Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​បញ្ចេញ​ប៉ូលី​ស​ផ្លូវជាតិ​លេខ៣ (ចំណុច​ផ្សារ​អង្គតាសោ​ម ផ្លូវបត់​មក​ទីរួមខេត្ត​តាកែវ) ផាក​យក​លុយ​មិន​ខ្​វល់ «ច្បាប់​ថ្មី» ហួស​គំនូស​សញ្ញា ១០ ម៉ឺន​ណា ពិសេស​សំ​ដី​ប៉ូលី​សស្រី…!

spot_img

ដូចដែលមហាជននៅក្នុងបណ្តាញសង្គម បានទទួលជ្រាបរួចហើយ ចំពោះច្បាប់ផាកពិន័យចរាចរណ៍ផ្លូវគោកថ្មី ដែលបានកែតម្រូវដាក់ឲ្យអនុវត្តកាលពេលកន្លងទៅនេះ ដោយកាត់ចេញបទល្មើសលក្ខណៈស្រាលមួយចំនួន មកអនុវត្តត្រឹមការអប់រំវិញប៉ុណ្ណោះ។

ក្នុងនោះ សម្រាប់បទល្មើសរថយន្ត ដែលមាន ៩ ចំណុច គឺច្បាប់តម្រូវឲ្យប៉ូលីសចរាចរ ធ្វើការផាកពិន័យតែ ៤ ចំណុច ប៉ុណ្ណោះ ទាក់ទងករណី (បើកលើសល្បឿន, បើកបរស្រវឹង, គ្មានបណ្ណបើកបរ, គ្មានបណ្ណសំគាល់ គ្មានផ្លាកលេខ) និងក្រៅពីបទល្មើសទាំងនេះដូចករណី (បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា, បើកបរវ៉ាជែង, បើកបរមិនពាក់ខ្សែក្រវ៉ាត់, ដឹកលើសចំណុះ, ការប្រើប្រាស់ទូរស័ព្ទ) គឺមិនត្រូវបានធ្វើការផាកពិន័យនោះទេ ដោយតម្រូវឲ្យប៉ូលីសធ្វើការអប់រំទៅដល់ប្រជាពលរដ្ឋ។

ដោយឡែក សម្រាប់បទល្មើសម៉ូតូវិញ ដែលមាន ៧ ចំណុច គឺច្បាប់តម្រូវឲ្យប៉ូលីសចរាចរ ធ្វើការផាកពិន័យតែ ៣ ចំណុច ក្នុងនោះ (មិនពាក់មួកសុវត្ថិភាព, បើកបរស្រវឹង, អត់ស្លាកលេខ) និងក្រៅពីនេះ គឺប៉ូលីសចរាចរ ត្រូវធ្វើការអប់រំដូចគ្នាទៅនឹងរថយន្តដែរ។

តែទោះជាយ៉ាងណា បើតាមប្រជាបលរដ្ឋបានជួបផ្ទាល់ និងក៏ដូចបញ្ចេញឲ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក គឺធាតុពិត ប៉ូលីសចរាចរខូចមួយចំនួន ពុំបានធ្វើតាមច្បាប់ថ្មីដែលបានដាក់ចេញខាងលើនោះទេ ដោយនៅតែធ្វើការផាកយកលុយពីប្រជាពលរដ្ឋ​ដដែល ដោយគ្មានការលើកលែងចំណុចណាមួយនោះឡើយ។

ជាក់ស្តែង ថ្មីៗនេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Seth Sinoeurn បានបញ្ចេញករណីប៉ូលិសនៅចំណុចផ្លូវជាតិលេខ៣ បានធ្វើផ្ទុយពីច្បាប់ទាំងស្រុង ដោយបានរៀបរាប់ឲ្យដឹងថា៖ «បងប្អូនសុំមានការប្រុងប្រយ័ត្ននៅចំណុចផ្លូវជាតិលេខ 3 នៅចំណុចផ្សារអង្គតាសោម ផ្លូវបត់មកទីរួមខេត្តតាកែវ មានប៉ូលីសផាកពិន័យជាលុយមិនមានការអប់រំ។ ហួសគំនូសសញ្ញាផាក់ពិន័យ 10 ម៉ឺន ។ ជិះលើសចំនួន (បីនាក់)6 ម៉ឺន ជិះម៉ូតូមានមួកមិនពាក់ខ្សែការពារ 10មុឺន» ។

គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ប៉ូលិសទាំងនោះ បានហាមមិនឱ្យប្រជាពលរដ្ឋថតរូប និងប្តឹងប្រជាពលរដ្ឋវិញពីបទថតប៉ូលីសផាក់ពិន័យ និងព្រមទាំងដកហូតទូរសព្ទរបស់គាត់យកទៅលុបរូបភាពចេញទៀតផង។ ប៉ុន្តែ ដោយសារតែប៉ូលីសស្រីម្នាក់នោះបានលុប តែភ្លេច​ Clear ក្នុងធុងសំរាម រូបភាពក៏ត្រូវបាន Restore យកមកបង្ហាញឲ្យឃើញបែបនេះ។ ជាមួយគ្នានេះផងដែរ គេក៏បានរិះគន់ប៉ូលីសស្រីរូបនោះថាបានប្រើប្រាស់ពាក្យសម្តីដាក់ប្រជាពលរដ្ឋដ៏អសុរស គ្មានក្រមសីលធម៌ជាអ្នកអនុវត្តច្បាប់សោះឡើយ។

ទាក់ទងករណីនេះផងដែរ ប្រជាពលរដ្ឋ ក៏បានទទួចឲ្យច្បាប់ចរាចរណ៍ផ្លូវគោក មេត្តាជួយកែសម្រួលឡើងវិញផង រឿងប្រជាពលរដ្ឋជិះម៉ូតូ ៣ នាក់ (ដែលក្នុងច្បាប់ផ្ទុកលើសចំណុះឲ្យអប់រំ) ក៏ប៉ូលីសផាកយកលុយដែរ ដោយពួកគាត់បានលើកហេតុផលថា «សុំអង្វរ អាពេលជិះ៣នាក់ហ្នឹង លើកលែងបានអត់ បើអ្នកខ្លះគ្នាអត់ មានតែម៉ូតូមួយហ្នឹង ឲ្យធ្វើម៉េច?»។

តែទោះជាយ៉ាងណា ក៏សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ដើម្បីអាយុជីវិត សុខសុវត្ថិភាពខ្លួនយើងប៉ុណ្ណោះ ហើយក៏សូមប៉ូលីសចរាចរ ត្រូវអនុវត្តទៅតាមច្បាប់ដែលបានដាក់ចេញឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វើបំពាន ដែលនាំឲ្យប្រជាពលរដ្ឋក្តៅក្រហាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×