ថ្មីៗនេះ មានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ទាក់ទងនាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប លោក អេង សុភាព ត្រូវបានជនរងគ្រោះម្នាក់ ប្តឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងករណីចេញ «សែកស្អុយ» ដែលមានទំហំទឹកប្រាក់រហូតទៅដល់ចំនួន ១០ មុឺនដុល្លារ។
នេះបើយោងតាមលិខិតកោះហៅលើកទី១ របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះដែលឈ្មោះ ស៊ន សម្បត្តិ បានមកដាក់ពាក្យប្តឹងលោក អេង សុភាព ពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។
លោកឧសេនីយ៍ត្រី ផាន់ តារាវុធ មេបញ្ញាការរង និងជាមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ដើម្បីឆ្លើយតបតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកបានចេញលិខិតកោះហៅនេះ ដើម្បីឲ្យឈ្មោះ អេង សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ សាសនាព្រះពុទ្ធមានទីលំនៅបច្ចុប្បន្នផ្ទះ១៥២អឺ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរៈ នាយកក្រុម ហ៊ុន ប៊ី វា៉យ ជី វើលវ៉ាដ៍គ្រុប ចូលមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលមកបំភ្លឺជុំវិញបញ្ហានេះ។ ហើយសាម៉ីខ្លួនត្រូវចូលមកឲ្យទាន់ពេលវេលា និងយកមកជាមួយនូវលិខិតស្នាមផ្សេងៗដែលទាក់ទិនក្នុងករណីខាងលើ ប្រសិនបើមាន។
ជុំវិញរឿងនេះ លោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ឆ្លើយប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ តាមប្រពន្ធសារ Telegram ថា៖ «បាទបង ខ្ញំបានចេញសែកមួយសន្លឹក ដើម្បីធានាការទូទាត់ជូនគាត់មែន តែដោយសាខ្ញុំបង្វិលប្រាក់មិនទាន់ ខ្ញុំបានសុំពន្យាទៅទូទាត់ជូនគាត់នៅថ្ងៃព្រហស្បតិ៍ ទី២៩ វិញ បង បើមានខុសទាស់យ៉ាងណា ជាមួយខាងបង សូមបងមេត្តាយោគយល់ និង អធ្យាស្រ័យផង»។
តែទោះជាយ៉ាងណា ដើមបណ្ដឹងបានបញ្ជាក់ឲ្យដឹងថា ការសន្យារបស់លោក អេង សុភាព គឺកើតមានជាញឹកញាប់ ប៉ុន្តែគាត់មិនបានគោរពតាមកំណត់នោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




