្ញា នេះ នៅទីក្រុងហាណូយ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង និងផ្គររន្ទះជាទ្រង់ទ្រាយធំតែម្តង។ ហើយថ្វីត្បិតតែភ្លៀងធ្លាក់ត្រឹមតែ ៣០ នាទីក៏ដោយ ប៉ុន្តែបរិមាណទឹកដ៏ច្រើន បានធ្វើឱ្យផ្លូវជាច្រើនក្នុងទីក្រុងនេះ ត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ។
ភ្លៀងធ្លាក់ដ៏គំហុក អមដោយខ្យល់បក់ខ្លាំងបានបំផ្លាញដើមឈើជាច្រើននៅតាមផ្លូវ ។ រូបភាព និងឃ្លីបភ្លៀងធ្លាក់ខ្លាំង ត្រូវបានចែករំលែកជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមជាច្រើន។ ក្នុងនោះ តំបន់មួយចំនួន មានករណីដើមឈើរលើងប្ញស រលំកិនលើម៉ូតូអ្នកធ្វើដំណើរ និងរថយន្តដែលចតនៅចិញ្ចើមផ្លូវ។
ជាក់ស្តែង ដើមឈើមួយដើមនៅផ្លូវ Hoang Dao Thuy ស្រុក Cau Giay ទីក្រុងហាណូយ ត្រូវបានរលំ សង្កត់លើរថយន្តពណ៌ខ្មៅមួយគ្រឿងដែលចតនៅចិញ្ចើមផ្លូវ។ នៅកន្លែងកើតហេតុ ដើមឈើបានបិទផ្លូវ បង្កការលំបាកដល់យានយន្តធ្វើដំណើរ ។ អ្នកប្រើប្រាស់ផ្លូវជាច្រើនត្រូវបត់ក្រោយ ដើម្បីស្វែងរកផ្លូវផ្សេងធ្វើដំណើរ។
យោងតាមការជូនដំណឹងរបស់មជ្ឈមណ្ឌលជលសាស្ត្រជាតិ បានឲ្យដឹងថា ប្រមាណ ៣ ម៉ោង នៅទីក្រុងហាណូយ និងតំបន់ជុំវិញ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ជាមួយនឹងបរិមាណទឹកភ្លៀងសរុបក្នុងរង្វង់ពីកម្រិត ៣០-៥០ មីលីម៉ែត្រ ដោយកន្លែងខ្លះមានកម្រិត ៨០ មីលីម៉ែត្រ។ ជំនន់ទឹកភ្លៀង បានជន់លិចផ្លូវជាច្រើនដែលមានជម្រៅរួមពី ២០-៣០ សង់ទីម៉ែត្រ ផ្លូវខ្លះអាចលិចទឹកជម្រៅ ៣០-៥០ សង់ទីម៉ែត្រ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





