Valery Polyakov ជាអវកាសយានិករុស្ស៊ី ដែលបានបង្កើតកំណត់ត្រា សម្រាប់ការស្នាក់នៅក្នុងលំហអាកាសយូរបំផុត បានទទួលមរណភាពក្នុងអាយុ ៨០ ឆ្នាំ។
Valery Polyakov បានចំណាយពេល ៤៣៧ ថ្ងៃ (ពីខែមករា ១៩៩៤ ដល់ខែមីនា ១៩៩៥) នៅលើស្ថានីយ៍អវកាស Mir ។ គាត់បានហោះជុំវិញផែនដីជាង ៧,០០០ ដង មុនពេលត្រលប់មកដីវិញ។
Polyakov ត្រូវបានបណ្តុះបណ្តាលជាវេជ្ជបណ្ឌិត ហើយចង់បង្ហាញថា រាងកាយមនុស្សអាចស៊ូទ្រាំនឹងពេលវេលាយូរនៅក្នុងលំហ។
នៅពេលចុះចត លោក Polyakov បានបដិសេធមិនឲ្យគេយកចេញពីបន្ទប់យានអាកាស Soyuz ទេ ដើម្បីអនុញ្ញាតឱ្យមានការកែតម្រូវលើទំនាញផែនដី។ គាត់ត្រូវបានគេជួយឱ្យឡើងចេញ ប៉ុន្តែ អាចដើរទៅកាន់កៅអីក្បែរនោះ ហើយបន្ទាប់មកឡើងរថយន្តដឹកជញ្ជូនដោយខ្លួនឯង។
មុននោះ គាត់បានចំណាយពេលប្រាំបីខែនៅក្នុងលំហក្នុងបេសកកម្មមួយពីខែសីហា ឆ្នាំ ១៩៨៨ ដល់ខែមេសា ឆ្នាំ ១៩៨៩ ។
Valery Polyakov បានទទួលរង្វាន់ និងមេដាយជាច្រើន សម្រាប់ការបម្រើរបស់គាត់ ទៅកាន់កម្មវិធីអវកាសរបស់អតីតសហភាពសូវៀត និងរុស្ស៊ី រួមទាំងងារជាវីរៈបុរសនៃសហភាពសូវៀត និងវីរៈបុរសនៃសហព័ន្ធរុស្ស៊ី ដែលបានទទួលបញ្ជារបស់លេនីន។
ទីភ្នាក់ងារអវកាសសហព័ន្ធរុស្ស៊ី (Roscosmos) បានប្រកាសពីការស្លាប់របស់អតីតអវកាសយានិកនេះ នៅថ្ងៃទី១៩ ខែកញ្ញា។
យោងតាមកាសែត The Moscow Times , Roscosmos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស្រាវជ្រាវរបស់គាត់ បានជួយបង្ហាញថា រាងកាយមនុស្សត្រៀមខ្លួនជាស្រេច ក្នុងការធ្វើដំណើរមិនត្រឹមតែទៅកាន់គន្លងផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលទៅក្នុងលំហដ៏ជ្រៅផងដែរ”។
សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីមូលហេតុដែលគាត់ស្លាប់នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


