ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេសម្ចាស់ជំនួយទាំងអស់ បានចាត់ ទុកប្រទេសកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលផលិតផល ក្នុងស្រុកសរុប សម្រាប់ប្រជាជនកម្ពុជាម្នាក់ៗមានចំនួនលើសពី១ពាន់ដុល្លារដូច្នេះទើបបានជាអង្គការ និងម្ចាស់ជំនួយភាគច្រើន បានបញ្ឈប់ និងមួយចំនួនបានកាត់បន្ថយជំនួយ របស់ខ្លួនមកកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅ កម្ពុជាឆ្នាំ២០១៩ កាលពីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាបានជ្រាប ហើយថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ នៅប្រទេសកម្ពុជាយើង មានចំនួនលើសពីមួយពាន់ដុល្លារហើយ ដូច្នេះអង្គការ និងម្ចាស់ជំនួយទាំងអស់គេ បានចាត់ទុកប្រទេសកម្ពុជា យើងជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដូច្នេះហើយអង្គការ និងម្ចាស់ជំនួយភាគច្រើនបានបញ្ឈប់ និងមួយចំនួនបានកាត់បន្ថយជំនួយរបស់ខ្លួនមកប្រទេសកម្ពុជាយើង”។
សម្ដេចក្រឡាហោមបានបន្ថែមថា តាមរយៈទិន្នន័យនៃការធ្វើជំរឿននៅក្នុងប្រទេស នឹងផ្ដល់ជាប្រភព គ្រប់ជ្រុងជ្រោយទាក់ទងនឹងប្រជាជនចរិតលក្ខណៈភូមិសាស្ដ្រ សេដ្ឋកិច្ច សង្គមកិច្ច ដែលអាចផ្ដល់ ជាអត្ដសញ្ញាណសំខាន់សម្រាប់លក្ខខណ្ឌសេដ្ឋកិច្ច របស់ប្រជាជនកម្ពុជា ព្រមទាំងការប្រើប្រាស់ជាមូល ដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ ការត្រួតពិនិត្យវាយតម្លៃលើការអនុវត្ដផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ។
ក្នុងកិច្ចប្រជុំលើកទី១នេះ សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការរៀបចំតម្រឹមថវិកាឲ្យនៅក្នុងកម្រិតមួយដែលជាថវិកា របស់រាជរដ្ឋាភិបាល អាចផ្គត់ផ្គង់ បានតាមនីតិវិធីផ្សេងៗ ដែលបានកំណត់ ៕ ដោយ៖បញ្ញាស័ក្តិ